ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ក្នុងក្របខណ្ឌ នៃការធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាត សមុទ្រអាស៊ី បូព៌ា ក្រសួងបរិស្ថាន ដោយសហការជាមួយ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំដំណើរ ទស្សនកិច្ច សារព័ត៌មានមួយ ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នៅលើទឹកដី ខេត្តព្រះសីហនុ។
ដំណើរទស្សនកិច្ច របស់អ្នកសារព័ត៌មាននេះ មានគោលបំណង ដើម្បីផ្សព្វផ្សាយ ពីសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាន នៅខេត្តជាប់មាត់សមុទ្រ មួយនេះ ក៏ដូចជា ផ្សព្វផ្សាយពី សក្តានុពលទេសចរណ៍ ព្រមទាំងធនធានធម្មជាតិ និងជីវៈចម្រុះ នៅតំបន់សមុទ្រ និងចូលរួមយកព័ត៌មាន នៅក្នុងមហាសន្និបាតសមុទ្រ អាស៊ី បូព៌ា ដែលនឹងប្រព្រឹត្តទៅ ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។
លោករដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានថ្លែងថាៈ កម្ពុជា បានត្រៀមខ្លួន រួចជាស្រេច ធ្វើជាម្ចាស់ផ្ទះរៀបចំ មហាសន្និបាតសមុទ្រ អាស៊ី បូព៌ា លើកទី៧ ហើយកម្ពុជា បានជ្រើសរើសយក ខេត្តព្រះសីហនុ ជាទីកន្លែង ដើម្បីប្រារព្ធមហាសន្និបាតសមុទ្រអាស៊ី បូព៌ា ឆ្នាំ២០២១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលគ្រោងធ្វើ នាថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២១។
លោក នេត្រ ភក្ត្រា បានថ្លែងឱ្យដឹងថាៈ មហាសន្និបាតសមុទ្រ ឆ្នាំនេះ នឹងប្រព្រឹត្តទៅ ក្រោមប្រធានបទ «បង្កើតទសវត្សរ៍ថ្មី នៃសុខុមាលភាពសមុទ្រ មនុស្ស និងសេដ្ឋកិច្ច»។
អ្នកសារព័ត៌មាន សរុបចំនួន ៣០ រូប មកពី ១៦ ស្ថាប័ន នៅកម្ពុជា បានចូលរួម ក្នុងដំណើរ ទស្សនកិច្ចសារព័ត៌មាន រយៈពេល ៥ ថ្ងៃនេះ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ នៃក្រសួងបរិស្ថាន ដែលដឹកនាំ ដំណើរទស្សនកិច្ចនេះ បានថ្លែងថាៈ ដំណើរទស្សនកិច្ចនេះ រៀបចំឡើងក្នុងគោលបំណង បង្ហាញឱ្យសាធារណជន បានឃើញពីភាពជាអ្នកដឹកនាំ របស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលកម្ពុជាមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ក្នុងការរៀបចំ និងការដឹកនាំ មហាសន្និបាតអន្តរជាតិ និងបានឃើញពីវឌ្ឍនភាព ព្រមទាំង សមិទ្ធផល នៃការអភិវឌ្ឍ និងការអភិវឌ្ឍ តំបន់ឆ្នេរសមុទ្ររបស់កម្ពុជា បង្ហាញពីការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព នៃតំបន់ឆ្នេរសមុទ្រកម្ពុជា ជាពិសេសខេត្តព្រះសីហនុ ដែល រាជរដ្ឋាភិបាលកម្ពុជា បានប្រែក្លាយទៅជាតំបន់ សេដ្ឋកិច្ចពិសេស គំរូពហុបំណង។
តាមការបញ្ជាក់របស់ លោក នេត្រ ភក្ត្រា ក្នុងអំឡុង ពេលដំណើរទស្សនកិច្ច សារព័ត៌មាន នៃក្របខណ្ឌចូលរួម មហាសន្និបាតសមុទ្រអាស៊ីបូព៌ា ឆ្នាំ២០២១ នេះដែរ ក្រុមអ្នកសារព័ត៌ មាន នឹងមានឱកាសស្វែងយល់បន្ថែម ពីសក្តានុពលទេសចរណ៍ សក្តានុពលសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ដែលខេត្តព្រះសីហនុ មាន ព្រមទាំងធ្វើទស្សនកិច្ច នៅតាមទីតាំងនានា ដូចជា បណ្តោយឆ្នេរសមុទ្រ ដ៏ស្រស់ស្អាត របស់ខេត្តព្រះសីហនុ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ៣៤ ខ្សែ ដែលរាជរដ្ឋាភិបាល បានសាងសង់ សម្រាប់ធ្វើទំនើបកម្ម ខេត្តព្រះសីហនុ ទីតាំងអាង ប្រព្រឹត្តកម្មទឹកកខ្វក់ ដែលមានតួនាទី សម្អាតសំណល់រាវទឹកកខ្វក់ ក្រុងព្រះសីហនុ ទីលាន ចាក់សំណល់រឹង សំរាម ខេត្តព្រះសីហនុ ក្នុងការគ្រប់គ្រងសំណល់រឹង សំរាម រួមនឹងការគ្រប់ គ្រង និងអភិរក្សឆ្នេរសមុទ្រកម្ពុជា ផងដែរ។
តាមរយៈទស្សនកិច្ចសារព័ត៌មាន និងការផ្សព្វផ្សាយ ពីមហាសន្និបាតសមុទ្រអាស៊ីបូព៌ា ឆ្នាំ ២០២១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅខេត្តព្រះសីហនុ មន្ត្រីជាន់ខ្ពស់ ក្រសួងបរិស្ថាន បានសម្តែងនូវ សុទិដ្ឋិនិយមថាៈ ពលរដ្ឋកម្ពុជា និងពិភពលោក នឹងបានស្គាល់ច្បាស់ បន្ថែមទៀត ពីការអភិវឌ្ឍ នៅខេត្តព្រះសីហនុ និងសក្តានុពល ដ៏សម្បូណ៌បែប នៃខេត្តជាប់ មាត់សមុទ្រ មួយនេះ ដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងប្រែក្លាយ ទៅជាតំបន់ សេដ្ឋកិច្ចពិសេស គំរូពហុបំណង ដែលជាប៉ូលសេដ្ឋកិច្ចមួយ យ៉ាងសំខាន់របស់កម្ពុជា និងភ្ជាប់កម្ពុជាទៅកាន់ពិភពលោកកាន់តែទូលាយ។ ក្នុងរយៈពេលចុងក្រោយនេះ ខេត្តព្រះសីហនុបានប្រែមុខមាត់ជាច្រើនដោយប្រែក្លាយពីខេត្តដែល ស្ងៀមស្ងាត់ ទៅជាខេត្ត ដែលមានសកម្មភាព មមាញឹក និងរស់រវើកលើ វិស័យទេសចរណ៍ សេដ្ឋកិច្ច និងឧស្សាហកម្ម៕/V