ដោយ​: ភ្នំ​ខៀវ / ប៉ៃលិន​: អាជ្ញាធរខេត្ត​ប៉ៃលិន ចុះ​ពិនិត្យ​កំណាត់​ផ្លូវ ២​ខ្សែ ដែល​កំពុង​ចាប់ផ្តើម ដំណើរការ​សាងសង់​ផ្លូវ ក្រាល​កៅស៊ូ ដើម្បី​សម្រួល​ចរាចរណ៍ និង​ដឹកជញ្ជូន កសិផល​ទៅមក​។​

​ក្នុង​ការចុះពិនិត្យ​ផ្លូវ នៅ​ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ លោកស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​លើកឡើងថា​÷ ការសាងសង់ និង​ជួសជុល​ក្រាល​កៅស៊ូ​នេះ រួមមាន​ផ្លូវ ចំនួន ២ ខ្សែ ដែល​១​ខ្សែ ត​ភ្ជាប់​ពី​ចំណុច​បំបែក​ផ្លូវជាតិ​លេខ ៥៧ ក្នុងភូមិ​ទំនប់ ទៅដល់​ចំណុច​ផ្សារ​ឃែ​រ ក្នុង​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ។ ចំណែកឯ ១​ខ្សែ​ទៀត ត​ភ្ជាប់​ពី​ផ្សារ​ឃែ​រ ឋិត​ក្នុងភូមិ​ដី ស ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ទៅកាន់​ចំណុច​អូរ​សួស្តី ក្នុងភូមិ​ប៉ាង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។​

​លោកស្រី អភិបាលខេត្ត បាន​បន្តថា​÷ កំណាត់​ផ្លូវ ដែល​ដាក់​ឲ្យ​ដំណើរការ​ស្ថាបនា ក្នុងស្ថានភាព​ប្រទេស​ពោរពេញ ដោយ​សន្តិភាព​នេះដែរ ពិត​ជាមាន​សារសំខាន់ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ ទាំង​នៅ​ជុំវិញ​តំបន់​នេះ ទាំង​ពលរដ្ឋ នៅ​ក្រៅពី​តំបន់​នេះ ដែល​ចាំបាច់​ឆ្លងកាត់​ទៅមក ពិសេស​សម្រួល​ការដឹក​ជញ្ជូន កសិផល​នានា ពី​ស្រែចម្ការ ទៅកាន់​ទីផ្សារ និង​ព​ន្លឿ​ន​ការធ្វើដំណើរ​បាន​លឿន​ងាយស្រួល​ផងដែរ​។​

​កំណាត់​ផ្លូវ​ចំនួន ២​ខ្សែ ជា​សមិទ្ធផល​ថ្មី​ខាងលើ មាន​ប្រវែង​សរុប​ចំនួន ៥៤ គីឡូម៉ែត្រ ក្នុងនោះ មួយ​ខ្សែ មាន​ប្រវែង ២៤ គីឡូម៉ែត្រ ទទឹង​ប្រវែង ៨ ម៉ែត្រ និង​មួយ​ខ្សែ​ទៀត មាន​ប្រវែង ៣០ គីឡូម៉ែត្រ ទទឹង ៦ ម៉ែត្រ ព្រមទាំង​មាន​បំពាក់​ប្រព័ន្ធ​លូ ជាច្រើន​កន្លែង តាម​បច្ចេកទេស​ជំនាញ ដើម្បី​បញ្ចៀស​បញ្ហា​ទឹក​ជន់​លិច​ផ្លូវ ឬ​លិច​លំនៅដ្ឋាន​របស់ ប្រជាពលរដ្ឋ​នៅ​រដូវវស្សា​៕/V​