​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស៊ីនហួ​) ៖ ទូរទស្សន៍ CNN បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ទី​២៦​វិច្ឆិកា​ថា បន្ទាប់ពី​មាន​ការរិះគន់​ចំពោះ​ការផ្តន្ទាទោស​ពីបទ​ចាប់រំលោភ​របស់​ថៃ​សាន់​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៩០ និង​បញ្ហា​ផ្សេង​ទៀត​ជាមួយនឹង​ច្បាប់ រដ្ឋាភិបាល​ម៉ាឡាវី​បានបង្ហាញ​ហេតុផល​របស់ខ្លួន​ក្នុង​ការតែងតាំង​អតីត​អ្នក​ប្រដាល់​រូប​នេះ​ជា​ឯកអគ្គរដ្ឋទូត​កញ្ឆា​ផ្លូវការ​របស់​ប្រទេស​។​

​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ម៉ាឡាវី លោក ឡូ​ប៊ីន ឡូ​វ បានសរសេរថា​ថៃ​សាន់​បាន​ជំរុញ​លើកទឹកចិត្ត​ខ្លួន​គាត់​ឱ្យ​ក្លាយជា​មុខមាត់​នៃ​វិស័យ​កញ្ឆា​របស់​ប្រទេស​ដើម្បី​ទាក់ទាញ​វិនិយោគិន​និង​ពង្រីក​ស​ក្តានុ​​ពល​ទេសចរណ៍​។ ថៃ​សាន់​បាន​ចូលរួម​ក្នុង​ទីផ្សារ​កញ្ឆា​នៅ​សហរដ្ឋ​អាម៉េរិក​តាមរយៈ​គម្រោង​ជា​ច្រើន​និង​ជា​ម្ចាស់​ម៉ាក​យីហោ​ផលិតផល​កញ្ឆា​ផ្ទាល់ខ្លួន​របស់​គាត់​គឺ Tyson Ranch ។​

​យោងតាម​របាយការណ៍ កិច្ចព្រមព្រៀង​ជាមួយ​ថៃ​សាន់​ត្រូវបាន​សម្របសម្រួល​ដោយ​សមាគម​កញ្ឆា​សហរដ្ឋ​អាម៉េរិក​។ ទោះយ៉ាងណា គេ​មិន​ទាន់​ច្បាស់​ទេ​ថា​តើ​ថៃ​សាន់​ដែល​បាន​បង្កើត​ប្រវត្តិសាស្ត្រ​​ជា​ជើងឯក​ប្រដាល់​ទម្ងន់​ធ្ងន់​វ័យក្មេង​បំផុត​របស់​ពិភពលោក​ក្នុង​ឆ្នាំ ១៩៨៦ បាន​ទទួលយក​ការអញ្ជើញ​នេះ​ឬ​យ៉ាងណា​នោះ​ទេ​។​

​ការអញ្ជើញ​របស់​រដ្ឋាភិបាល​បាន​បង្ក​ឱ្យ​មាន​ការជ​ជែក​ដេញដោល​ក្នុងប្រទេស ដោយ​មជ្ឈមណ្ឌល​គណនេយ្យ​ភាព​សាធារណៈ (CPA)​របស់​ម៉ាឡាវី​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ថា​មិន​អើពើ​នឹង​​ការផ្តន្ទាទោស​ពី​មុន​របស់​ថៃ​សាន់ ដោយ​ជជីក​សួរថា​តើ​គាត់​ស័ក្តិសម​សម្រាប់​តួនាទី​នេះ​ដែរ​ឬទេ​។​

​អតីត​អ្នក​ប្រដាល់​វ័យ ៥៥ ឆ្នាំ​រូប​នេះ​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​ក្នុង​ឆ្នាំ ១៩៩២ បន្ទាប់​ពី​ត្រូវបាន​រកឃើញ​ថា​មាន​ពិរុទ្ធ​ពី​បទ​រំលោភ​លើ​បេ​ក្ខ​នារី​វគ្គ​ផ្តាច់ព្រ័ត្រ​គឺ​បវរកញ្ញា​អាម៉េរិក​ស្បែក​ខ្មៅ នាង ឌី​ស៊ី​រី វ៉ាស៊ីនតោន នៅក្នុង​បន្ទប់​សណ្ឋាគារ​មួយ​។ នៅ​ឆ្នាំ ១៩៩៥ គាត់​ត្រូវបាន​ដោះលែង​ដោយ​ការព្យួរទោស​មាន​លក្ខខណ្ឌ​។​

​នាយក​ស្តីទី​នៃ CPA លោក ខុន​វ៉ាន់​នី មុន​ថា​លី បាន​ប្រាប់ CNN ថា ការជួល​ជន​រំលោភ​សេពសន្ថវៈ​គឺជា “​ការខុសឆ្គង​”​។​

​លោក​និយាយថា “​ពិត​ហើយ​គាត់​បាន​សងបំណុល​នេះ​វិញ​ដោយ​ការជាប់គុក​៣​ឆ្នាំ ប៉ុន្តែ​យើង​សូម​និយាយ​ថា​ដើម្បី​ក្លាយជា​មុខមាត់​ប្រទេស​មួយ​គឺ​មិន​អាច​ជា​អ្នកទោស​ទេ​។ យើង​ចង់បាន​មនុស្ស​ដែល​មាន​រឿងចម្រូងចម្រាស​តិច​ជាង​ថៃ​សាន់​”៕

ថៃ​សាន់​ត្រូវបាន​អញ្ជើញ​ឱ្យធ្វើជា​ឯកអគ្គរដ្ឋទូត​កញ្ឆារ​បស់​ម៉ាឡាវី