​ប្រែ​សម្រួលៈ​វាសនា​/​ហ្សឺ​ណែវ​៖ អង្គការ​សុខភាព​ពិភពលោក​(WHO) កាលពី​ថ្ងៃ​សុក្រ​បានប្រកាសថា​វីរុស​កូរ៉ូ​ណាបំ​ប្លែងខ្លួន​ទើប​រកឃើញថ្មី B.1.1.529 ជា​ប្រភេទ​វីរុស​គួរអោយ​ព្រួយបារម្ភ និង​បាន​ដាក់ឈ្មោះ​ថ្មី​ថា អូ​មី​ក្រុង​( Omicron)​។​

​ការចាត់​ថ្នាក់​នេះ​ដាក់ Omicron​ទៅក្នុង​ក្រុម​វីរុស​កូវី​ដ​១៩​បំប្លែង​ខ្លួន​ដែល​បង្ក​បញ្ហា​បំផុត ជាមួយ​វីរុស​ដែល​កំពុង​វាយលុក​ពិភពលោក​បច្ចុប្បន្ន ដែល​តា​(Delta)​និង​ក្រុម​ខ្សោយ​ជាង​អាល់​ហ្វា​(Alpha)​បេតា​(Beta )​និង​ហ្កា​ម៉ា​(Gamma)​។​

​ប្រទេស​ជាច្រើន​បាន​ប្រញាប់ប្រញាល់​ហាម​ការធ្វើដំណើរ​ទៅ​និង​មក​ពី​ប្រទេស​មួយចំនួន​នៅ​អាហ្វ្រិក​ភាគខាងត្បូង ជា​ពិសេស​ប្រទេស​អាហ្វ្រិក​ខាងត្បូង នៅពេល​ថ្លៃ​ប្រេង​ឆៅ​បាន​ធ្លាក់ចុះ​ដោយសារតែ​​ទីផ្សារ​ប្រេង​ព្រួយបារម្ភ​អំពី​វីរុស​ថ្មី ដែល​រារាំង​ការធ្វើដំណើរ​ផ្លូវអាកាស​។​

​ទីភ្នាក់ងារ​សុខភាព​ពិភពលោក​នេះ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា « ផ្អែក​លើ​ភស្តុតាង​បង្ហាញថា​មាន​ការប្រែប្រួល​នៅក្នុង​ជំងឺ​កូវី​ដ​១៩…WHO​ចាត់​វីរុស​B.1.1.529​ជា​ប្រភេទ​វីរុស​បំ​​ប្លែងខ្លួន​គួរអោយ​ព្រួយបារម្ភ​(VOC)​និង​ដាក់​ឈ្មោះ​អោយ​ថា​Omicron»​។​

WHO បាន​និយាយថា វា​អាច​ត្រូវ​ចំណាយ​ពេល​រាប់​សប្តាហ៍​ដើម្បី​បញ្ចប់​ការសិក្សា​លើ​Omicron​ដើម្បី​អោយ​ដឹង​ថា​តើ​មាន​ការប្រែប្រួល​ណាមួយ​នៅ​ការចម្លង ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​និង​ប្រសិទ្ធភាព​របស់​វ៉ាក់​​សាំង​លើ​វា ការធ្វើតេ​ស្តិ៍​រក​និង​ការព្យាបា​លវា​។​

​វីរុស​បំ​ប្លែងខ្លួន​នេះ ត្រូវបាន​គេ​រាយការណ៍​ដំបូង​ពី​ប្រទេស​អាហ្វ្រិក​ខាងត្បូង​មក​កាន់​អង្គការ​សុខភាព​ពិភពលោក​កាលពី​ថ្ងៃ​ពុធ​។​ការឆ្លង​Omicron​ដែល​គេ​ដឹង​ដំបូង​ចេញពី​សំណាក​ដែល​គេ​ប្រមូល​​កាលពី​ថ្ងៃ​៩​វិច្ឆិកា​។​នៅ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​ការ​ឆ្លងកូវី​ដ​១៩​នៅ​អាហ្វ្រិក​ខាងត្បូង​បាន​កើនឡើង​ថេរ ចំ​ពេល​មាន​ការរកឃើញ​Omicron​នៅ​ទីនោះ​។​

