ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្រសួងសុខាភិបាល បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ ស្ដីពី​ការរកឃើញ និង​ការវិវត្តន៍​វីរុស កូ​វីដ​-១៩ បំប្លែង​ខ្លួន​ថ្មី មាន​ឈ្មោះថា ” អូ​មី​ក្រុង (Omicron) ” ដែល​អង្គការ​សុខភាព​ពិភពលោក បាននិងកំពុង​តាមដាន យ៉ាង​យកចិត្តទុកដាក់ លើ​វីរុស​បំប្លែង​ខ្លួន​ថ្មី​នេះ​។​

​ដើម្បី​ការពារ និង​ទប់ស្កាត់ បាន​ទាន់ពេលវេលា នូវ​ការចម្លង​វីរុស​ប្រភេទ​ថ្មី ខាងលើនេះ និង​ដើម្បី​បន្ត​និរន្ត​ភាព នៃ​ការរស់នៅ ក្នុង​ប្រក្រតីភាព​ថ្មី ក្នុងសង្គម​កម្ពុជា លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល សូម​អំពាវនាវ និង​ក្រើនរំលឹក ដល់​បងប្អូន ប្រជាពលរដ្ឋ​ទាំងអស់ ដូចតទៅ​៖

១. សូម​បន្ត​អនុវត្ត​វិធានការ​សំខាន់ៗ ជាពិសេស​សូម​បន្ត​អនុវត្ត​វិធានការ «​ពា​ការពារ និង​៣​កុំ​» ឱ្យបាន​ហ្មត់ចត់ ដើម្បី​កាត់បន្ថយ ហានិភ័យ​នៃ ការឆ្លង​វីរុស​កូ​វីដ​-១៩ រួមទាំង​អនុវត្ត​វិធានការ សុខភាព​សាធារណៈ និង​សង្គម​ចាំបាច់​នានា ដូចជា ការពាក់​ម៉ាស់ ឱ្យបាន​ត្រឹមត្រូវ អនាម័យ​ដៃ ដោយ​លាង​សម្អាត​ញឹកញាប់ ការរក្សា​គម្លាត​សុវត្ថិភាព បុគ្គល ១,៥ ម៉ែត្រ​ឡើង ការកែលម្អ​ខ្យល់​ចេញចូល នៃ​ទីធ្លា​ក្នុងផ្ទះ ឬ​ទីតាំង​ការងារ ឬ​ទីតាំង​ប្រកប​របរ​រកស៊ី​ទទួល​ទាន ចៀសវាង​កន្លែង មាន​មនុស្ស​ច្រើន កន្លែង​ដែល​បិទ​ជិត គ្មាន​ខ្យល់​ចេញចូល និង​ទទួល​ចាក់​ថ្នាំ​បង្ការ​ជំងឺ​កូដ​-១៩ ឱ្យបាន​គ្រប់​ដូ​ស​មូលដ្ឋាន ទាំងអស់គ្នា​។​

២. រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន ឬ​គ្រូពេទ្យ ដែល​នៅ​ជិត​លោកអ្នក អំពី​ករណី​សង្ស័យ ណាមួយ ដែល​ពាក់ព័ន្ធ​ទៅនឹង​ភាពខុសប្លែក​ធម្មតា នៃ​រោគសញ្ញា ឬ​ជំងឺ និង​ត្រូវ​នៅ​ដាច់ ដោយឡែក ដើម្បី​កុំឱ្យ​មានការ​ចម្លង​បន្ត ទៅ​អ្នក​ដែល​នៅ​ជិត​ខ្លួន ឬ​ក្រុមគ្រួសារ​ខ្លួន ក្នុងពេល​រង់ចាំ​ការវិភាគ ដើម្បី​រក​វីរុស​កូ​វីដ​-១៩​ថ្មី​នេះ​។​

៣. ត្រូវ​ជំរុញ​ប្រជាពលរដ្ឋ ឱ្យទៅ​ទទួល​ការចាក់​វ៉ាក់សាំង កូ​វីដ​-១៩ ឱ្យបាន​គ្រប់គ្នា ជាពិសេស ជន​ដែល​ងាយ​រងគ្រោះ និង​បង្កើន​ការយកចិត្តទុកដាក់ បន្ថែមទៀត ដោយ​បុគ្គល​ម្នាក់ៗ ត្រូវ​ទទួលខុសត្រូវ លើ​ការការពារ​ខ្លួន ព្រមទាំង​គ្រួសារ និង​សហគមន៍ ត្រូវ​លើកកម្ពស់​ការចូលរួម តាមដាន និង​អនុវត្ត​វិធានការ​ការពារ និង​ស្វែងរក​ការព្យាបាល ឱ្យបាន​ទាន់ពេលវេលា ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត អ្នកជំងឺ​ធ្ងន់ៗ ជាដើម​៕/V​