ដោយៈ អង្គា​រ៍​ហេង / ភ្នំពេញៈ នារី​ម្នាក់ ព្រោះតែ​ខូចចិត្ត​រឿង​ស្នេហា បានសម្រេច​ចិត្ត មក​បញ្ចប់ជីវិត ដោយ​ការ​លោតទឹក​សម្លាប់ខ្លួន ពីលើ​ស្ពាន​ជ្រោយចង្វា បន្សល់ទុក​តែ​កាបូប និង​ស្បែកជើង​១​គូ ប៉ុណ្ណោះ នៅលើ​ស្ពាន​។ ហេតុការណ៍​នេះ បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ៣ ទៀបភ្លឺ ឈានចូល​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២១​។​

​ប្រភពព័ត៌មាន​ពី​មិត្តភក្ដិ​របស់​នារី ដែល​លោតទឹក​សម្លាប់ខ្លួន បានឱ្យដឹងថាៈ នារី​ដែល​លោត ទឹក​សម្លាប់ខ្លួន​នេះ មាន​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ ម៉ាក់ យ៉ា​ប៊ី អាយុ​២៨​ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅ​ផ្ទះជួល ក្រោយ​តា​សេត ក្បែរ​អូ​តែ​ល​សុខា ក្នុង​សង្កាត់​ជ្រោយចង្វា​។​

​បើតាម​មិត្តភក្តិ​របស់​នាង បាន​បន្តទៀតថាៈ នៅ​មុនពេល​កើតហេតុ នាង​បាន​អង្គុយ​ហូប អាហារ ជាមួយ​មិត្តភក្តិ នៅ​ជិត​អូ​តែ​ល​សុខា រហូតដល់​ម៉ោង​ប្រហែល ១ រំលងអធ្រាត្រ​។
​ប៉ុន្តែ​ពួកនាង​ពិតជា​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ដោយ​បន្ទាប់ពី​បែក​គ្នា ទៅផ្ទះ​រៀងៗ​ខ្លួន​នោះ ស្រាប់តែ​នាង​យ៉ា​ប៊ី បាន​ផ្ញើ​វីដេអូ ឃើញ​នាង​កំពុងស្ថិត​នៅលើ​ស្ពាន​ជ្រោយចង្វា និង​បាន​ប្រាប់ បែបនេះ​ថា «​អ្នក​ល្អ​ពេក​ហើយ​, អរគុណ​ណា ពេលវេលា​ល្អៗ​, ចាំមើល​ព័ត៌មាន​ទៅ​, ទៅហើយ​សុំទោស​»​។​

​ក្រោយពី​បានឃើញ​បែបនេះ នារី​២​នាក់ ជា​មិត្តភក្តិ ក៏បាន​នាំគ្នា​ជិះ​ម៉ូតូ មក​មើល​លើ​ស្ពាន ជ្រោយចង្វា​ភ្លាមៗ ហើយ​ក៏បាន​ប្រទះឃើញ​កាបូប និង​ស្បែកជើង គឺជា​របស់​នាង យ៉ាងពិត​ប្រាកដ​។​

​ជាមួយគ្នានេះ ដោយសារតែ​មិន​ជឿថា នាង​មក​លោតទឹក​សម្លាប់ខ្លួន​បែបនេះ នារី​ម្នាក់​ដែល មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Kanha Kanha ដែល​ប្រហែល​ត្រូវជា​បង រាប់អាន​គ្នា​ជិត ស្និទ្ធ បាន​បង្ហោះ​សារ​ថាៈ «​ឆាប់​មក​ផ្ទះ​វិញ​មក​អូន បង​ចាំ​អូន​ឯង​នៅផ្ទះ មិត្ត​ភ​ក្កិ​គ្រប់គ្នា ក៏​ចាំ​អូន​ឯង​នៅផ្ទះ ដែល​គេ​បារម្ភ​ពី​អូន​ខ្លាំងណាស់ ឆាប់​មក​ផ្ទះ​វិញ​មក​ណា​អូន កុំ​ធ្វើ​អញ្ចឹង​អី បង​មិន​ជឿថា អូន​ធ្វើ​អញ្ចឹងទេ អូន​ជាម​នុស្ស​មួយ ដែល​រឹងមាំ​ខ្លាំងណាស់ បង​រង់ចាំ​អូន​ឯង នៅផ្ទះ​ណា មានរឿង​អី យើង​ដោះស្រាយ​ជាមួយ​មិត្ត​ភ​ក្កិ ឬក៏​បង​ទៅណា​អូន កុំ​ធ្វើ​អញ្ចឹង​ណា មក​ផ្ទះ​វិញ​មក​អូន អាណិត​ប៉ា​ម៉ាក់​អូន នៅផ្ទះ​អត់ ឬក៏​យាយ​តា​ណា​អូន ឆាប់​មក​ផ្ទះ​វិញ មក​»​។​

​តែ​ទោះជា​យ៉ាងណា មិត្តភក្តិ​គ្រប់គ្នា រង់​ចាំមើល​គ្រប់ ៤០ ម៉ោង ប្រសិនបើ​នារី​ខាងលើ មិន​វិល​មក​ផ្ទះ​វិញ​ទេ គឺ​មានតែ​ជិះទូក ស្វែងរក​សព​តែប៉ុណ្ណោះ​៕/V​