​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ ក្រោយ​ការប្រកួត​ក្របខ័ណ្ឌ UEFA Champions League, UEFA Europa League និង UEFA Conference League​កាល​ពី​ពាក់​​កណ្តាល​សប្តាហ៍​បានបញ្ចប់ ការប្រកួត​លី​ក​ក្នុងស្រុក​នៅ​អង់គ្លេស អ៊ីតាលី បារាំង អាល្លឺម៉ង់ និង​អេ​ស្ប៉ាញ​វិលត្រឡប់​មក​វិញ​នៅ​ចុង​សប្តាហ៍​នេះ​។

​ថ្ងៃ​សៅរ៍​និង​អាទិត្យ​នេះ​មាន​ការប្រកួត​គូ​ធំៗ​ជាច្រើន​នៅ​លី​ក​កំពូល​ទាំង ៥ របស់​អឺរ៉ុប ប៉ុន្តែ​គូ​គួរឱ្យ​ចាប់អារម្មណ៍​ជាងគេ​គឺ​លេង​នៅ​ថ្ងៃអាទិត្យ​នៅ​អង់គ្លេស រវាង Chelsea និង Man U ដែល​មជ្ឈដ្ឋាន​ទូទៅ​មើលឃើញថា ជា​ការប្រកួត​តានតឹង​ត្បិត​បិសាច​ក្រហម​ទើប​បណ្តេញ​គ្រូបង្វឹក​ចោល​ក្តី​។

​គូ​ល្អមើល​ដទៃទៀត​រួម​មាន​ជំនួប​រវាង Juventus vs Atalanta (​ថ្ងៃ​សៅរ៍​), Napoli vs Lazio (​ថ្ងៃអាទិត្យ​), Wolfsburg vs Dortmund (​ថ្ងៃ​សៅរ៍​), RB Leipzig vs Leverkusen (​ថ្ងៃអាទិត្យ​), Villarreal vs Barcelona (​ថ្ងៃ​សៅរ៍​) និង Real Madrid vs Sevilla (​ថ្ងៃអាទិត្យ​)​។​

​ចុង​សប្តាហ៍​នេះ យើង​នឹង​លើកយក​៣​គូ​នៅ​ក្របខ័ណ្ឌ EPL មក​វិភាគ​ជូន​ដូចខាងក្រោម ៖

– Arsenal vs Newcastle (​ថ្ងៃ​សៅរ៍​)

Arsenal នឹង​សម្លឹង​ស្វែងរក​ជ័យជម្នះ​ឡើងវិញ​ថ្ងៃនេះ​ទល់​នឹង​ក្រុម Newcastle ក្រោយ​ភាព​មិន​ដែល​ចាញ់​១០​ប្រកួត​ជាប់​គ្នា​របស់​ពួកគេ​ត្រូវបាន​បំផ្លាញ​ក្នុង​បរាជ័យ ៤-០ ក្រោម​ថ្វី​ជើង​របស់ Liverpool កាលពី​សប្តាហ៍​មុន​។

​រជ្ជកាល​ដឹកនាំ​របស់​លោក អេ​ដ​ឌី ហូ​វី ក្នុងនាម​ជា​អ្នក​ចាត់ការ​ទូទៅ​របស់​សារិកា​ព្រៃ បាន​ចាប់ផ្តើម​ជាមួយ​នឹង​លទ្ធផល ៣-៣ ជាមួយ Brentford ប៉ុន្តែ​អតីត​អ្នក​ចាត់ការ​ទូទៅ​របស់ Bournemouth រូប​នេះ​មិន​បាន​មាន​វត្តមាន​ដឹកនាំ​ផ្ទាល់​ទេ ដោយសារ​កើតកូ​វីដ​១៩​។ លោក​ក៏​ប្រហែល​អវត្តមាន​ម្តងទៀត​ដែរ​ពេល​ធ្វើដំណើរ​ទៅ​កីឡដ្ឋាន Emirates Stadium ថ្ងៃនេះ ប៉ុន្តែ​បើ​ដូច្នោះ​មែន គាត់​នៅតែ​អាច​បញ្ជា​ក្រុម​ពី​ចម្ងាយ​បាន​ដដែល​។

