ដោយ​: ភ្នំ​ខៀវ / បាត់ដំបង​÷ ប្រជាកសិករ នៅក្នុង​ស្រុក​ប​វេ​ល ចាប់ផ្តើម​ប្រមូល​ផល​ស្រូវ ដំណាក់កាល​ទី ២ លក់​បង្កើន​ប្រាក់ចំណូល ទ្រទ្រង់​សេដ្ឋកិច្ច​គ្រួសារ ប្រចាំ​រដូវ​។​

​កសិករ រស់នៅក្នុង​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង បានបញ្ជាក់​ឲ្យ​ដឹង នៅ​ចុង​សប្តាហ៍​នេះ​ថា​÷ ឆ្នាំនេះ លោក​ដាំ​ដុះ​ស្រូវ ជិត ១០ ហិកតា បើ​ធៀប​នឹង​ឆ្នាំវគ្គ​ទី​១ និង​ទី​២ ទទួលបាន​ផល ប្រហាក់ប្រហែលគ្នា ចាប់ពី ៤ ទៅ ៥ តោន​ក្នុង ១​ហិកតា​។
​ដោយឡែក ចំពោះ​ទីផ្សារ​នៅ​សប្តាហ៍​មុន ស្រូវ​រំដួល​ប្រភេទ​លេខ ១ ធ្លាក់​ថ្លៃ​បន្តិច លក់បាន ក្នុងតម្លៃ ៧៨ ម៉ឺន​រៀល ក្នុង ១​តោន ប៉ុន្តែ​ហាងឆេង នៅ​ថ្ងៃទី ២៦ ខែវិច្ឆិកា កន្លងមកនេះ តម្លៃ​ស្រូវ​កាន់តែ​ធ្លាក់​ទាប បន្ថែមទៀត លក់បាន​ក្នុង ១ តោន តម្លៃ​ត្រឹមតែ ៧៣ ម៉ឺន​រៀល ប៉ុណ្ណោះ តម្លៃ​ខាងលើនេះ បើ​ទូទាត់​ថ្លៃដើម គឺ​មិន​ចំណេញ​ទេ តែបើ​លក់បាន​ក្នុងតម្លៃ​ជាង ១ លាន ក្នុង​តោន​នោះ ទើប​ចំណេញ​បាន​ខ្លះ​។ ទោះជា​បែបនេះ ក៏​ពួកគាត់​នៅតែ​ដាំ​ដុះ មិន​រាថយ​ដែរ ព្រោះ​ជា​មុខរបរ​ត​ពូជ​ពី​ម៉ែ ឳ និង​ដូនតា​ជា​យូរ​មក​។​

​មន្ត្រីឃុំ​ខ្នាចរមាស បាន​សំណូមពរ​ដែរ​ថា​÷ លោក​ទទូច​សុំ​ឲ្យ​បងប្អូន​ប្រជាកសិករ​ទាំងអស់ ងាក​មក​លក់​ស្រូវ ឲ្យ​សហគមន៍ ឲ្យ​បាន​ច្រើន ព្រោះ​លក់​ស្រូវ​ឲ្យ​សហគមន៍ គេ​ទទួល​ទិញ ទូលាយ មិន​កំណត់​ចំនួន ហើយ​មានតម្លៃ​ខ្ពស់​ស្ថិតស្ថេរ​មិន​ឡើង​ចុះ មិន​ទម្លាក់​ថ្លៃ​ដូច​ឈ្មួញ ឡើយ ។ ម្យ៉ាងទៀត សហគមន៍​ជួយ​ទិញស្រូវ​ពី​កសិករ ទោះជា​ស្រូវ​អន់​បន្តិច ក៏​ជួយ​ទិញ ក្នុងតម្លៃ​សមរម្យ​ដែរ​។​

​ចំណែកឯ​លោក ឈឹម វ​ជ្ជ​រ៉ា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តបាត់ដំបង បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​÷ ឆ្នាំនេះ​ស្រូវ ដែល​កសិករ បង្កបង្កើនផល​បាន ចំនួន ៣៩៧ ៦២៨ ហិកតា នៃ​ផែនការ ៣៣០.០០០ ហិកតា ក្នុងនោះ ស្រូវស្រាល កសិករ​ដាំ​ដុះ​បាន ចំនួន ២២៤.៣៩៣ ហិកតា​, ស្រូវកណ្តាល ចំនួន ១១៦.៤៨៣ ហិ​ក និង​ស្រូវធ្ងន់​ចំនួន ៥២.៧២២ ហិកតា​។​

​ការប្រមូល​ផល​ស្រូវ​របស់ ប្រជាកសិករ ចំពោះមុខ​នេះ គឺជា​ប្រភេទ​ស្រូវ​បង្កើន​រដូវ​។ បច្ចុប្បន្ន ក្រុម​ឈ្មួញ និង​ក្រុមហ៊ុន​នានា ប្រមូល​ទិញស្រូវ សម្រាប់​បម្រើការ​ផ្គត់ផ្គង់ ទៅ​ក្រៅប្រទេស ធៀប​នឹង​រយ​:​ពេល​ដូចគ្នា តម្លៃ​ស្រូវ​ធ្លាក់ចុះ​បន្តិច ដោយ​ហាងឆេង​ទីផ្សារ​៕/V​