​ដោយៈ ឫទ្ធិ​ស័ក្តិ / ភ្នំពេញៈ ប្រជា​នេសាទ និង​គណៈកម្មការ សហគមន៍​នេសាទ ព្រៃនប់​២ បាន​សម្តែង​ការព្រួយបារម្ភ ចំពោះ​ការបាត់បង់​ព្រៃកោងកាង ដែលជា​ជម្រក​ជីវៈចម្រុះ សម្រាប់​ប្រជា​នេសាទ អាស្រ័យ​ផល ហើយ​ពួកគាត់​ស្នើ​សុំឱ្យ អាជ្ញា​ធរមាន​សមត្ថកិច្ច ពាក់ព័ន្ធ ជួយ​ទប់ស្កាត់​បទ​ល្មើ ស​កាប់បំផ្លាញ​ព្រៃកោងកាង នេះ​តទៅទៀត ដើម្បី​ទុក​លទ្ធ ភាព​ឲ្យ​ពលរដ្ឋ​ក្រីក្រ រកស៊ី​ទទួលទាន ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​។​

​ជាមួយគ្នានេះ ប្រជាពលរដ្ឋ បាន​ទទូច​ស្នើសុំ​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល ដកហូត ឬ​លុបចោល​បណ្ណ​កម្មសិទ្ធិ គ្រប​លើដី​ព្រៃកោងកាង របស់​សហគមន៍ នេសាទ​ព្រៃនប់​២ ហើយ​សំណូមពរ ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ពិនិត្យមើល​ភាពមិនប្រក្រតី នៃ​ការ​លួច​ចេញ​ប្លង់រឹង ទាំង ៧ បណ្ណ គ្រប​លើដី​ព្រៃកោងកាង ដែល​ឈានទៅ​ការបំផ្លាញ​បរិស្ថាន នៃ​ជីវៈចម្រុះ ធនធានធម្មជាតិ​ដ៏​កម្រ​។​

​ការស្នើ​របស់​ប្រជាពលរដ្ឋ បានធ្វើ​ឡើង បន្ទាប់ពី​លោក ចេង ស្រុង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខេត្ត​ព្រះសីហនុ បានចេញ​ប្លង់រឹង ឱ្យទៅ​បុគ្គល​ឈ្មោះ មាស សូល​ឡុង គ្រប​លើដី​រដ្ឋ តំបន់​ការពារ​នៃ​ព្រៃកោងកាង ចំនួន ៧ បណ្ណ ស្មើនឹង​ទំហំ​ដី​ជាង​៣០ ហិកតា ដែលមាន​ទីតាំង ស្ថិតនៅ​ភូមិ​ព្រែក​សង្កែ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ប៉ុន្តែ​ការកសាង​វិញ្ញាបនបត្រ សម្គាល់​ម្ចាស់​អចលនវត្ថុ មិនមាន​អនុក្រឹត្យ កាត់​ចេញពី​គម្រប ព្រៃឈើ ២០០២ ដី​ព្រៃកោងកាង ដើម្បី​ធ្វើ​អនុ​ប​យោគ ជា​ដីឯកជន​របស់​រដ្ឋ សម្រាប់​ប្រទានកម្ម ជា​កម្មសិទ្ធិ ជូន​ប្រជាពលរដ្ឋ​ឡើយ ។​

​ទីស្ដីការគណៈរដ្ឋមន្ត្រី បានចេញ​លិខិត លេខ​៦១៦ សជណ​.​កស កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៦ បាន​ជម្រាបជូន រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី និង​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ថាៈ « ករណី​របាយការណ៍ ស្ដីពី​ស្ថានភាព​ព្រៃកោងកាង តាម​តំបន់ឆ្នេរ នៃ​ប្រទេស​កម្ពុជា រាជរដ្ឋាភិបាល ជូន​ឯកឧត្ដម ជា សុផារ៉ា ផ្ដល់​មតិ​សំខាន់ លើ​ចំណុច​ទី​២ «​និរាករណ៍ ឬ​ដកហូត​បណ្ណ​កម្ម សិទ្ធិ​កាន់កាប់​អចលនវត្ថុ វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ និង​លិខិតបញ្ជាក់​ការកាន់កាប់​ដី របស់​មន្ទីរ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​អាជ្ញាធរ​ដែនដី នៃ​ខែត្រ​ទាំង​៤ (​ខែត្រ​កំពត ខែត្រ​កែប ខែត្រ​ព្រះសីហនុ និង ខែត្រ​កោះកុង​) ដែលមាន​ការពាក់ព័ន្ធ​ដី​ព្រៃកោងកាង​»​។​

