​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (CGTN) ៖​ចិន​បាន​ចាប់ផ្តើម​សាកល្បង​សេវាកម្ម​រថយន្ត​តាក់ស៊ី​បើក​ស្វ័យប្រវត្តិ​ជា​លើកដំបូង​នៅ​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥​វិច្ឆិកា​ក្នុង​ជំហាន​ចុងក្រោយ​​បង្អស់​ក្នុង​ការអនុវត្ត​បច្ចេកវិជ្ជា​បើកបរ​ស្វ័យប្រវត្តិ​របស់ខ្លួន​។​

​ក្រុមហ៊ុន Baidu និង Pony.ai ដែល​ជា​តួអង្គ​ខ្លាំងៗ​ទាំង​ពីរ​នៅក្នុង​អាជីវកម្ម​បើកបរ​ស្វ័យប្រវត្តិ បាន​ទទួល​អាជ្ញាប័ណ្ណ​ពាណិជ្ជកម្ម​វគ្គ​ដំបូង ដែល​គ្របដណ្តប់​លើ​ផ្ទៃក្រឡា ៦០​គីឡូម៉ែត្រ​ការ៉េ​នៅក្នុង​​តំបន់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​-​បច្ចេកវិជ្ជា​ប៉េកាំង​នៅ​សង្កាត់​អ៊ី​ជួង​ស្ថិត​នៅ​ភាគ​អាគ្នេយ៍​ជាយក្រុង​ក្រុង​ប៉េកាំង​។​

​អាជ្ញាធរ​បាន​និយាយថា ផ្អែកលើ​មូលដ្ឋាន​នៃ​ការប្រកួតប្រជែង​បែប​ទីផ្សារសេរី អ្នកផ្តល់​សេវា​អាច​ទទួលយក​យន្តការ​កំណត់​តម្លៃ​តាម​ទីផ្សារ​ប៉ុន្តែ​តម្រូវឱ្យធ្វើ​ព័ត៌មាន​ដូច​ជា​គោលការណ៍​គិត​ប្រាក់​​និង​វិធី​បង់ប្រាក់​ឱ្យ​ច្បាស់លាស់​ដល់​អ្នកដំណើរ​។​

​លោក ជី ហ្វៃ ជា​នាយករង​ប្រតិបត្តិ​នៃ​ការិយាល័យ​តំបន់​បើកបរ​ស្វ័យប្រវត្តិ​កម្រិត​ខ្ពស់​នៅ​ទីក្រុង​ប៉េកាំង បាន​ប្រាប់​សារព័ត៌មាន China Media Group (CMG) ថា “​លើក​នេះ​យើង​បាន​ផ្ដល់​​អាជ្ញាប័ណ្ណ​ដល់​សហគ្រាស​ចំនួន​ពីរ​សម្រាប់​ប្រតិបត្តិ​ការសាកល្បង​ពាណិជ្ជកម្ម​។ ប្រជាជន​នឹង​អាច​ជិះ​រថយន្ត​បើក​ស្វ័យប្រវត្តិ​ពី​ទីតាំង​ជាង ៧០០ កន្លែង​ជាមួយនឹង​រថយន្ត​ជិត ១០០ គ្រឿង​”៕

រថយន្ត​តាក់ស៊ី​បើក​ស្វ័យប្រវត្តិ​ជិត​១០០​គ្រឿង​ដាក់​ដំណើរការ​សាកល្បង​នៅ​ប៉េកាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​