​ដោយៈ ប​.​ខុន / ភ្នំពេញៈ សិលា​បណ្តាសា ចំនួន​បី​ផ្ទាំង ត្រូវបាន​រៀបចំ​តម្កល់​រួចជាស្រេច នៅលើ​ទីតាំង​សិលា​ចាំ​ស្នេហ៍ តំបន់ឆ្នេរ​ពយ​ជំទាវ​ម៉ៅ និង ពយ​អូរ​ឈើទាល កាលពី​យប់ ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ ដោយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍ តំបន់ឆ្នេរ សមុទ្រ​កម្ពុជា ដើម្បី​ថែរក្សា​ការពារ​តំបន់ឆ្នេរ​សមុទ្រ ឱ្យនៅ​ជា​ទ្រព្យសម្បត្តិ​សាធារណៈ របស់​រដ្ឋ សម្រាប់​បម្រើ​ដល់​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ ជា​រៀងរហូត​។​

​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង និង អភិវឌ្ឍន៍​ឆ្នេរសមុទ្រ ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​ក្រុមការងារ នៃ​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ប្រារព្ធ​ពិធី​តម្កល់​ផ្ទាំងសិលា​បណ្តាសា នៅលើ​ទីតាំង​ចំនួន បី​កន្លែង​ផ្សេងគ្នា ក្នុង​ក្រុងព្រះសីហនុ មាននៅ​ចំណុច​សិលា​ចាំ​ស្នេហ៍ ឆ្នេរ​ពយ​ជំទាវ​ម៉ៅ និង ពយ​អូរ​ឈើទាល ជាទី​តាំង ដែល​កន្លងទៅ កាន់កាប់​ដោយ​វិស័យ ឯកជន ហើយ​ត្រូវបាន​រដ្ឋ ដក​ត្រឡប់មក​ទុក ជា​ឆ្នេរ​សាធារណៈ​របស់​រដ្ឋ​វិញ​។​

​នៅលើ​ផ្ទាំងសិលា​នីមួយៗ មាន​ចារ​ជា​អក្សរ​បាលី និង​សម្រាយ ដូចខាងក្រោម​ថាៈ ពាក្យ​បណ្តាសា សុ​កម​ស្គុ ព្រះពុទ្ធ​សករាជ ព្រះ​សាសនា អតិ​ត​ន្តា កន្លងទៅ ហើយ​បាន ២៥៦៤​ឆ្នាំ ២​ខែ និង ១៥​ថ្ងៃ ចុល្លសករាជ ១៣៤២ មហាសករាជ ១៩៤២ សារ​នា​អស់ជំនុំ ទាំង​អម្បាល​ដ៏​សមុទាយ បានសម្រេច ព្រម​គ្នា​ជា​ឯកច្ឆន្ទ ដាក់​បណ្តាសា​លើ​បុគ្គល ដែល បំពាន​រំលោភ យក​ដី​ឆ្នេរ​ធ្វើជា​កម្មសិទ្ធិឯកជន​ផ្ទាល់ខ្លួន ហើយ​ដី​នេះ​សោត ជា​ដី​ឆ្នេរ សាធារណៈ របស់​រដ្ឋ បម្រើ​ដល់​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ ។​ល​។

​នៅលើ​ផ្ទាំងសិលា បាន​ចារ​ទៀតថា យើងទាំងអស់គ្នា សូម​លើក​ហត្ថ​ប្រណម្យ សំបូងសង្រូង បួងសួង ដល់​វត្ថុ​សក្តិ​សិទ្ធិ​ក្នុង​លោក បារមី​ភ្នំ​លោកយាយ​ម៉ៅ ព្រះអង្គ​ចេក ព្រះអង្គ​ចម បារមី​អ្នកតា​ក្រហម ក បារមី​ទេវតា​រក្សា​ទឹកដី និង​សាក្សីពេជ្រញាណ សូមជួយ​ធ្វើ​ពាក្យ បណ្តាសា​នេះ ឱ្យ​ជាក់ច្បាស់​ទាន់ហន់ និង​ឃើញ​ទាន់​ភ្នែក​នូវ សេចក្តី​បណ្តាសា​ថាៈ អ្នក​អម្បាលណា ដែល​យក​ដី​សាធារណៈ​របស់​រដ្ឋ ដូច​មានចែង ខាងលើ សូមឱ្យ​រន្ទះ ទាំង​អនន្ត​ចក្រ​វា​ឡ កុំបី​ចាញ់​ព្រៃឈើ ចាញ់​មហាប្រឹថពី ដទៃ​ឡើយ ចាញ់​តែ​បុគ្គល ដែល​រំលោភ​យក​ដី​នេះ ហើយ​បុគ្គល​នោះ នឹង​ទទួល​ទុក​ទោស ក្នុង​ឋាននរក ដរាបណា ឱ្យតែ​ព្រះអាទិត្យ និង​ព្រះ​ចន្ទ នៅមាន​ពន្លឺ​រស្មី ពេល​ស្លាប់ទៅ​ត្រូវ​ធ្លាក់​អវិចី មហានរក រួមជាមួយ​នឹង​អ្នក​រួមគំនិត​ផង​កុំបី​ខាន​ឡើយ ។ ន​ត្ត ក​ម្មំ សមំ ពលំ កម្លាំង​អ្វី​ស្មើ ដោយ​កម្លាំង​កម្ម មិនមាន​។​

​សិលា​បណ្តាសា​នេះ បានធ្វើ​ឡើង បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍ តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា បាន​តម្កល់​សិលា​ចំនួន​បី ដុំ​ធំៗ រួច​នៅលើ​តំបន់ឆ្នេរ​ពយ​ជំទាវ​ម៉ៅ ដែល​គេ​បាន​ហៅថា ត្រី​សាប​សិលា ដោយ​មេ​ថ្ម​ធំជាងគេ ខាងស្តាំ មាន​ទម្ងន់ ២៥ តោន និង ថ្ម​ពីរ​ទៀត មួយ​ដុំៗ មាន​ទម្ងន់ ១១ តោន ខណៈពេល​នៃ​ពិធី​សម្ពោធ សមិទ្ធផល​នានា នៅក្នុង​ខេត្ត​ព្រះសីហនុ នឹង​មកដល់ នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២១ ខាងមុខនេះ​៕/V​