ដោយៈម៉េងហួរ/ភ្នំពេញ៖
១- សម្ដេច​តេ​ជោ ហ៊ុន សែន ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​ចិន​

​តាមរយៈ​សុន្ទរកថា​គ​ន្លឹះ នៅក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​ចិន ដែល​រៀបចំ​តាម​ប្រព័ន្ធ​វីដេអូកាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា សម្ដេច​អគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញ​នូវ​ជំហរ​ជាថ្មី​របស់​កម្ពុជា ក្នុងការ​លើកទឹកចិត្ត​ឲ្យ​សមាជិក​អាស៊ាន និង​ចិន ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ដោយ​សន្តិវិធី​។ សម្រាប់​ភាគី​កម្ពុជា នៅតែ​បន្ត​ជំរុញ​លើកទឹកចិត្ត​ឲ្យ​អាស៊ាន និង​ចិន បន្ត​ប្រកាន់យក​នូវ​ប្រព័ន្ធ​ពហុភាគី​និយម ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ដោយ​ឈរលើ​ស្មារតី​ទុកចិត្ត​គ្នា​ទៅវិញទៅមក និង​ការជឿជាក់ រក្សាបាន​នូវ​សុខសន្តិភាព ស្ថិរភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ និង​ប្រកបទៅដោយ​ផ្លែផ្កា​នៅក្នុង​តំបន់​។​

២-​អាជ្ញាធរ និង​ក្រុមគ្រួសារ​ជនរងគ្រោះ រម្លឹក​ខួប ១១​ឆ្នាំ នៃ​ព្រឹត្តិការណ៍រត់​ជាន់គ្នា​ស្លាប់ នៅ​កោះ​ពេជ្រ​

​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា អាជ្ញាធរ​រាជធានី​ភ្នំពេញបានរៀបចំ​ពិធីសូត្រមន្តបង្សុកូលដើម្បី​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ ដែល​បាត់​បង់ជីវិត ដោយហេតុ​ការណ៍​រត់​ជាន់គ្នាកាលពី​១១​ឆ្នាំមុន គឺ​នៅ​យប់​បង្ហើយ​នៃ​ពិធីបុណ្យ​អុំទូក កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១០​។ ពិធី​នេះ ត្រូវបាន​ធ្វើឡើង នៅ​ស្តូប របស់​ជនរងគ្រោះ ស្ថិតនៅ​គល់ស្ពាន​នាគ នៃ​ទីក្រុង​កោះ​ពេជ្រ ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ ព្រះសង្ឃ និង​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ ផងដែរ​។

៣-​កម្ពុជា​នឹង​ចុះ​ត្រជាក់​រង្វង់ ១៥ ទៅ ១៧​អង្សា​សេ ចាប់ពី​ខែធ្នូ ដល់​ខែកុម្ភៈ

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា កម្ពុជា​នឹង​ចុះ​ត្រជាក់ រហូតដល់ ១៥​អង្សា​សេ និង​១៧​អង្សា​សេ នៅ​តំបន់ភ្នំ និង​ខ្ពង់រាប​ភាគ​ឦសាន ចាប់ពី​សប្ដាហ៍​ទីមួយ ក្នុង​ខែធ្នូ ឆ្នាំ​២០២១ ដល់​ខែកុម្ភៈ ឆ្នាំ​២០២២​។ ថ្នាក់ដឹកនាំ និង​ក្រសួងសុខាភិបាល អំពាវនាវ​ឲ្យ​យកចិត្តទុកដាក់​ចំពោះ​សុខភាព ពិសេស​មនុស្ស​ចាស់ជរា និង​ជន​គ្មាន​ទីពឹងក្នុងអំឡុង ពេល​អាកាសធាតុ​ចុះ​ត្រជាក់​នេះ​។​

៤-​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹងត្រង់​-​ក្រូចឆ្មារ បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

​ស្ពាន​មិត្តភាព កម្ពុជា​-​ចិន ស្ទឹងត្រង់​-​ក្រូចឆ្មារ ដែល​ត្រូវ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រសិទ្ធ​នាម​ថា «​ស្ពាន​ភ្ជាប់​និស្ស័យ​» មាន​ប្រវែង​ជាង ១.០០០​ម៉ែត្រ និង​ទទឹង ១៣​ម៉ែត្រ​កន្លះ ដែល​សាងសង់​ឆ្លងកាត់​ទន្លេមេគង្គ ភ្ជាប់​ពី​ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅកាន់​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ចំណាយ​ថវិកា​ជិត ៥៧​លាន​ដុល្លារ​សហរដ្ឋ​អា​មេ​រិច ត្រូវបាន​រៀបចំ​ពិធី​សម្ពោធ ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា​។ ក្នុងនោះ ផ្លូវជាតិ​លេខ ៧១C ប្រវែង​ជាង ១០០​គីឡូម៉ែត្រ ដែល​ភ្ជាប់​ពី​ខេត្ត​ត្បូងឃ្មុំ មកទល់​ព្រំប្រទល់​ខេត្តកំពង់ធំ ចំណាយ​ថវិកា​សាងសង់​ប្រមាណ​ជាង ១២៩​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក៏ត្រូវ​បានរៀបចំ​ពិធីបើកការដ្ឋាន​សាងសង់​ជា​ផ្លូវការ ក្នុងពេល​ជាមួយគ្នា កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២១ ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​កម្ពុជា​។

