ដោយៈ​សុផល​/បាងកក ៖ ប្រទេស​ថៃ ​៖ កន្លងទៅ​ថ្មីៗ​នេះ លោក​បណ្ឌិត សុខ សុ​ក្រឹ​ត្យា   ទីប្រឹក្សាផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ ព្រមទាំង​គណៈប្រតិភូ​បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ លោក​បណ្ឌិត សក្តិ​ស្យាម ឈី​ត​ឆប រដ្ឋមន្ត្រី​គមនាគមន៍​នៃ​ព្រះរាជាណាចក្រ​ថៃ​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​មន្ត្រីជាន់ខ្ពស់​មក​ពី​ក្រសួង​គម​នា​គម​ន៌​ថៃ​រួមមាន នាយក​ខុ​ទ្ទ​កាល័យ​រដ្ឋមន្ត្រី អគ្គនាយក​ដឹកជញ្ជូន​ផ្លូវគោក និង​អគ្គនាយក​ផ្លូវដែក​ប្រចាំ​ប្រទេស​ថៃ​ចូលរួម​ប្រឹក្សា​យោបល់​ផងដែរ​។​

​ក្នុងជំនួប​នោះ លោក​បណ្ឌិត សក្តិ​ស្យាម ឈី​ត​ឆប និង​លោក​បណ្ឌិត សុខ សុ​ក្រឹ​ត្យា បាន​ពិភាក្សា​ទៅលើ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​គមនាគមន៍ និង​វិស័យ​ទេសចរណ៍​កម្ពុជា​-​ថៃ និង​ពង្រឹង​ចំណង​សាមគ្គីភាព​ក៏ដូចជា​ផ្លាស់ប្តូរ​បទពិសោធន៍រ​វាង​ប្រទេស​ទាំងពីរ​។

​លោក​បណ្ឌិត សក្តិ​ស្យាម ឈី​ត​ឆប រដ្ឋមន្ត្រី​គមនាគមន៍​ថៃ​បានឱ្យដឹងថា​៖ ក្រសួង​គមនាគមន៍​ថៃ ដែលមាន​ប្រមុខ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយលោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ឆា បាន​​ដាក់​ចេញ​នូវ​គោលនយោបាយ និង​ភារកិច្ច​ជា​ចម្បង​គឺជំរុញ​ការអភិវឌ្ឍនិង​ស្ថាបនា​វិស័យ​គម​នាគមន៍ ដែលជា​ផ្នែក​មួយ​យ៉ាងសំខាន់ជា​គ្រឹះ​សម្រាប់​ស្តារ និង​អភិវឌ្ឍ​វិស័យសេដ្ឋកិច្ច​សង្គម​​ដើម្បី​លើក​កម្រិតជីវភាព​ប្រជាពលរដ្ឋ​ថៃ​ឱ្យ​កាន់តែ​ប្រសើរឡើង​។​ក្រៅពីនេះ​រាជរដ្ឋា​ភិ​បាល​ថៃ​ក៏បាន​ដាក់​ទិសដៅ​សម្រាប់​ការប្រឡងប្រជែង​ក្នុងប្រទេស​ដើម្បី​ធ្វើការ​អភិវឌ្ឍ​វិស័យ​នេះ​ជា​អទិភាព​ទៀតផង​។

​លោក​រដ្ឋមន្ត្រី បាន​លើកឡើងថា​៖​ដោយ​ឈរលើ​គោលការណ៍​នេះ ក្រសួង​គមនាគមន៍​ថៃ​កំពុង​ធ្វើការ​សិក្សា​ដើម្បី​សំដៅ​ធ្វើយ៉ាងណា​កសាង​ផ្លូវ​មេ​សំខាន់ៗ ជាពិសេស ការតភ្ជាប់​រវាង​តំបន់​ទីក្រុង​ជាមួយ​ប្រព័ន្ធ​ពង្រាង​ផែនទី (MR – Map) និង​គម្រោង​សាងសង់​ស្ពាន​សេដ្ឋកិច្ច​ដែល​ផ្សារភ្ជាប់​ជាមួយ​សមុទ្រ​អាន់ដាម៉ាន និង​ឈូង​សមុទ្រ​ថៃ ឬ​ហៅថា ស្ពាន​ដី (Land Bridge) ដែល​គម្រោង​នេះ​នឹង​ឈានឆ្ពោះ​ទៅដល់​ការផ្សារភ្ជាប់​ក្នុងការ​ដឹកជញ្ជូន​ជាមួយ​ប្រទេសជិតខាង​។គម្រោង​នេះដែរ​ក៏​នឹង​ជួយ​បើក​ច្រក​លើ​ផ្នែក​សេដ្ឋកិច្ចនិង​វិស័យ​ទេស​ចរ​ណ៍​​ក្នុង​ភូមិភាគ​របស់​ថៃ​ឱ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត​។​