​លទ្ធផល​ស្មើ​នៅ​កីឡដ្ឋាន St James’ Park មិន​ជា​លទ្ធផល​ល្អ​ទេ​សម្រាប់​លោក​ហូ​វី ហើយ​វា​អាច​កាន់តែ​អាក្រក់​ថែម​ទៀត ពេល​លេង​នៅ​ទឹកដី​កាំភ្លើង​ធំ​នៅ​ក្បាល​ព្រលប់​ថ្ងៃ​សៅរ៍​នេះ​។ ដូច​ដឹង​ស្រាប់​ហើយ មុន​ពេល​ចាញ់​ហង្ស​ក្រហម​ទ​ក់សាច់ កាំភ្លើង​ធំ​គេ​ជា​ក្រុម​រឹង​ខ្លាំង​ណាស់​លេង​មិន​ដែល​ចាញ់​សោះ​នៅ​១០​ប្រកួត​ចុងក្រោយ ដូច្នេះ Arsenal នឹង​ប្រឹងប្រែង​ស្តារ​មុខមាត់​ឡើង​វិញ​តាមរយៈ​ការបំបាក់ Newcastle ។​

​ក្រោយ​ប្តូរ​គ្រូបង្វឹក​ថ្មី Newcastle រំពឹង​លេង​ឡើង​ជើង​សន្សឹមៗ​ក្រោម​ការដឹកនាំ​របស់​លោក​ហូ​វី ប៉ុន្តែ Arsenal បានប្រែក្លាយ​កីឡដ្ឋាន Emirates ទៅ​ជា​បន្ទាយ​រឹងមាំ​របស់​ពួកគេ​នៅ​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ហើយ​ពួកគេ​គួរតែ​អាច​យកឈ្នះ​ការប្រកួត​នេះ​យ៉ាង​ងាយ​នៅ​ថ្ងៃ​សៅរ៍​នេះ​។​

៩​ប្រកួត​ចុងក្រោយ​នៅ​ទឹកដី​កាំភ្លើង​ធំ ពួកគេ​ឈ្នះ ៧ ស្មើ ១ និង​ចាញ់​១ ដោយ​ចាញ់​នោះ​គឺ​ក្រោម​ថ្វី​ជើង Chelsea តាំងពី​ខែ​សីហា​។ Arsenal បាន​ស៊ុត​ចូល​លើសពី​២​គ្រាប់​នៅ​៤​ប្រកួត​ចុងក្រោយ​ក្នុង​ទឹកដី ហេតុ​ដូច្នេះ​ត្រឹម​គី​ឡូ Newcastle មិន​ជា​រឿង​លំបាក​សម្រាប់​កាំភ្លើង​ធំ​ទេ​។

​កីឡាករ​វ័យក្មេង​របស់ Arsenal អេ​មីល ស្មី​ត​រ៉ូ កំពុង​មាន​ទម្រង់​ប្រយុទ្ធ​មុត​ស្រួច ដោយ​ស៊ុត​ចូល​៣​គ្រាប់​នៅ​៤​ប្រកួត​ចុងក្រោយ​ក្នុង EPL ។ ស្មី​ត​រ៉ូក៏​ស៊ុត​ចូល​មួយ​គ្រាប់​ឱ្យ​ជម្រើសជាតិ​អង់គ្លេស​ផងដែរ ហើយ​អាច​នឹង​រក​បាន​គ្រាប់​ទី​៥​ទល់នឹង Newcastle ថ្ងៃនេះ​។

​ចំណុច​ត្រួសៗ ៖
– Arsenal ឈ្នះ​២​គ្រាប់​ឡើងទៅ​ក្នុង​៤​ប្រកួត​ចុងក្រោយ​នៃ​ការប្រកួត​៦​លើក​ក្នុងផ្ទះ​។​
– Newcastle ជា​ក្រុម​តែមួយ​គត់​នៅ EPL ដែល​មិន​ទាន់​ស្គាល់​រសជាតិ​ឈ្នះ​សោះ​។​
– ២​លើក​ក្នុងចំណោម​៣​ប្រកួត​ចុងក្រោយ​ក្រៅ​ទឹកដី Newcastle ពួកគេ​របូត​២​គ្រាប់​ឡើងទៅ​។​
– ស្មី​ត​រ៉ូ​ស៊ុ​តចូល​ពីរ​ប្រកួត​ជាប់​គ្នា​ឱ្យ​កាំភ្លើង​ធំ​នៅ​ទឹកដី​ខ្លួន​ឯង​។​

​លទ្ធផល​ព្យាករណ៍ ៖ Arsenal ឈ្នះ ៣-០​។​

– Man City vs West Ham (​ថ្ងៃអាទិត្យ​)