៥-​រដ្ឋមន្ត្រី​មហាផ្ទៃ​កម្ពុជា​-​ឡាវ ជួបគ្នា ពង្រឹង​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ និង​អភិវឌ្ឍន៍​ព្រំដែន​ក្នុង​បរិបទ​កូ​វីដ​-១៩

​កាលពី​ថ្ងៃទី​២៣​វិច្ឆិកាសម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កម្ពុជា បាន​ដឹកនាំ​កិច្ចប្រជុំ​វាយតម្លៃ​លទ្ធផល​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ និង​អភិវឌ្ឍន៍​ព្រំដែន​ជាមួយ​លោកឧ​ត្ត​ម​សេនីយ៍​ឯក វី​ល័យ ឡា​ខាំ​ហ្វង រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណៈ​នៃ​ប្រទេស​ឡាវ​។ ទោះ​ជាមាន​វិបត្តិ​កូ​វីដ​១៩ ប៉ុន្តែ​ភាគី​ទាំងពីរ ពេញចិត្ត​ចំពោះ​ទំនាក់ទំនង ១​ឆ្នាំ​កន្លងមកនេះ និង​បាន​ឯកភាព បន្ត​កិច្ច​ការសំខាន់ៗ សម្រាប់​ឆ្នាំ​២០២២​។

៦-​សម្តេច​តេ​ជោ ហ៊ុន សែន​៖ ក្នុង​ក្របខណ្ឌ​ពហុភាគី ប្រទេស​មួយចំនួន នៅមាន​ទស្សនៈ​ខ្វែងគ្នា ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម និង​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​

​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​ថ្លែង​សុន្ទរកថា ក្នុង​ពិធី​បើក​វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច អាស៊ី​-​អឺរ៉ុប លើក​ទី​១ ក្រោម​មូលបទ ” ការផ្លាស់ប្ដូរ​ទៅ​គន្លង​ប្រក្រតីភាព​ថ្មី​៖ ការលើកកម្ពស់​ការចូល​រួម​ក្នុង​ខ្សែ​ច្រ​វ៉ា​ក់ត​ម្លៃ​សកល ពហុភាគី​និយម និង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤”​។ ក្នុង​វេទិកា​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន លើកឡើងថា ក្នុង​ក្របខណ្ឌ​ពហុភាគី ប្រទេស​មួយចំនួន នៅមាន​ទស្សនៈ​ខ្វែងគ្នា ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម និង​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​។​

៧- សម្ដេច​តេ​ជោ ហ៊ុន សែន ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរដ្ឋទូត​ថ្មីវៀតណាម និង​ទូត​បារាំងប្រចាំ​កម្ពុជា​

​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា សម្ដេច​តេ​ជោ ហ៊ុន សែន បានទទួល​ជួបពិភាក្សា​ការងារ ដាច់ដោយឡែក​ពីគ្នា នៅ​វិមាន​សន្តិភាព ជាមួយ​លោក ង្វៀន ហ៊ុយ​តាំង (Nguyen Huy Tang ) អគ្គរដ្ឋទូត​ថ្មី របស់​វៀតណាម ប្រចាំ​នៅ​កម្ពុជា និង​លោក ហ្សា​ក់ ប៉ឺ​ឡេ ( Jacques Pellet) ឯក​រដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​បារាំង ប្រចាំ​កម្ពុជា​។​

៨- កម្ពុជា រៀបចំ​វេទិកា​តុមូល​និពន្ធ​នាយក​សារព័ត៌មាន អាស៊ី​-​អឺរ៉ុប លើក​ទី​១០

​ក្រសួង​ព័ត៌មាន សហការ​ជាមួយ​ដៃគូ​ផ្សេងទៀត បានរៀបចំ​វេទិកា​តុមូល​និពន្ធ​នាយក​សារព័ត៌មាន អាស៊ី​-​អឺរ៉ុប លើក​ទី​១០ ក្រោម​ប្រធានបទ “​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​អ្នកសារព័ត៌មាន ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ​”​។ វេទិកា​នេះ ប្រារព្ធ​ឡើង នៅ​សណ្ឋាគារ​ភ្នំពេញ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៣-២៤ ខែវិច្ឆិកា ឆ្នាំ​២០២១​។​