​លោក​បណ្ឌិត សុខ សុ​ក្រឹ​ត្យា ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​ជា​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​ថ្លែងអំណរគុណ និង ​ពិភាក្សា​ជាមួយ​ភាគី​ថៃ​នា​ឱកាស​នោះ ព្រមទាំង​បានលើកឡើង​ពាក់ព័ន្ធ​ទៅនឹង​ដំណើរការ​រៀបចំ​បើក​ច្រកព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ “​ស្ទឹង​បត់​-​បាន​ណង​អៀន​” នៅពេល​ខាង​មុខជា​បណ្តោះ​អាសន្ន គឺ​មុន​ការកសាង​អគារ​រដ្ឋបាល និង​ផ្លូវថ្នល់​ផ្សារភ្ជាប់​ស្ពាន​ឆ្លងកាត់​ព្រំដែន​ថ្មី​ដែល​ពុំទាន់​បាន​សាង​សង់​រួចរាល់​នៅឡើយ​។​

​លោក​បណ្ឌិត សុខ សុ​ក្រឹ​ត្យា ក៏បាន​លើកឡើង​អំពី​ស្ថានភាព​នៃ​ការជំរុញ​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​-​ថៃ ដើម្បី​បង្កើន​ទំនុកចិត្ត និង​ភាពជឿជាក់​ដល់​ភ្ញៀវទេស​ចរ ជាពិសេសការពង្រឹង​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​សម្រាប់​ប្រទេស​​ទាំងពីរ ក្រោយពី​រាជរដ្ឋាភិបាល​បានប្រកាស​បើក​ច្រកព្រំដែន​ឡើងវិញ​រវាង​ប្រទេស​កម្ពុជា​-​ថៃ​។ ទន្ទឹមនឹង​នេះដែរ​លោក​បណ្ឌិត សុខ សុ​ក្រឹ​ត្យា ក៏បាន​លើកឡើង​អំពី​កិច្ច​សហ​ប្រ​ត្តិ​ប​ត្តិ​ការ​លើ​វិស័យ​ទេសចរណ៍វប្បធម៌​រវាង​តំបន់​ឦសាន​ភាគខាងត្បូង​ថៃ​ជាមួយ​ខេត្តសៀមរាប និង​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​។ ក្រៅពីនេះ ភាគី​កម្ពុជា​ក៏បាន​បង្ហាញ​ពី​ការគាំទ្រ​ឱ្យមាន​ការ​បើក​ការហោះហើរ​ឡើងវិញ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​តម្លៃ​ទាប (Low Cost Airline) ពី​ខេត្ត​បុរី​រាំ និង​សុ​រិ​ន​ទៅកាន់​តំបន់​ទេសចរណ៍​នានា​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។​

​នៅ​ចុងបញ្ចប់​នៃ​ជំនួប លោក​បណ្ឌិត សុខ សុ​ក្រឹ​ត្យា បាន​ថ្លែងអំណរគុណ លោក​បណ្ឌិត សក្តិ​ស្យាម ឈី​ត​ឆប ដែល​បានផ្តល់​កិត្តិយសនិង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​របស់​លោ​ក​ក្នុងនាម​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ​បណ្ឌិត សុខ សុ​ក្រឹ​ត្យា បាន​ជម្រាបជូន​រដ្ឋមន្ត្រី​ថៃ​ថា៖បច្ចុ​ប្បន្ន សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី មាន​សុខភាព​រឹងមាំ​ល្អ​បរិបូរណ៍ និង​ជា​អគ្គ​មគ្គុទ្ទេសក៍​ដ៏​ឆ្នើម​មួយរូប​ដែល​មិនអាច​ខ្វះ​បាន​ក្នុង​បេះដូង​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​។លោក​ក៏បាន​ជម្រាប​ជូន​អំពី​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ប៉ិនប្រសប់ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានធ្វើឱ្យ​ប្រទេសជាតិ​មាន​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ និង​សេដ្ឋកិច្ច​-​សង្គម ជាពិសេស ការកសាង​ខឿន​សុខមាល​ភាព​យ៉ាងរឹងមាំ ជូន​ប្រជាពលរដ្ឋ និង​ជនបរទេស​រស់នៅក្នុង​ប្រទេស​កម្ពុជា ដោយ​សម្រេច​បាន​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជាង ១៤​លាន​នាក់ នៃ​ចំនួន​ប្រជាពលរដ្ឋ ១៦​លាន​នាក់​នៅ​កម្ពុជា​។ ទន្ទឹមនឹង​នេះដែរ ឯកឧត្តម​បណ្ឌិត សុខ សុ​ក្រឹ​ត្យា ក៏បាន​រំលឹក​អំពី​ចំណងមិត្តភាព​កម្ពុជា​-​ថៃ ដែលមាន​តាំងពី​យូរលង់​ណាស់​មកហើយ និង​បានលើកឡើង​អំពី​បំណង​ក្នុង​ការ​បន្ត​រក្សា​ទំនាក់ទំនង​ល្អ​នេះ សម្រាប់​យុវជន​ដែលជា​អ្នកនយោបាយ​វ័យក្មេង​ជំនាន់​ថ្មី​ផងដែរ​។

​លោក​បណ្ឌិត សុខ សុ​ក្រឹ​ត្យា ក៏បាន​បញ្ជាក់បន្ថែម​អំ​ពី​ការប្រកាស​បើក​ប្រទេស​ទទួល​ស្វាគ​ម​​ទេសចរណ៍​សុវត្ថិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃទី ១៤ ខែវិច្ឆិកា កន្លងមក និង​ការត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​រៀប​ចំ​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ ២០២២ នៅ​ខេត្ត​ព្រះសីហនុ​ផងដែរ​៕PH