​នេះ​ជា​ឱកាស​ដែល Man City យក​៣​ពិន្ទុ​ពង្រឹង​តំណែង​លើ​កំពូល​តារាង នៅ​ពេល​ពួកគេ​ទទួល West Ham នៅ​ថ្ងៃអាទិត្យ​ស្អែក​នេះ​។ City មាន​ប្រវត្តិ​ល្អ​ទល់នឹង West Ham នៅ​ប៉ុន្មាន​រដូវ​កាល​ចុងក្រោយ​នេះ​។

​ចំណុច​ពិសេស​ត្រួសៗ​
– Man City ឈ្នះ ៤ ប្រកួត​ចុងក្រោយ​នៅ​គ្រប់​ក្របខ័ណ្ឌ​។​
– Man City មាន​គ្រាប់​បាល់​លើស ២,៥ គ្រាប់​ឡើងទៅ​នៅ ៤ ប្រកួត​ចុងក្រោយ​។​
– Man City ឈ្នះ ៥ ដង​ក្នុង​ចំណោម ៦ លើក​ចុង​ក្រោយ​នៅក្នុង​ទឹកដី​។​
– West Ham ឃើញ​គ្រាប់​បាល់​លើ ៣,៥ គ្រាប់​នៅ​៣​ប្រកួត​នៃ​៥​លើកចុងក្រោយ​។
– West Ham ចាញ់​១១​លើក​ក្នុងចំណោម​១៣​លើកចុងក្រោយ​ទល់នឹង Man City​។​

​វិភាគ

Man City ឈរ​នៅ​លេខ​២​ក្នុង​លី​ក ដោយ​ចាញ់ Chelsea ៣​ពិន្ទុ​។ Man City បាន​បំបាក់​អ្នកជិតខាង Man U ២-០ មុន​ពេល​ផ្តួល Everton ងាយៗ ៣-០​។​

​បន្ទាប់​មក​មេឃ​ខៀវ​កត់ត្រា​ជ័យជម្នះ​លើ​ក​ទី​៤​របស់​ពួកគេ នៅ​ពេល​ពួកគេ​បំបាក់ PSG ២-១ ក្នុង Champions League​។​

​ខេ​វិន ដេ​ប្រូន នៅតែ​បន្ត​អវត្តមាន​សម្រាប់ City ក្រោយ​កើតកូ​វីដ​១៩ ខណៈ​ជែក គ្រីលី​ស និង ហ្វើ​រ៉ាន់ ថូ​រ៉េ​ស នៅតែ​មិន​ទាន់​ជាសះស្បើយ​ពី​របួស​។

​ដោយឡែក West Ham បាន​ជម្នះ​កាលវិភាគ​មមាញឹក​បាន​យ៉ាង​ល្អ​។ ញញួរ​ធំ​បាន​ស្មើ​២-២​ទល់នឹង Genk ក្នុង Europa League បន្ទាប់មក​បាន​បំបាក​ហង្ស​ក្រហម Liverpool ៣-២ ក្នុង​ទឹកដី មុន​នឹង​ចាញ់ Wolves ១-០ ក្រោយ​ការ​សម្រាក​បាល់ទាត់​អន្តរជាតិ​។

West Ham បាន​កក់​កៅអី​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​នៅ Europa League ជាមួយ​ជ័យជម្នះ ២-០ លើ Rapid Vienna​។

​ខ្សែការពារ អង់​ហ្គេ​ឡូ អូ​កបូន​ណា ជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​អវត្តមាន​សម្រាប់​ញញួរ​ធំ ដោយសារ​របួស​សរសៃ ACL ក្នុង​ក្បាលជង្គង់​។

​ដេ​ក្លេន រ៉ា​យ និង មី​ខា​អ៊ី​ល អាន​តូ​នីញ៉ូ រំពឹង​ចូល​លេង​ទល់​នឹង​មេឃ​ខៀវ ក្រោយ​លោក​ដេវីត ម៉​យ ដាក់​ឱ្យ​សម្រាក​យក​កម្លាំង​កាលពី​ពាក់កណ្តាល​សប្តាហ៍​។

​ដោយហេតុ​ថា West Ham មាន​កីឡាករ​សម្រាក​ពេញកម្លាំង​វិល​ចូល​ក្រុម​វិញ ហើយ Man City ត្បិត​កំពុង​ឡើង​ជើង តែ​បាន​ចំណាយ​ថាមពល​ច្រើន​ណាស់​ពេល​លេង​ទល់នឹង PSG ដូច្នេះ​យើង​រំពឹង West Ham ទទួលបាន​លទ្ធផល​ពី​ទឹកដី Man City​។​

