ដោយ​: ប​.​ជ័យ /​បន្ទាយ​មាន​ជ័​យៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន ដាក់បទបញ្ជា​ដល់​កងកម្លាំង​នគរបាល​លើ​ផែន​ការិយាល័យ​ចំណុះ​ស្នងការដ្ឋាន អធិការដ្ឋាន ប៉ុស្តិ៍​រដ្ឋបាល​បញ្ជាការ​ដ្ឋា​ន វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​ប្រចាំ​បញ្ជា​ចេញ​ល្បាត​ដើម្បី​ទប់ស្កាត់​រាល់​បទល្មើស គ្រប់​ប្រភេទ​និង​រក្សា​សន្ដិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​គ្រប់​គោលដៅ​ក្នុង​មូលដ្ឋាន​នានា​។​

​មន្ត្រីនគរបាល​បានឱ្យដឹង​នៅ​ថ្ងៃទី​២៧​ខែវិច្ឆិកា​ឆ្នាំ​២០២១​នេះ​ថា​កម្លាំង​បាន​ប្រតិបត្តិ​ពង្រឹង​ការទទួលខុសត្រូវ​ដូចខាងលើ ក្រោយ​ករណី​ហិង្សា​ដោយ​ចេតនា​ស្ថាន​ទម្ងន់ទោស (​បាញ់បោះ​សេរី បង្ក​អានាធិបតេយ្យ បង្ក​ខូចខាត​សណ្តាប់ធ្នាប់ សាធារណ​:​ភូមិ​ឃុំ​មាន​សុវត្ថិភាព ) ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា​នា​ម៉ោងជាង​១១​យប់ នៅ​ចំណុច​ផ្សារ​រាត្រី​ទឹក​ពុះ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ។ ករណីនេះ​បង្កឡើង​ដោយ​ជនសង្ស័យ​មួយក្រុម​មាន​គ្នា ប្រហែល​៣០​នាក់ ជិះ​រថយន្ត​ចំនួន​បី​គ្រឿង​ទៅ​អង្គុយ​ផឹកស៊ី​នៅ​ហាង​ABC​ក្នុង​ផ្សារ​រាត្រី​ទឹក​ពុះ ដែលមាន​ទាំង​ជនជាតិខ្មែរ និង​ជនជាតិ​ថៃ​។​ក្នុងពេល​ពួកគេ​កំពុង​ផឹកស៊ី​នោះ ក្រុម​ជនរងគ្រោះ​ក៏​ទៅដល់​កន្លែង​ផឹកស៊ី​ដែរ​មួយសន្ទុះ​ក្រោយមក​ក្រុម ជនសង្ស័យ​បានធ្វើ​សកម្មភាព​ប្រើ​ហិង្សា ដោយ​យក​ដប​ស្រា និង​កែវជា​ច្រើន​គប់​ទៅលើ​ជន​ក្រុម​ជនរងគ្រោះ​។​

​មាន​ករណី​ផ្ទុះអាវុធ​នោះ​ជនជាតិ​ថៃ​មួយក្រុម​និង​ក្រុម​កាង​ជនជាតិ​ថៃ​ដែល​បង្ក​ការអុកឡុក​ធ្វើ​ឲ្យ​ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ ។​ក្រុម​បង្ក​ទាំង​នោះបាន​ប្រើ​ដប គប់​មកលើ​កម្លាំង​អាវុធហត្ថ ព្រមទាំង​បាន​ប្រើ​អាវុធ​បាញ់​មកលើ​សមត្ថកិច្ច បណ្តាលឱ្យ​កម្លាំង​អាវុធហត្ថ​រងរបួស​បីនាក់​ក្នុងនោះ​កម្លាំង​អាវុធហត្ថ​ម្នាក់​ត្រូវ​គ្រាប់កាំភ្លើង​ដែល​ជនបង្ក​បាញ់​ធ្លាយ​ថ្ពាល់​និង​ថ្គាម​ពី​ម្ខាង​ទៅ​ម្ខាង​របួសធ្ងន់ ទើប​កម្លាំង​សមត្ថកិច្ច​សម្រេចចិត្ត​បាញ់​ឡើងលើ​ជាច្រើន​គ្រាប់​ដើម្បី​ទប់ទល់​ស្ថានការណ៍ ។​
​ជា​លទ្ធផល​សមត្ថកិច្ច​ចាប់ខ្លួន​ក្រុម​បង្ក​ទាំងនេះ​បាន​១៥​នាក់​និង​កំពុង​បន្ត​ស្វែងរក​ចាប់ខ្លួន​បក្សពួក​ក្រុម​បង្កបញ្ហា​បន្តបន្ទាប់​ទៀត ៕​សរន​