​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ លោក ស៊ុន សុវណ្ណារិទ្ធ អភិបាល​នៃ គណៈ​អភិបាល ខេត្តកំពង់ឆ្នាំង បាន​ផ្តាំផ្ញើ​ដល់​បេក្ខជន​ប្រឡង​ក្របខណ្ឌ ដើម្បី​ចូល​បំរើកា​រងារ នៅ​រដ្ឋបាល ខេត្តកំពង់ឆ្នាំង ទាំងអស់ ត្រូវ​បញ្ចេញ​ចំណេះដឹង សមត្ថភាព​ផ្ទាល់ខ្លួន និង​គោរព​នូវ​បទបញ្ជា ផ្ទៃក្នុង នៃ​ការប្រឡង​ឱ្យបាន​ល្អ​។​

​លោក​បាន​ផ្តាំផ្ញើ បែបនេះ នៅ​ព្រឹក ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅពេល​លោក​បាន អញ្ជើញ​ចូលរួម បើក​វិញ្ញាសា​ប្រឡង​ក្របខណ្ឌ ដើម្បី​ចូល​បំរើកា​រងារ នៅ​រដ្ឋបាលខេត្ត កំពង់ឆ្នាំង នៅ​មណ្ឌល ប្រឡង សាលាបឋមសិក្សា​គំរូ ក្រុង​កំពង់ឆ្នាំង ដោយមាន​ការចូលរួម ពី លោក ឡុង ឈុន​ឡៃ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោកស្រី កែ ច័ន្ទ​មុនី តំណាងរាស្ត្រ​មណ្ឌល កំពង់ឆ្នាំង ព្រមទាំង​លោក​អភិបាលរង​ខេត្ត លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សា​ខេត្ត នាយក នាយករង​រដ្ឋបាល សាលាខេត្ត និង គណៈកម្មការ​គ្រប់គ្រង ការប្រឡង​ផងដែរ​។​

​ក្នុងឱកាស​នោះ លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ បាន​មានប្រសាសន៍ថាៈ ការប្រឡង​ក្របខណ្ឌ ត្រូវអនុវត្ត​ឱ្យស្រប​តាម​គោលការណ៍​ថ្នាក់ជាតិ ដែល​បានកំណត់​ណែនាំ ដើម្បី​ធានាថា ការប្រឡង​ក្របខណ្ឌ​នេះ ប្រព្រឹត្ត​ទៅដោយ​រលូន ប្រកបដោយ​សន្តិសុខ សណ្ដាប់ធ្នាប់ និង សុវត្ថិភាព តម្លាភាព ប្រសិទ្ធភាព និង​យុត្តិធម៌ បេក្ខជន​ទាំងអស់ មាន​សមត្ថភាព​ផ្ទាល់ខ្លួន គឺជា​ប់​។​

​លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ បាន​ផ្តាំផ្ញើ​ដល់​គណៈកម្មការ​គ្រប់គ្រង​ការប្រឡង និង បេក្ខជន ដែល​មក​ប្រឡង​ទាំងអស់ ត្រូវអនុវត្ត​ឱ្យបាន នូវ​វិធានការ​របស់ ក្រសួងសុខាភិបាល និង អនុវត្ត តាម​អនុសាសន៍​របស់ សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល គឺ​៣​ការពារ និង ៣​កុំ ឱ្យបាន​ជាប់ ជាប្រចាំ ដើម្បី​ខ្លួន​យើង អ្នកជិតខាង​យើង និង​សហគមន៍​យើង ជៀស​ផុតពី​ការឆ្លង​ជំងឺ កូ​វីដ​១៩ ។​

​លោក ខឹម ចាន់​នឿន នាយករង​រដ្ឋបាល សាលាខេត្ត និង​ជា​អនុប្រធាន​គណៈកម្មការ​រៀបចំ ការប្រឡង បានឱ្យដឹងថាៈ បេក្ខជន​ប្រឡង មាន​ចំនួន ២៨៣ នាក់ ស្រី​១៧៥​នាក់ ក្នុងនោះ ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់ ចំនួន ៤៩​នាក់ ស្រី​២៣​នាក់ ក្របខ័ណ្ឌ​មន្ត្រី​ក្រមការ ៦៥ នាក់ ស្រី​៣៧​នាក់ ក្របខ័ណ្ឌ​លេខាធិការ ចំនួន​១៦៩​នាក់ ស្រី​១១៥​នាក់ ចែកចេញជា ១៨ បន្ទប់ ក្នុងនោះ ក្របខ័ណ្ឌ​រដ្ឋបាល​ជាន់ខ្ពស់ មាន ៣ បន្ទប់ ក្របខ័ណ្ឌ​ក្រមការ មាន ៤​បន្ទប់ ក្របខ័ណ្ឌ លេខាធិការ មាន ១១​បន្ទប់ ដោយ​ក្នុង​១​បន្ទប់ ដាក់​បេក្ខជន​ប្រឡង ចាប់ពី ១៥ ទៅ ១៦ នាក់​៕/V​