​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ (ACCB) បាន​អះអាងថា ថ្ងៃទី​២៧ ខែវិច្ឆិកា ជា​ទិវា​នៃ​ការ​ចិញ្ចឹមសត្វ​អណ្តើក ។

​ប្រភព​ដដែល​បាន​បន្តថា ការ​ប្រារព្ធ​ទិវា​នេះ គឺ​ដើម្បី​ជាការ​លើកកម្ពស់​ការយ​ល់​ដឹង និង​ដើម្បី​ជម្រុញ​លើកទឹកចិត្ត​ដល់​មនុស្ស​ជាច្រើន​ផ្សេងទៀត​ឱ្យចូល​រួម​គាំទ្រ​ដល់​ការអភិរក្ស​សត្វ​អណ្តើក ប៉ុន្តែ​សូមកុំ​ច្រឡំ អត្ថន័យ​ពិត​នៃ​ពិធី​នេះ ។

​ប្រភព​ដដែល​បាន​បន្តថា ធ្វើបែបនេះ​វា​ប្រសើរ​ជាង​ការ​ធ្វើតាម​ចំណងជើង​អត្ថបទ​ដោយ​យល់​ខុស ហើយ​ទៅ​ទិញ​កូនអណ្តើក​នៅ​ហាង​លក់​សត្វ​ចិញ្ចឹម​យកមក​ចិញ្ចឹម​។

​ប្រភព​ដដែល​សង្កត់ធ្ងន់​ថា ការជួញដូរ​សត្វ​អណ្តើក​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា​អាចមាន​តម្លៃ​រហូតដល់​ទៅ ៨ លាន​ដុល្លារ​អាម៉េរិក ក្នុង​រយៈពេល​មួយឆ្នាំ​នៅ​ទូទាំង​សកលលោក រួមមាន​ទាំង​ការចាប់យក​ពី​ក្នុងព្រៃ​ផង ព្រមទាំង​ការចិញ្ចឹម​លក្ខណៈ​ឯកជន​តាម​កសិដ្ឋាន​នានា​ផង​។ តម្រូវការ​អណ្តើក​ទឹកសាប​មាន​ចំនួន​ច្រើន​លើសលប់​ណាស់ ទើប​ឥឡូវនេះ​ពួកវា​ត្រូវបាន​គេ​ដាក់បញ្ចូល​ទៅក្នុង​ក្រុម​មួយ ក្នុងចំណោម​ពពួកសត្វ​ឆ្អឹង​កង​ដែល​ទទួលរង​ការគំរាមកំហែង​ខ្លាំង​បំផុត រហូតមកដល់​បច្ចុប្បន្ន​នេះ​។​

​ទោះបីជា​សត្វ​អណ្តើក​ប្រឈម​នឹង​ការគំរាមកំហែង​ជាច្រើន​យ៉ាងណាក៏ដោយ តែ​ការចាប់​ប្រមូលយក​ពួកវា​ដោយផ្ទាល់​ពី​ក្នុងព្រៃ​មក ដើម្បី​ផ្គត់ផ្គង់​ឱ្យ​ទីផ្សារ​ជួញដូរ​សត្វព្រៃ​ក្នុងតម្លៃ​ខ្ពស់ គឺជា​មូលហេតុ​ចម្បង​ដែល​បណ្ដាលឱ្យមាន​ការថយចុះ​នៃ​ប្រភេទ​សត្វ​អណ្តើក​មួយចំនួនធំ​។ ពីមុនមក​មាន​អណ្តើក​ទឹក និង​អណ្តើក​គោក ចំនួន ៣៥៦ ប្រភេទ ដែល​ត្រូវបាន​គេ​ស្គាល់​នៅ​ទូទាំង​ពិភពលោក តែមាន​៨ ប្រភេទ ដែល​ត្រូវបាន​ផុត​ពូជ​ចាប់តាំងពី​ឆ្នាំ ១៥០០ នៃ​គ្រិស្ដសករាជ​មកម្ល៉េះ ហើយ​មាន ៦០% នៃ​ប្រភេទ​ទាំងនោះ ត្រូវបាន​គេ​ចាត់​ចំណាត់ថ្នាក់​ជា​ប្រភេទ​ងាយ​រងគ្រោះ ប្រភេទ​រងគ្រោះ​ជិត​ផុត​ពូជ ឬ​ប្រភេទ​រងគ្រោះ​ជិត​ផុត​ពូជ​បំផុត​៕​