​ប្រែ​សម្រួលៈ​វាសនា​៖​ថៃ​កាលពី​ថ្ងៃ​សៅរ៍​ទី​២៧​វិច្ឆិកា បាន​និយាយថា ខ្លួន​នឹង​ហាម​មិនអោយ​អ្នកដំណើរ​មកពី​ប្រទេស​នៅ​ទ្វីបអាហ្វ្រិក​ចំនួន​៨​ដែល​គិតថា​ជា​កន្លែង​មាន​ហានិភ័យ​ខ្ពស់​ពី​ការចម្លង​វីរុស​​បំប្លែង​ខ្លួន​អូ​មី​ក្រុង ចូល​ក្នុងប្រទេស​ខ្លួន​ទេ​។​

​ចាប់ពី​ខែ​ធ្នូ​ទៅ ការធ្វើដំណើរ​មក​ពី​ប្រទេស បុត​ស្វា​ណា ,​អេ​ស្វាទី​នី​,​ឡេ​សូ​ថូ​,​ម៉ាឡាវី​,​ម៉ូ​ហ្សំ​ប៊ិច​,​ណា​មី​ប៊ី ,​អាហ្វ្រិក​ខាងត្បូង​និង​ហ្ស៊ី​មបា​វ៉េ នឹង​ត្រូវ​ហាមឃាត់ នេះ​បើ​តាម​អ្វី​ដែល​មន្ត្រី​ថៃ​បាន​ប្រាប់​សន្និសីទ​កា​​សែត​មួយ​នៅ​ថ្ងៃ​សៅរ៍​។​មន្ត្រី​រូប​នេះ​បាន​និយាយថា ថៃ​មិន​ចុះឈ្មោះ​ទទួល​អ្នក​ដំណើរ​មក​ពី​ប្រទេស​ទាំងនេះ​ចាប់ពី​ថ្ងៃ​សៅរ៍​ទី​២៧​នេះ​។

​ការប្រកាស​របស់​ថៃ​នេះ​កើតឡើង​ចំ​ពេល​ប្រទេស​ជាច្រើន​នៅ​អាស៊ី អឺរ៉ុប អាម៉េរិក​និង​អូស្ត្រាលី បាន​ចាត់​វិធានការ​ដូចគ្នា នៅ​ពេល​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​អាហ្វ្រិក​ខាងត្បូង​ប្រកាស​រកឃើញ​វីរុស​ថ្មី​នេះ​​ជា​លើកដំបូង និង​អង្គការ​សុខភាព​ពិភពលោក​បើក​កិច្ចប្រជុំ​គ្រាអាសន្ន​ហើយ​ប្រកាស​ចាត់ទុក​វា​ជា «​វីរុស​គួរអោយ​បារម្ភ​»​។​

​នៅ​ថ្ងៃនេះ​ដែរ ស្រីលង្កា បាន​និយាយថា​ខ្លួន​ហាម​អ្នកដំណើរ​មកពី​ប្រទេស​អាហ្វ្រិក​ចំនួន​៦ ដោយសារ​តែ​បារម្ភ​អំពី​វីរុស​អូ​មី​ក្រុង នេះដែរ ។​

​រដ្ឋាភិបាល​ក្រុង​កូឡុំបូ បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ចាប់ពី​ថ្ងៃ​ចន្ទ​ទៅ អ្នកដំណើរ​មក​ពី​អាហ្វ្រិក​ខាងត្បូង​, បុត​ស្វា​ណា​, ហ្ស៊ី​មបា​វ៉េ​,​ណា​មី​ប៊ី ,​ឡេ​សូ​ថូ​និង​អេ​ស្វាទី​នី នឹង​មិន​ត្រូវ​អនុញ្ញាត​អោយ​​ចូល​ស្រីលង្កា​ឡើយ ចំណែក​អ្នក​មក​ពី​ប្រទេស​ទាំងនេះ​ក្នុង​រយៈពេល​២​ថ្ងៃ​មកនេះ នឹង​ត្រូវ​ធ្វើ​ចត្តា​ឡី​ស័ក​១៤​ថ្ងៃ​៕

​អ្នកដំណើរ​រង់ចាំ​បំពេញ​ឯកសារ​មុន​ឡើង​យន្តហោះ​មកកាន់​សិង្ហ​បុរី នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​មួយ​ក្នុង​ទីក្រុង ចូ​ហានេ​ស្បឺក របស់​អាហ្វ្រិក​ខាងត្បូង​កាលពី​ថ្ងៃ​សុក្រ​