ដោយៈ​ស្រីនាថ​,តារារិទ្ធ/​ភ្នំពេញៈ​ជាមួយនឹង​រូបថត​ចាស់​មួយ​សន្លឹក សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា​បានសរសេរថា​”​សប្តាហ៍​នេះ​ជា​សប្តាហ៍​នយោបាយ​ដែល​ខ្ញុំ​ព្យាយាម​បំបាត់​ការនឿយហត់​ដោយ​ការមើល​រូបថត ចាស់ៗ​វិញ​ម្តង​”​។​

​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវកា​រនៅ​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា​ឆ្នាំ​២០២១​សម្ដេច​តេ​ជោ​ហ៊ុន សែន បាន​បង្ហោះ​សារ​មួយ​ថា “​បានទទួល​រូបថត​មួយ​សន្លឹក​ពី​អភិបាលខេត្ត​កែប​ដែល​រូបថត​នេះ​ខ្ញុំ​មិនដែល​បានឃើញ​សោះ​។​បើ​ពិនិត្យ​តាម​វ៉ែនតា​ដែល​ខ្ញុំ​ពាក់​រូបថត​នេះ​អាច​ថត​ក្នុង​ឆ្នាំ​១៩៨៦​ដែល​ពេលនោះ​ខ្ញុំ​មាន​អាយុ​៣៤​ឆ្នាំ​”​។​

​សម្ដេច​តេ​ជោ​បន្តថា​”​សក់​ក្បាល​របស់ខ្ញុំ​នាពេលនោះ​មិនមាន​ថ្នាំ​បាញ់​ឱ្យ​រឹង​នោះទេ​គឺជា​សក់​ក្បាល​ធម្មជាតិ​ដែល​រាង​អង្គាដី​ឬ​រួញ​បន្តិច​។​ដោយសារ​បែបនេះ​បានជា​សក់​កូនស្រី​ពៅ​កាលពី​តូច​និង​ចៅស្រី​ទី​២១​សក់ក្រញាញ់​ដូច​សក់​ខ្ញុំ​ដែរ​”​។​

​សម្ដេច​បានបញ្ចប់​សំណេរ​ដោយ​ការ​បញ្ជាក់ថា​”​សប្តាហ៍​នេះ​ជា​សប្តាហ៍​នយោបាយ​ដែល​ខ្ញុំ​ព្យាយាម​បំបាត់​ការនឿយហត់​ដោយ​ការមើល​រូបថត​ចាស់ៗ​វិញ​ម្តង​។​

​គួររំលឹកថា ក្នុង​សប្ដាហ៍​នេះ​មាន​ព្រឹត្តិការណ៍​ធំៗ​ប្រារព្ធ​ឡើង​។​ក្នុងនោះ នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​ចិន ដើម្បី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៣០​នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា អាស៊ាន​-​ចិន តាម​ប្រព័ន្ធ​វីដេអូ តប​តាម​ការ អញ្ជើញ​របស់លោក ស៊ី ជីន​ពីង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែលជា​សហប្រធាន និង​ជា​អ្នករៀបចំ​កិច្ចប្រជុំ​នេះ​។​ថ្ងៃទី​២៤ ខែវិច្ឆិកា​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​បើក​វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី​-​អឺរ៉ុប​លើក​ទី​១ ក្រោម​មូលបទ ” ការផ្លាស់ប្ដូរ​ទៅ​គន្លង​ប្រក្រតីភាព​ថ្មី ៖ ការលើកកម្ពស់​ការចូល​រួម​ក្នុង​ខ្សែ​ច្រ​វ៉ា​ក់ត​ម្លៃ​សកល ពហុភាគី​និយម និង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ” ។​ពីថ្ងៃ​ទី​២៥-២៦ ខែវិច្ឆិកា​ឆ្នាំ​២០២១​កិច្ចប្រជុំ​កំពូល អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ (ASEM13)
​ក្រោម​មូលបទ «​ការពង្រឹង​ពហុភាគី​និយម ដើម្បី​កំណើន​រួម​» ក្នុងឋានៈ​កម្ពុជា​ជា​ម្ចាស់ផ្ទះ​៕​សរន​