​ចំណែក​រដ្ឋបាលខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២១ បានចេញ​លិខិត បង្គាប់ការ ដែលមាន​ប្រធាន អនុប្រធាន និង​សមាជិក យ៉ាងតិច ១២ នាក់ មកពី​គ្រប់​មន្ទីរជំនាញ ដឹកនាំ​ដោយ​លោក គង់ វិ​តាណៈ អភិបាលរង​ខេត្ត​ព្រះសីហនុ ជា​ប្រធាន ដើម្បី​ចុះ​ពិនិត្យ វាយតម្លៃ និង​កំណត់​អត្តសញ្ញាណ​ដី មាន​ទីតាំង ភូមិ​និង​ឃុំ ខាងលើ តាម​ការស្នើសុំ​ធ្វើ អាជីវកម្ម​ពី​ឈ្មោះ មាស សូល​ឡុង​។ ក៍​ប៉ុន្តែ​ពួកគេ​បំភ្លេច មន្ទីរ​បរិស្ថាន មួយ​ចោល​ដែលជា​ឆ្អឹង​ទទឹង ក នៃ​គម្រោង​ការបំផ្លាញ ធនធានធម្មជាតិ ទឹកប្រៃ​នេះ​។​

​លោក គួច ចំរើន អភិបាលខេត្ត ចេញ​លិខិត​លេខ ៩៩៥/២១ សជណ កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២១ ជម្រាប​ទៅ​លោក មាស សូល​ឡុង អាសយដ្ឋាន​ផ្ទះ​លេខ ៣០៨ ផ្លូវ​លេខ​៩៣ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កម្មវត្ថុ​ករណី​ស្នើសុំ​សម្អាត​ដី ទំហំ ៣០៦.៦៩២ ម៉ែត្រការ៉េ មាន​ទីតាំង​ស្ថិតនៅ ភូមិ​ព្រែក​សង្កែ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ដើម្បី​អភិវឌ្ឍន៍ ជា​សួន​អភិរក្ស សត្វ​ត្រចៀកកាំ ទេសចរណ៍​។​

​រដ្ឋបាលខេត្ត បាន​ជម្រាប​ទៅ​លោក មាស សូល​ឡុង ថាៈ «​រដ្ឋបាលខេត្ត​ព្រះសីហនុ អនុញ្ញាតឱ្យ​លោក​សម្អាត ទីតាំង​សាងសង់​ផ្ទះ​ត្រចៀកកាំ ដើម្បី​អភិវឌ្ឍន៍ ជា​សួន​អភិរក្ស សត្វ​ត្រចៀកកាំ ទេសចរណ៍ លើដី​មាន វិញ្ញាបនបត្រ សម្គាល់​ម្ចាស់​អចលនវត្ថុ ចំនួន ៧ បណ្ណ រួមមាន ក្បាលដី​លេខ ០៣៣៤, ០៣៣៥, ០៣៣៩, ០៣៤០, ០៣៤១, ០៣៤២, ០៣៤៣ មាន​ទីតាំង​ស្ថិតនៅ ភូមិ​ព្រែក​សង្កែ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខែត្រ​ព្រះសីហនុ​។

