​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស៊ីនហួ​) ៖ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​ឡាវ លោក ជាំ​ង ចាយ​តុង បាន​និយាយថា ផ្លូវដែក​ចិន​-​ឡាវ គឺជា​ផ្លូវ​នៃ​ការតភ្ជាប់​និង​ជា​ផ្លូវ​នៃ​មិត្តភាព​ផងដែរ​ហើយ​កិច្ច​​សហប្រតិបត្តិការ​នៃ​គម្រោង​នេះ​បង្ហាញ​ពី​ស្មារតី​នៃ​សហគមន៍​ចិន​-​ឡាវ​ដែល​ចែករំលែក​អនាគត​រួមគ្នា​។​

​ដោយ​សំអាង​លើ​ចរិតលក្ខណៈ​និង​ការ​បំផុសទឹកចិត្ត​ពី​ផ្លូវដែក​ចិន​-​ឡាវ លោក​ឯកអគ្គរដ្ឋទូត​ជាំ​ង​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ថ្មីៗ​នេះ​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីនហួ​ថា​វា​គឺជា​គម្រោង​ដែល​​ភាគី​ទាំង​ពីរ​សហការគ្នា​ដោយ​ស្មោះត្រង់ និង​បន្ត​ស្វែងរក​ភាពល្អ​ប្រពៃ​ក្រោម​ការណែនាំ​របស់​ថ្នាក់ដឹកនាំ​កំពូល ហើយ​ភាគី​ទាំង​ពីរ​គួរតែ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ផលប្រយោជន៍​ទៅវិញទៅមក​។​

​ការសាងសង់​ផ្លូវ​ដែក​នេះ​បាន​ចាប់ផ្តើម​នៅ​ខែ​ធ្នូ ឆ្នាំ ២០១៦​។ វា​ត្រូវ​បាន​រំពឹងថា​នឹង​ដំណើរការ​នៅ​ខែ​ធ្នូ ឆ្នាំ ២០២១​។​

​ផ្លូវដែក​ឆ្លងកាត់​ព្រំដែន​ប្រវែង ១.០១៣ គីឡូម៉ែត្រ​នេះ​គឺ​មាន​ពីរ​ផ្នែក មួយ​គឺ​នៅ​ប្រទេស​ចិន​និង​មួយទៀត​នៅ​ប្រទេស​ឡាវ​។ កំណាត់​ផ្លូវ​ប្រវែង ៤១៤ គីឡូម៉ែត្រ​ក្នុង​ប្រទេស​ឡាវ​នឹង​រត់​ពី​ច្រកព្រំដែន​​បូ​ធិន​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ទៅ​កាន់​ទីក្រុង​វៀងចន្ទន៍​របស់​ឡាវ ជាមួយនឹង​ល្បឿន​ប្រតិបត្តិការ ១៦០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​លោក​ជាំ​ង​និយាយថា គម្រោង​នេះ​គឺជា​សមិទ្ធិផល​ដ៏​សំខាន់​មួយ​នៃ​ការចូល​ភ្ជាប់​នឹង​គំនិត​ផ្តួចផ្តើម​អំពី​ក្រវាត់​និង​ផ្លូវ​ដែល​ស្នើឡើង​ដោយ​ប្រទេស​ចិន និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​របស់​ឡាវ ដើម្បី​បំ​ប្លែងខ្លួន​ពី​ប្រទេស​ព្រំដែន​គោក​ទាំងស្រុង​ទៅ​ជា​មជ្ឈមណ្ឌល​ត​ភ្ជាប់​ដី​គោក​៕

​ផ្លូវដែក​ឆ្លងកាត់​ព្រំដែន​ប្រវែង ១.០១៣ គីឡូម៉ែត្រ​រំពឹង​ដំណើរការ​នៅ​ខែ​ធ្នូ ឆ្នាំ ២០២១​