ដោយៈមុនីរ័ត្ន/ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រកម្ពុជា នៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានថ្វាយសាររំលែកព្រះមរណទុក្ខ ទូលថ្វាយព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី រណឫទ្ធិ និងព្រះរាជបុត្រាបុត្រី ចំពោះមរណភាពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។

ក្នុងសាររំលែកទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខណៈនេះទូលព្រះបង្គំ និងភរិយាមានក្តីក្តុកក្តួលរំជួលចិត្ត ឥតឧបមា ដោយទទួលដំណឹងថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិចនិងជាព្រះប្រធាន ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ទ្រង់សោយព្រះទិវង្គតនៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងព្រះជន្មាយុ ៧៧ ព្រះវស្សា ដោយព្រះរោគាពាធ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ទូលព្រះបង្គំ និងភរិយាសូមចូលរួមរំលែកព្រះមរណទុក្ខជាមួយ ព្រះអង្គម្ចាស់ក្សត្រី ជាព្រះជាយា និងព្រះរាជបុត្រា បុត្រី ព្រមទាំងរាជវង្សានុវង្សប្រកបដោយអនិច្ចលក្ខណធម៌សង្វេគ សោកស្តាយស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មាន ព្រោះការបាត់បង់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជាការបាត់បង់ព្រះរាជឥស្សរជនក្នុងព្រះរាជវង្សដ៏ល្អឆ្នើមមួយព្រះអង្គ ដែលទ្រង់ពេញព្រះហឫទ័យ ស្នេហាជាតិ សាសនា ព្រះមហាក្សត្រ ប្រកបដោយព្រះឆន្ទៈមនសិការមោះមុត និងវាងវៃជាអតិបរមា ។

ទន្ទឹមនេះ ទូលព្រះបង្គំ និងភរិយាសូមលំឱនកាយវាចាចិត្ត ឧទ្ទិសបួងសួងយាងដួងព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សូមព្រះអង្គយោនយកកំណើតក្នុងព្រះសុគតិភពគ្រប់ៗព្រះជាតិកុំបីឃ្លៀងឃ្លាតឡើយ»។

សូមជម្រាបថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់បានសោយទិវង្គត ក្នុងព្រះជន្ម៧៧ព្រះវស្សា នៅប្រទេសបារាំង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់ប្រសូតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៤ នៅក្រុងភ្នំពេញ។ ទ្រង់ជាបុត្រាច្បងរបស់ព្រះបាទ នរោត្តម សីហនុ និងអ្នកម្នាង ផាត់ កាញ៉ុល៕

​លោក ញឿ​ន រ៉ា​ដែន អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​ថាពេលនេះ​បុត្រាបុត្រី​របស់​ព្រះអង្គ​បានរៀបចំ​យក​ព្រះ​សព​ព្រះអង្គ​មក​កម្ពុជា​។​

​សម្តេចក្រុមព្រះ​នរោត្តម​រណ​ប្ញ​ទ្ធិ មាន​ព្រះជន្ម​៧៧​ព្រះវស្សា​។​ព្រះអង្គ​មាន​ព្រះរាជសុខភាព​ទ្រុឌទ្រោម​បន្ទាប់ពី​ជួប​គ្រោះថ្នាក់​​ចរាចរណ៍​កាលពី​ប៉ុន្មាន​ឆ្នាំ​មុននេះ​នៅ​ផ្លូវជាតិ​លេខ​៤ ភ្នំពេញ​-​ព្រះសីហនុ ខណៈដែល​ក្នុង​ឧបទ្ទវ​ហេតុនេះ អ្នក​ម្នាង​របស់​ព្រះអង្គ​គឺ​អ្នក​ម្នាង អ៊ុក ផល្លា ទទួលមរណភាព​៕​សរន​