​ទន្ទឹមនឹងនេះ មុនពេល​សាងសង់​ផ្ទះ​ត្រចៀកកាំ លោក​ត្រូវ​អនុវត្តតាម​ការណែនាំ ដូចខាងក្រោម​គឺ​៖
​ទី​១. ត្រូវ​ទំនាក់ទំនង​ជាមួយ អាជ្ញា​ធរមាន​សមត្ថកិច្ច ជំនាញ​ពាក់ព័ន្ធ និង​ភាគី​ជាប់​ព្រំ ដើម្បី​កំណត់​ព្រំដី មុន​អនុវត្ត​គម្រោង​សាង សង់ផ្ទះ​ត្រ ចៀក​កាំ​។ ទី​២.​ត្រូវ​រៀបចំ​ប្លង់គោល គម្រោង​អភិវឌ្ឍន៍ ដាក់​មក​រដ្ឋបាល ខែត្រ​ព្រះសីហនុ ដើម្បី​ពិនិត្យ និង​សម្រេច​។ ទី​៣.​ត្រូវ​រក្សាទុក​ព្រៃកោងកាង នៅក្នុង​ដី​កម្មសិទ្ធិ​របស់ខ្លួន ឱ្យនៅ​សភាព​ដើម ក្នុងករណី ទីតាំង​ដី​មិនទាន់​ធ្វើ ការអភិវឌ្ឍន៍ និង​​ទី​៤.​ចំពោះ​ការអភិវឌ្ឍន៍ ម្ចាស់​សំណើ​ត្រូវអនុវត្ត​ជា​ជំហានៗ​។​

​បើ​យោងតាម​របាយការណ៍ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ ២០២១ ស្តីពី​ការចុះពិនិត្យ​វាយតម្លៃ និង​កំណត់​អត្តសញ្ញាណ​ដី ដែលមាន​ទីតាំងនៅ ភូមិ​ព្រែក​សង្កែ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ តាម​ការចង្អុលបង្ហាញ​របស់ ឈ្មោះ មាស សូល​ឡុង ជា​ម្ចាស់​ដី​។ ផ្អែកលើ​លទ្ធផល នៃ​ការចុះពិនិត្យ​ជាក់ស្តែង មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត បាន​ដំឡើង​ផែនទី និង​ផ្ទៀងផ្ទាត់ ឯកសារ​ពាក់ព័ន្ធ គឺ​លទ្ធផល​នៃ​ការចុះពិនិត្យ​ជាក់ស្តែង​ដល់ទី​តាំង​បានចង្អុលបង្ហាញ​ដោយ​ម្ចាស់​សំណើ​ឃើញថា​គ្របដណ្តប់​ដោយ ព្រៃកោងកាង​ទាំងស្រុង មាន​សភាព​ក្រាស់ ដុះ​លូតលាស់​ល្អ និង​មាន​ប្រភេទ​ចម្រុះ ដូចជា កោង​កាង ក្រញឹប ស ក្រញឹប​ក្រហម ប្រសា​ក់ ឈើ​ជ័រ បើ​ស អម្ពរ អ​ម្គា ។​ល​។