៩-​សម្តេច​តេ​ជោ ហ៊ុន សែន ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣

​កាលពី​រសៀល​ថ្ងៃទី​២៥ ខែវិច្ឆិកា កម្ពុជា​បានធ្វើ​ជា​ម្ចាស់ផ្ទះ រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ ហៅ​កាត់​ថា ASEM13​។ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតី បើក​កិច្ចប្រជុំ​កំពូល ដែល​ធ្វើឡើង តាមរយៈ​ប្រព័ន្ធ​វីដេអូ ពី​វិមាន​ស​និ្ត​ភាព ក្នុង​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​ប្រមុខរដ្ឋ​/​ប្រមុខ​រដ្ឋាភិបាល និង​អ្នកតំណាង​ជាន់ខ្ពស់​របស់​ប្រទេស​ដៃគូ ASEM ទាំង ៥១ មកពី​អាស៊ី និង​អឺរ៉ុប ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ប្រធាន​គណៈកម្មការ​អឺរ៉ុប និង​អគ្គលេខាធិការ​អាស៊ាន​។​

 

១០- រដ្ឋសភា ផ្ដល់​សេចក្ដីទុកចិត្ត​ថ្នាក់ដឹកនាំ​មួយចំនួន និង​អនុម័ត​ច្បាប់​ថវិកា​

​កាលពី​ព្រឹក​ថ្ងៃទី​២៥​វិច្ឆិកា រដ្ឋសភា បាន​បើក​កិច្ចប្រជុំ ក្រោម​អធិបតីភាព សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​។ អង្គសភា បាន​បោះឆ្នោត​ផ្ដល់​សេចក្ដីទុកចិត្ត​ក្បាលម៉ាស៊ីន​រចនាសម្ព័ន្ធ​មួយចំនួន ព្រមទាំង​អនុម័ត​ច្បាប់​ថវិកាជាតិ ឆ្នាំ​២០២២​។ ក្នុងនោះ លោក ជាម យៀប ត្រូវបាន​រដ្ឋសភា ផ្តល់​សេចក្តីទុកចិត្ត ជា​អនុប្រធាន​ទី​១ រដ្ឋសភា បន្ទាប់ពី​លោក ងួន ញិ​ល ទទួលមរណភាព​។​

១១-​កម្ពុជាសម្រេច​ជោគជ័យជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត ក្នុង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣

​កម្ពុជាបានរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ (ASEM13) ក្រោម​មូលបទ «​ការពង្រឹង​ពហុភាគី​និយម​ដើម្បី​កំណើន​រួម​» នៅ​ថ្ងៃទី​២៥-២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ តាម​ប្រព័ន្ធ​វីដេអូ​។ ការទទួល​ជា​ម្ចាស់ផ្ទះ រៀបចំ​កិច្ចប្រជុំ​កំពូល​រយៈពេលពីរ​ថ្ងៃនេះ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានសម្រេច​នូវ​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​។ នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់ថា ក្នុង​រយៈពេល ២៥​ឆ្នាំ​កន្លងមកនេះ កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប (ASEM) បាន​ក្លាយជា​វេទិកា​ដ៏​មាន​សារសំខាន់​មួយ ក្នុង​ការភ្ជាប់​ទំនាក់ទំនង​អាស៊ី និង​អឺរ៉ុប ព្រមទាំង​លើកកម្ពស់​ភាពជា​ដៃគូ​រវាង​ទ្វីប​ទាំងពីរ​។

១២-​ក្រសួងសុខាភិបាល អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ បង្កើន​ការប្រុងប្រយ័ត្ន​នឹង​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ បំប្លែង​ថ្មី B11.529 អូ​មី​ក្រុង

​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា បានប្រកាស​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋបន្ត​យកចិត្តទុកដាក់ប្រុងប្រយ័ត្ន​នឹង​ការឆ្លង​រាលដាល​នូវ​មេរោគ​កូ​វីដ​១៩ បំប្លែង​ថ្មី B11.529 គេ​ទើប​ដាក់ឈ្មោះថា អូ​មី​ក្រុង ដែល​ទើប​រកឃើញ នៅ​អា​ហ្វ្រិ​ក​។ មេរោគ​កូ​វីដបំប្លែង​ខ្លួន​ថ្មី​នេះ មាន​លក្ខណៈ​ចម្លង​ឆាប់រហ័ស និង​ខ្លាំង​ជាង​មេរោគ​ឈ្មោះ ដែល​តា ទ្វេដង​។ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋអនុវត្ត​នូវ​វិធានការ​របស់​យើង គឺ​៣​ការពារ និង ៣​កុំ ឲ្យ​បាន​ទាំងអស់គ្នា ដើម្បី​និរន្តរភាព​នៃ​ការវិល​ត្រលប់ មករក​ការរស់នៅ​ធម្មតាក្នុង​ប្រក្រតីភាព​ថ្មី មាន​និរន្តរភាព​យូរអង្វែង​៕​សរន