ដោយៈ អង្គា​រ៍​ហេង / ភ្នំពេញៈ ចោរ​ជំនាញ​ខាង​លួច​ស្លាក​លេខ​រថយន្ត ពីរ​នាក់ ត្រូវ​កម្លាំង​អន្តរាគមន៍ នៃ​អធិការដ្ឋាន​នគរបាល ខណ្ឌមានជ័យ បាន​ឃាត់ខ្លួន កាលពី​ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ចំណុច​មាត់​ប្រឡាយ​ទឹកស្អុយ ផ្លូវ​បេតុង ក្នុងភូមិ​មានជ័យ​១ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ ។​

​ជនសង្ស័យ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន ចំនួន​២​នាក់​នោះ មានឈ្មោះ វ៉ង់ ខណ្ឌ​ដែន អាយុ ៣៦​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិ​ព្រែ​កតា​នូ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​ឈ្មោះ សុខ រ៉ា ហៅ ណូ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ បុរស​២​នាក់​នេះ មានមុខ​របរ មិន​ពិតប្រាកដ ដូចគ្នា​។​

​សមត្ថកិច្ច បានឱ្យដឹងថា កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ កម្លាំង​អន្តរាគមន៍ នៃ​អធិការដ្ឋាន​នគរបាល ខណ្ឌមានជ័យ បានធ្វើការ​ល្បាត​ពួនស្ទាក់ ក្នុង​មូលដ្ឋាន នៃ​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ពេលមកដល់​ចំណុចកើតហេតុ ស្រាប់តែ​ប្រទះឃើញ ជនសង្ស័យ​ចំនួន ២ នាក់ ជិះ​រថយន្ត​ម៉ាក​តូយ៉ូតា កាមរី ពណ៌​ស ឈប់​នៅ​ចិញ្ចើមផ្លូវ​។ ដោយមាន​ការសង្ស័យ កម្លាំង​បាន​ចូលទៅ​ត្រួតពិនិត្យ ឆែកឆេរ ហើយក៏​រកឃើញ​ស្លាក​លេខ រថយន្ត ចំនួន ៨ បន្ទះ​, បណ្ណ​សម្គាល់​យានយន្ត ចំនួន​២​សន្លឹក និង​ទួ​ណឺ​វី​ស ចំនួន​២ ដាក់​ក្នុង​កាបូបស្ពាយ ពណ៌​លឿង​ចំនួន​មួយ នៅក្នុង​រថយន្ត​នោះ​។ ដូច្នេះ​កម្លាំង ក៏បាន​ឃាត់ ខ្លួន​ជនសង្ស័យ ទាំង​២​នាក់ យកមក​ស្នាក់ការ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ស្ទឹងមានជ័យ​ទី​១ ដើម្បី​សាកសួរ​។​

​វត្ថុតាង​ចាប់យក​រួមមាន​៖ រថយន្ត​ម៉ាក តូយ៉ូតា កាមរី ពណ៌​ស ពាក់​ស្លាក​លេខ ស្វាយរៀង ២A-១៩០៨, អាវដៃវែង ពណ៌​ទឹក​ប៊ិក មាន​ស័ក្តិ​, មាន​សញ្ញា អ​.​ហ ចំនួន​២, មាន​ឡូហ្គោ អក្សរ កងរាជអាវុធហត្ថ ចំនួន​១, ទូរស័ព្ទដៃ​ចាស់ ១ គ្រឿង ពណ៌​ខ្មៅ​, កាបូបស្ពាយ ពណ៌​លឿង ចំនួន​១, ស្លាក​លេខ​រថយន្ត ចំនួន​៨​បន្ទះ (​ភ្នំពេញ ២BK-១៦០៥ ចំនួន​២ បន្ទះ​, ភ្នំពេញ ២AB-៦៧២២ ចំនួន​២​បន្ទះ​, ភ្នំពេញ ២BI-៥៨៤៥ ចំនួន​១​បន្ទះ​, ភ្នំពេញ ២AI-៦១០៨ ចំនួន​១​បន្ទះ និង​នគរបាល ២-១៤៥២ ចំនួន​២​បន្ទះ​), បណ្ណ​សម្គាល់​យាន យន្ត​ចំនួន ២​សន្លឹក និង​ទួ​ណឺ​វី​ស ចំនួន​២ ជា​របស់​ជនសង្ស័យ​។​

​បច្ចុប្បន្ននេះ ជនសង្ស័យ ខាងលើ កំពុង​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង ចាត់ការ​បន្ត តាម​នីតិវិធី​៕/V​