​បើតាម​WHO វីរុស​នេះ​បាន​បំ​ប្លែងខ្លួន​ជាច្រើនលើក ដែល​ខ្លះ​គួរអោយ​ព្រួយបារម្ភ ហើយ​ភស្តុតាង​ដំបូងៗ​បង្ហាញ​កំណើន​នៃ​ការឆ្លង​វីរុស​ប្រភេទ​នេះ​ពោលគឺ​ការឆ្លង​Omicron​បាន​កើតមាន​ស្ទើរ​គ្រប់​​ខេត្ត​នៅ​អាហ្វ្រិក​ខាងត្បូង​។​

​គ្រប់​វីរុស​តែង​វិវត្ត​ប្រែប្រួល​ទៅ​តាមពេល រួម​ទាំង​វីរុស​SARS-CoV-2​ជា​វីរុស​កូរ៉ូណា​ដើម​ដែល​បង្ក​ជំងឺ​កូ​វីដ​១៩​។​

​ក្នុង​អំឡុង​ចុងឆ្នាំ​២០២០ វីរុស​បំ​ប្លែងខ្លួន​បាន​លេចឡើង​ជាច្រើន​ដែល​បង្ក​ជា​ហានិភ័យ​ដល់​សុខភាព​ពិភពលោក​និង​នាំអោយ​អង្គការ​WHO​ចាប់ផ្តើម​ចាត់ថ្នាក់​និង​ដាក់​ឈ្មោះ​អោយ​ពួកវា ដូចជា​វីរុស​បំ​​ប្លែងខ្លួន​គួរអោយ​ចាប់អារម្មណ៍ វីរុស​បំប្លែង​ខ្លួន​គួរ​អោយ​ព្រួយបារម្ភ ដើម្បី​ជូន​ដំណឹង​អំពី​ស្ថានភាព​ជំងឺ​។​

WHO​កាលពី​ថ្ងៃ​សុក្រ​ក៏​បាន​អំពាវនាវ​អោយ​ប្រទេស​នានា​ក្នុង​លោក​បង្កើន​ការប្រុងប្រយ័ត្ន​និង​ខិតខំ​វិភាគរៀប​លំដាប់DNA​វីរុស ដើម្បី​យល់ដឹង​កាន់តែ​ប្រសើរ​ឡើង​អំពី​ចរាចរណ៍​របស់​វា​។​

​ក្រៅពី​អាហ្វ្រិក​ខាងត្បូង Omicron​ត្រូវបាន​រកឃើញ​នៅ​អ៊ីស្រាអែល​លើ​មនុស្ស​ម្នាក់​មក​ពី​ប្រទេស​ម៉ាឡាវី ,​បុត​ស្វា​ណា​,​បែ​ល​ហ្សិ​ច​និង​ហុងកុង​។​

​ទោះ​ជា​ប្រទេស​ជាច្រើន​បាន​ហាម​ការធ្វើដំណើរ​មក​ពី​អាហ្វ្រិក ក៏​មុននេះ​អង្គការ​WHO​ប្រាប់​អោយ​ប្រយ័ត្នប្រយែង​អំពី​ការ​រឹតត្បិត​ការធ្វើដំណើរ​ដោយសារតែ​Omicron និង​ថា​ប្រទេស​នានា​គួរ​ចាត់​វិធាន​​ការ​បែប​វិទ្យាសាស្ត្រ​និង​ផ្អែក​លើ​ហានិភ័យ ពេល​និយាយ​អំពី​បំរាម​ការធ្វើដំណើរ​ដោយសារ​វីរុស​ថ្មី​នេះ ៕