​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖​ក្រសួង​សុខាភិបាល​អាហ្វ្រិក​ខាងត្បូង​កាលពី​ថ្ងៃ​សុក្រ​ទី​២៦​វិច្ឆិកា​បាន​វាយប្រហារ​លើ​ការ​ប្រញាប់ប្រញាល់​ជា​សាកល​ក្នុង​ការ​ដាក់​បម្រាម​លើ​ការធ្វើដំណើរ​​ដើម្បី​ពន្យឺត​ការរីក​រាលដាល​នៃ​កូវី​ដ​បំ​ប្លែង​ខ្លួន​ថ្មី​ថា “​ធ្ងន់ធ្ងរ​” មិន​មាន​លក្ខណៈ​វិទ្យាសាស្ត្រ និង​ផ្ទុយទៅនឹង​ការណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO)​។​

​មេរោគ​បំប្លែង​ថ្មី​ឈ្មោះ​ថា Omicron ត្រូវ​បាន​ស្តីបន្ទោស​ចំពោះ​ការកើនឡើង​នៃ​ករណី​ឆ្លង​នៅ​អាហ្វ្រិក​ខាងត្បូង ប៉ុន្តែ​បាន​រីក​រាលដាល​រួចហើយ​នៅ​ហុងកុង បែលហ្ស៊ិក អ៊ីស្រាអែល និង​បុត​ស្វា​ណា​។​

​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​លោក ចូ ផា​អា​ឡា បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា “​យើង​ជឿ​ថា​ប្រតិកម្ម​មួយ​ចំនួន​មិន​សម​ហេតុផល​ទេ​”​ដោយ​ចោទប្រកាន់​មេដឹកនាំ​មួយចំនួន​ដែល​គាត់​មិន​​បាន​បញ្ចេញ​ឈ្មោះ​ថា​កំពុង​ស្វែងរក “​អ្នក​រង​កំហុស​ជំនួស​”​។​

​ចក្រភព​អង់គ្លេស​គឺជា​ប្រទេស​ដំបូង​គេ​ដែល​ហាមប្រាម​ការហោះហើរ​ពី​បណ្តា​ប្រទេស​នៅ​ភាគខាងត្បូង​នៃ​ទ្វីបអាហ្វ្រិក​ត្រឹម​តែ​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ប្រទេស​អាហ្វ្រិក​ខាងត្បូង​បាន​ប្រកាសថា​ខ្លួន​បាន​​រកឃើញ​មេរោគ​បំប្លែង​ថ្មី​ឆ្លង​ខ្លាំង​ជាង​មុន​។​

​កាលពី​ថ្ងៃ​សុក្រ អូទ្រីស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូ​ឡង់ និង​សហរដ្ឋ​អាម៉េរិក ក្នុងចំណោម​ប្រទេស​ដទៃ​ទៀត​បាន​ចូលរួម​ជាមួយ​ចក្រភព​អង់គ្លេស​ក្នុងការ​រឹតបន្តឹង​ជើងហោះហើរ​ពី​តំបន់​អាហ្វ្រិក​។​

​គណៈកម្មការ​អឺរ៉ុប​ក៏​បាន​ស្នើ​ឱ្យ​មាន​ការផ្អាក​ទាំងស្រុង​នូវ​ជើងហោះហើរ​ទៅ​មក​ពី​ភាគខាងត្បូង​ទ្វីបអាហ្វ្រិក​ផងដែរ​រហូត​ដល់​មាន “​ការយល់ដឹង​ច្បាស់លាស់​អំពី​គ្រោះថ្នាក់​”​ដែល​បង្កឡើង​ដោយ​មេរោគ​​បំប្លែង​ខ្លួន​ថ្មី​។​

​ទោះយ៉ាងណា អង្គការ​សុខភាព​ពិភព​កាលពី​ថ្ងៃ​សុក្រ​បាន​ជំរុញ​ឱ្យ​ប្រឆាំង​នឹង​ការទប់ស្កាត់​ការធ្វើដំណើរ​នៅ​ដំណាក់កាល​នេះ​។​

​ទីភ្នាក់ងារ​នេះ​បាន​ព្រមាន​ថា វា​អាច​ចំណាយ​ពេល​ច្រើន​សប្តាហ៍​ដើម្បី​រក​ឃើញ​ថា​តើ​ការ​បំប្លែង​ដែល​ទើប​រកឃើញ​ថ្មី​នេះ​ធ្វើឱ្យ​មេរោគ​កូរ៉ូណា​កាន់តែ​គ្រោះថ្នាក់​ឬ​ឆ្លង​លឿន​កម្រិតណា​។​

​លោក​ផា​អា​ឡា​បាន​និយាយថា ការ​ហាមប្រាម​នេះ​គឺជា “​វិធីសាស្ត្រ​ខុសឆ្គង​។ វា​គឺ​ប្រាស់ចាក​ទិសដៅ​និង​ផ្ទុយ​ពី​បទដ្ឋាន​និង​ការណែនាំ​របស់ WHO”​។​

​លោក​និយាយថា “​យើង​មាន​អារម្មណ៍​ថា​ថ្នាក់ដឹកនាំ​ប្រទេស​មួយចំនួន​កំពុង​ស្វែងរក​អ្នក​ទទួល​កំហុស​ជំនួស​ដើម្បី​ដោះស្រាយ​នូវ​អ្វី​ដែល​ជា​បញ្ហា​ទូទាំង​ពិភពលោក​”៕

​បម្រាម​លើ​ការធ្វើដំណើរ​បណ្តាលឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​វិស័យ​ទេសចរណ៍​របស់​អាហ្វ្រិក​ខាងត្បូង​