ដោយ:ស្រីនាថ/ភ្នំពេញ:នៅ ថ្ងៃ២៨ ខែវិច្ឆិកា កម្ពុជាបានបន្តទទួល វ៉ាក់សាំង កូវីដ-១៩ Moderna ដែលប្រើបច្ចេកវិទ្យា Messenger RNA (mRNA) ចំនួន ១៨៨.១៦០ ដូស។ នេះគឺជាការផ្តល់វ៉ាក់សាំងកូវីដ-១៩ ប្រភេទ mRNA  លើកទីមួយ មកកាន់កម្ពុជា តាមរយៈយន្តការកូវ៉ាក់ ដែលវ៉ាក់សាំងប្រភេទនេះ នឹងជាជួយ ដល់ការធ្វើពិពិធកម្មសមត្ថភាពវ៉ាក់សាំងរបស់កម្ពុជាបន្ថែមទៀត។ យន្តការកូវ៉ាក់ គឺជាសម្ព័ន្ធភាពសកល ក្រោមកិច្ចដឹកនាំរបស់ សម្ព័ន្ធសកលសម្រាប់វ៉ាក់សាំង និងថ្នាំបង្ការ (GAVI) សម្ព័ន្ធនវានុវត្តន៍ដើម្បីត្រៀមទប់ទល់នឹងការរាតត្បាតនៃជំងឺ (CEPI) អង្គការសុខភាពពិភពលោក រួមជាមួយនឹងមូលនិធិសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ)។ ក្នុងនាមជាអ្នកទិញវ៉ាក់សាំងធំជាងគេតែមួយគត់នៅក្នុងពិភពលោក យូនីសេហ្វគឺជាស្ថាប័នធ្វើលទ្ធកម្ម និងផ្គត់ផ្គង់ឈានមុខគេសម្រាប់យន្តការកូវ៉ាក់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការយូនីសេហ្វប្រចាំនៅថ្ងៃទី២៨ខែវិច្ឆិកាបានបញ្ជាក់ថា ប្រទេសកម្ពុជានៅតែជាប្រទេសមួយ នៅក្នុងចំណោមប្រទេសនាំមុខ គេ នៅក្នុងពិភពលោកចំពោះការផ្តល់វ៉ាក់សាំងកូវីដ-១៩ ដល់ពលរដ្ឋខ្លួន ដោយមានមនុស្សពេញវ័យច្រើនជាង ៩,៧លាននាក់ (៩៧% នៃ ក្រុមប្រជាជនគោលដៅ ដែលមានអាយុចាប់ពី១៨ឆ្នាំ)  បានចាក់វ៉ាក់សាំងពេញលេញ។ វ៉ាក់សាំង Moderna ដែលទើបមកដល់នេះ ផ្ដល់នូវឱកាសកាន់តែច្រើន សម្រាប់មនុស្សពេញវ័យទាំងអស់ ក្នុងការចាក់ វ៉ាក់សាំង ជាពិសេសមនុស្សពេញវ័យដែលមិនទាន់បានចាក់វ៉ាក់សាំងកន្លងមក។

ដោយសារប្រព័ន្ធការពារខ្លួនរបស់មនុស្សដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ពេញលេញ អាចថយចុះទៅតាមពេលវេលា ព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុវត្តផ្តល់វ៉ាក់សាំងដូសជំរុញ នៅថ្ងៃទី១១ ខែតុលា និងរហូតមកដល់ពេលនេះ ហើយបាន ពង្រឹងប្រព័ន្ធការពារខ្លួនរបស់ពលរដ្ឋ ជាង ២លាននាក់ ជាពិសេសលើក្រុមងាយរងគ្រោះបំផុត រួមទាំងមន្រ្តីសុខាភិបាលជួរមុខ។

យូនីសេហ្វ និង WHO នៅតែបន្ត ជាដៃគូដ៏សំខាន់ ក្នុងការពង្រឹងប្រព័ន្ធ សុខាភិបាល និងសមត្ថភាពបរិក្ខារ ប្រព័ន្ធត្រជាក់របស់រាជរដ្ឋាភិបាល រួមទាំង ការគាំទ្រ ការត្រៀមខ្លួនជាមុន ការបណ្ដុះបណ្ដាល និងលទ្ធកម្ម បរិក្ខារ សម្រាប់ការចាត់ចែង និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនៃ វ៉ាក់សាំងប្រភេទ mRNA ថ្មីនេះ។

ការផ្តល់ជំនួយជាវ៉ាក់សាំង Moderna តាមរយៈ យន្តការកូវ៉ាក់ នៅថ្ងៃនេះ គឺស្ថិតក្នុងចំណោមការផ្តល់ជាបន្តបន្ទាប់កន្លងមករបស់យន្តការកូវ៉ាក់មកកាន់កម្ពុជា ហើយមកទល់ពេលនេះ ចំនួនវ៉ាក់សាំងដែលបានដឹកជញ្ជូនមកដល់កម្ពុជាតាមរយៈយន្តការកូវ៉ាក់គឺមានចំនួនច្រើនជាង ៣លានដូស។ វ៉ាក់សាំងជាជំនួយរបស់យន្តការកូវ៉ាក់ ត្រូវបានរំពឹងថា នឹងមកដល់បន្ថែមទៀត ក្នុងរយៈពេលប៉ុន្មានខែខាងមុខ៕សរន