​របាយការណ៍​ដដែល បានបង្ហាញ​ទៀតថាៈ «​លទ្ធផល​បាន គណនា​តាម ជី​អាយ​អេស (GIS) ការ​គណនា​តាម ជី​ធី​អេស (GTS) បង្ហាញថា ក្បាលដី​ទាំង ៧ បណ្ណ ដែលមាន​ទំហំ​សរុប ៣០៦.៦៩២ ម៉ែត្រការ៉េ មាន​វិញ្ញាបនបត្រ សម្គាល់​ម្ចាស់​អចលនវត្ថុ ចុះ​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១០ ស្ថិតនៅក្នុង​គម្រប​ព្រៃឈើ ២០០២ ដែលមាន​ទំហំ ២៣៨.៨៧៥ ម៉ែត្រការ៉េ​។ ម្យ៉ាងទៀត ក្បាលដី​ទាំង ៧ បណ្ណ​នេះ ស្ថិតក្នុង​ផែនទី ព្រៃកោងកាង ទំហំ ២៦៥.៨១៣ ម៉ែត្រការ៉េ​។ ដោយឡែក ក្បាលដី​លេខ​៣៣៩ ទំហំ ៤៥.០៨១ និង​លេខ ៣៤០ ទំហំ ៥៦.៣៩០ ម៉ែត្រការ៉េ ត្រូវបាន​ផ្ទេរ​បណ្ណ នៅ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២១​។ ទីតាំង​ទាំង ៧ ក្បាលដី​នេះ ស្ថិតក្នុង​គម្រប​ព្រៃឈើ ២០០២ និង​ស្ថិត ក្នុង តំបន់​ព្រៃកោងកាង ដែល​ត្រូវការពារ​។ ប៉ុន្តែ​ការកសាង​វិញ្ញាបនបត្រ សម្គាល់​ម្ចាស់ អចលនវត្ថុ ទាំងអស់នេះ មិនមាន​អនុក្រឹត្យ កាត់​ចេញពី​គម្រប​ព្រៃឈើ ២០០២ ឬ​ដី​ព្រៃកោងកាង ដើម្បី​ធ្វើ​អនុ​ប​យោគ ជា​ដីឯកជន​របស់​រដ្ឋ សម្រាប់​ប្រទានកម្ម ជា​កម្មសិទ្ធិ ជូន​ប្រជាពលរដ្ឋ នោះទេ​»​។​

​ទាក់ទង​ករណីនេះ លោក ចេង ស្រុង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខេត្ត​ព្រះសីហនុ មិនអាច​សុំ​ការអត្ថាធិប្បាយ​បានទេ កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែ វិច្ឆិកា ឆ្នាំ​២០២១ ដោយ ទូរស័ព្ទ​មិនមាន​អ្នកទទួល​។​

​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២១ បាន​ឲ្យ​ដឹងថាៈ ដី​ព្រៃកោងកាង ដែល​ខ្លួន​បានចេញ​ប្លង់រឹង ឲ្យ​ទៅ​លោក មាស សូល​ឡុង ចំនួន ៧ បណ្ណ ស្មើនឹង​ទំហំ​ផ្ទៃដី ៣០៦.៦៩២ ម៉ែត្រការ៉េ មាន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ទម្រង់​ថ្មី នៅក្នុង ឆ្នាំ ២០២១ នោះ​ពីមុន ជា​ដីស្រែ​ប្រជាពលរដ្ឋ ដែល​បាន​បាក់​ទំនប់​ទឹកប្រៃ កកើត​ដុះ​ព្រៃកោងកាង ដល់​សព្វថ្ងៃ​។​

​ប្រភព​ដដែល បាន​បន្តថាៈ ការចេញ​បណ្ណ​សម្គាល់​ម្ចាស់​កម្មសិទ្ធិ ចំនួន ៧ ប្លង់ គ្រប​លើ ព្រៃកោងកាង ស្ថិតនៅ ភូមិ​ព្រែក​សង្កែ ឃុំ​ទឹក​ថា្ល ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ខាងលើ​នោះ ជាការ​បន្ត​ចរន្ត​ការ​ចាស់ ពី​អតីត​អភិបាលខេត្ត​ព្រះសីហនុ លោក ស្បោង សារ៉ាត់ និង​បន្ត​កិច្ចការ ពី​អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី លោក សូ សុខ ។ ជាពិសេស​បណ្ណ​សម្គាល់​ម្ចាស់​កម្មសិទ្ធិ ទាំង ៧ ប្លង់ ដែល​ទើប​ចុះហត្ថលេខា នៅក្នុង ឆ្នាំ​២០២១ ដោយ​លោក ចេង ស្រុង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី ខែត្រ​ព្រះសីហនុ បច្ចុប្បន្ន ជាការ​ផ្លាស់ប្ដូរ​ទម្រង់​បណ្ណ​ចាស់ មក​ទម្រង់​បណ្ណ​ថ្មី ដែលមាន​លេខ​ឃ្យូ​អ័​រកូដ​៕/V​