​ប្រែ​សម្រួលៈ​វាសនា​៖ ចិន​បាន​រំលឹក​តៃវ៉ាន់​ថា កោះ​សេរីនិយម​នេះ​ជា​ផ្នែក​មួយ​របស់​ចិន​ហើយ​នឹង​ប្រើ​កម្លាំង​ចាប់​យក​វា​មក​បង្រួបបង្រួម​ជាមួយ​មហា​ចិនដីគោក​វិញ​ក្នុងករណី​ចាំបាច់ បន្ទាប់​ពី​ខ្លួន​​បាន​បញ្ជូន​យន្តហោះ​ប្រយុទ្ធ​ចូល​កៀក​កោះ​នេះ​ចំ​ពេល​រដ្ឋាភិបាល​ក្រុង​តៃប៉ិះ​ទទួល​ស្វាគមន៍​គណៈប្រតិភូស​ភា​អាម៉េរិក​ជាថ្មី​។​

​ចិន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់​ចូលក្នុង​អ្វី​ដែល​តៃវ៉ាន់​អះអាងថា​ជា​តំបន់​ការពារ​ដែល​អាកាស​របស់ខ្លួន​

​ការបង្ហាញ​កម្លាំង​នេះ​កើត​ឡើង​នៅ​ពេល​គណៈប្រតិភូ​សភា​អាម៉េរិក​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​កោះ​នេះ និង​ជា​ដំណើរ​ទស្សនកិច្ច​ដូច្នេះ​លើក​ទី​២​ក្នុង​រយៈពេល​តែ​មួយ​ខែ​។​

​វរសេនីយ៍ឯក ស៊ី យី អ្នកនាំពាក្យ​សំរាប់​បញ្ជាការ​តំបន់​ខាងកើត​របស់​ក​ង​ទ័ព​រំដោះប្រជាជន​(​ចិន​) បាន​និយាយថា ក្រុម​របស់​លោក​បន្ត​ធ្វើ​ការ​ល្បាត​ទ័ពអាកាស​និង​ជើង​ទឹក​ជាមួយនឹង​ការ​ត្រៀមប្រយុទ្ធ​​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ និង​ថា​«​វា​មាន​ភាពចាំបាច់​ក្នុង​ការឆ្លើយតប​នឹង​សភាពការណ៍​កាត់​ច្រក​សមុទ្រ​»​។​

​សូមបញ្ជាក់​ថា ក្រោយ​ជំនួប​កំពូល​រវាង​ប្រធានាធិបតី​ចិន និង​សម​ភាគី​អាម៉េរិក ចូ បៃ​ដិន ដែល​បាន​បញ្ជាក់ថា អាម៉េរិក​មិន​គាំទ្រ​ការ​ផ្តាច់ខ្លួន​តៃវ៉ាន់​និង​«​ទទួលស្គាល់​គោល​ការ​ចិន​មួយ​» អាម៉េរិក​ជាថ្មី​​ទៀត​បាន​បញ្ជូន​គណៈប្រតិភូ​សភា​មក​កាន់​កោះ​តៃវ៉ាន់​កាលពី​ថ្ងៃ​សុក្រ​។​

​សភា​តៃវ៉ាន់​កាលពី​ថ្ងៃ​អង្គារ​បានអនុម័ត​ថវិកា​ពិសេស​តំលៃ​៨,៦៣​ពាន់​លាន​ដុល្លារ​សំរាប់​បន្ថែម​សព្វាវុធ​អោយ​កងកម្លាំង​ទ័ពអាកាស​និង​ជើង​ទឹក​របស់ខ្លួន​ដើម្បី​ទប់ទល់​នឹង​ការធ្វើ​ទំនើបកម្ម​យោធា និង​សកម្មភាព​កាន់តែ​គំរាម​ខ្លាំង​ឡើង​ពី​ចិន​។​

​យុទ្ធោបករណ៍​ដែល​តៃវ៉ាន់​ប្រុង​ទិញ​រួមមាន កាំជ្រួច​ប្រឆាំង​វា​នា កាំជ្រួច​ប្រឆាំង​យន្តហោះ កាំជ្រួច​ចម្ងាយ​ឆ្ងាយ នាវា ដ្រូ​ន ព្រមទាំង​កាំជ្រួច​បណ្តែត​ពី​អាកាស​មក​ដី​។​

​អាម៉េរិក​និង​សម្ពន្ធមិត្ត​ក៏​បង្កើន​វត្តមាន​របស់​គេ​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​។​នៅ​សប្តាហ៍​នេះ កងទ័ព​ចិន​បាន​តាមដាន​នាវាចម្បាំង​អាម៉េរិក​មួយ​ដែល​បាន​បើក​ឆ្លងកាត់​ច្រក​ស​មុ​​ទ្រ​តៃវ៉ាន់ នៅក្នុង​អ្វីដែល​ចិន​ហៅថា «​ចំណាត់ការ​ប្រឈម​គ្រោះថ្នាក​និង​បង្ករឿង​»​មួយ​៕

​សមាជិកសភា​អាម៉េរិក​បានទទួល​ការស្វាគមន៍​ពី​ប្រធានាធិបតី​តៃវ៉ាន់​នៅ​ក្រុង​តៃប៉ិះ​កាលពី​ថ្ងៃ​២៦​វិច្ឆិកា​