​លទ្ធផល​ព្យាករណ៍ Man City ១-១ West Ham​។​

– Chelsea vs Man U (​ថ្ងៃអាទិត្យ​)

​បរិយាកាស​នឹង​ពុះកញ្ជ្រោល​ខ្លាំង នៅពេល Chelsea ស្វាគមន៍ Man U នៅ​កីឡដ្ឋាន Stamford Bridge នៅ​ថ្ងៃអាទិត្យ​នេះ​។

​តោ​ខៀវ​ហាក់​លេង​យ៉ាង​ងាយ​គ្មាន​ឧបសគ្គ​សោះ​ពេល​យក​ឈ្នះ ៣-០ លើ Leicester និង ៤-០ លើ Juventus​។ តោ​ខៀវ​រំពឹង​រក្សា​សន្ទុះ​ឈ្នះ​នេះ​បន្តទៀត​ដើម្បី​រក្សា​តំណែង​លេខ​១​លើ​កំពូល​តារាង EPL​។

​ក្នុងជំនួប​ទល់នឹង Juventus ក្រុម​តោ​ខៀវ​បាន​បាត់បង់​កីឡាករ​២​នាក់​បន្ថែមទៀត​ដោយសារ​របួស គឺ​កាន់តេ និង ឈី​វែល ខណៈ​កូវ៉ា​ហ្ស៊ិ​កនៅ​មិនទាន់​ជា​ពីរ​បួស ហើយ​ខ្សែប្រយុទ្ធ​លូ​កា​គូ​នៅ​មិនទាន់​ជា​ស៊ុប​១០០​ភាគរយ​។

​បិសាច​ក្រហម​ឯណោះ​វិញ​កំពុង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ ដោយ​គ្រូបង្វឹក​សូល​ឃ្យែ​ត្រូវ​បាន​បណ្តេញចេញ ក្រោយ​បិសាច​ក្រហម​ចាញ់ Watford ៤-១​។ ត្បិត​គ្រូបង្វឹក​បណ្តោះអាសន្ន ម៉ៃ​ឃើ​ល ខា​រីក ដឹកនាំ Man U ឈ្នះ​នៅ​ទឹកដី Villarreal ២-០ កក់​កៅអី​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៅ CL ក៏ដោយ ក៏ប៉ុន្តែ​សម្ពាធ​នៅ EPL គឺ​ធ្ងន់​ជាង​នៅ CL ហើយ​ការ​ប៉ះ Chelsea នៅពេល​នេះ​ហាក់​មិនមែន​ជា​ពេលវេលា​ស័ក្តិសម​សម្រាប់​លោក​ខា​រីក​នោះទេ​។​

​ផ្អែក​លើ​ទម្រង់​លេង​ដ៏​ល្អឥតខ្ចោះ​របស់​តោ​ខៀវ Chelsea ត្បិត​មាន​របួស​កីឡាករ​ច្រើនក្តី ក៏​ពួកគេ​នៅ​តែ​មើលទៅ​ខ្លាំងក្លា​ដូច​តោ​កំណាច​ដដែល ហើយ​ដូច្នេះ ប្រសិន​បើ​ពួកគេ​ឈ្នះ​ច្រើន​គ្រាប់​លើ Man U នោះ​នឹង​មិនមែន​ជា​រឿង​ភ្ញាក់ផ្អើល​ទេ​។

​ខ្សែការពារ ហា​រី ម៉ាកខ្វាយ​អឺ ជាប់​បម្រាម​សម្រាប់​ប្រកួត​នេះ​ដោយសារ​ទទួលបាន​កាត​ក្រហម ខណៈ​ទាំង​រ៉ា​ហ្វា​អែល វ៉ា​រ៉ា​ន់ និង ផូល ផុ​កបា កំពុង​របួស​មិន​ទាន់​ជា​។ សាន់​ឆូ​, រ៉ា​ស្វត និង គ្រីន​វូដ​នឹង​អាច​ចូល​លេង​បាន​នៅ​ប្រកួត​នេះ​។

​លទ្ធផល​ព្យាករណ៍ Chelsea ឈ្នះ ៣-០៕

Chelsea រំពឹង​ឈ្នះ​លើ​បិសាច​ក្រហម​ដែល​កំពុង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