​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ក្រុមហ៊ុន Nissan បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ទី​២៩​វិច្ឆិកា​នេះ​ថា ខ្លួន​កំពុង​វិនិយោគ​ចំនួន​ពីរ​ទ្រី​លាន​យ៉េន (១៧,៦ ពាន់​លាន​ដុល្លារ​)​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ខាង​មុខ​​និង​អភិវឌ្ឍ​អាគុយ​ខ្លាំងក្លា​តម្លៃ​ធូរ​ថ្លៃ​ដើម្បី​ជំរុញ​ការផលិត​រថយន្ត​អគ្គិសនី​របស់ខ្លួន​។​

​លោក ម៉ាកូ​តូ អ៊ូ​ឈីដា ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន​នេះ បាន​និយាយថា រថយន្ត​អគ្គិសនី​ថ្មី​ចំនួន ១៥ ប្រភេទ​នឹង​អាច​រក​បាន​នៅ​ឆ្នាំសារពើពន្ធ ២០៣០ ។ ក្រុមហ៊ុន Nissan Motor Co. មាន​គោលបំណង​ឱ្យ​មាន​រថយន្ត​អគ្គិសនី​៥០​ភាគរយ​នៅក្នុង​ខ្សែសង្វាក់​ផលិត​រថយន្ត​របស់​ក្រុមហ៊ុន នៅក្រោម​អ្វីដែល​លោក​អ៊ូ​ឈីដា​ហៅថា ផែនការ​រយៈពេល​វែង​នៃ “​មហិច្ឆិតា​នី​សាន់​ឆ្នាំ ២០៣០”​។

​យានជំនិះ​អគ្គិសនី​នឹង​រួម​មាន​រថយន្ត​ហាយ​ប្រ៊ី​ដ​និង​រថយន្ត​ប្រភេទ​ផ្សេង​ទៀត​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន ក្រៅ​ពី​រថយន្ត​អគ្គិសនី​។​

​លោក​អ៊ូ​ឈីដា​បាន​និយាយថា កិច្ចខិតខំ​ប្រឹងប្រែង​នេះ​ផ្តោតជាសំខាន់​លើ​រថយន្ត​អគ្គិសនី​ដើម្បី​កាត់បន្ថយ​ការបំភាយ​ឧស្ម័ន​និង​បំពេញ​តម្រូវការ​ផ្សេងៗ​របស់​អតិថិជន​។ លោក​បាន​បន្ថែមថា Nissan ក៏​នឹង​កាត់បន្ថយ​ការបំភាយ​កាបូន​នៅ​រោងចក្រ​របស់​ខ្លួន​ផង​ដែ​រ​។​

​ក្រុមហ៊ុន​បាន​កំពុង​តស៊ូ​បំភ្លេចចោល​នូវ​រឿងអាស្រូវ​របស់​អតីត​ប្រធាន​ក្រុមហ៊ុន​លោក​កា​ឡូ​ស ហ្គោសិ​ន​។ លោក​ហ្គោសិ​ន ដែល​បាន​ដឹកនាំ​ក្រុមហ៊ុន Nissan​អស់​រយៈពេល​ពី​រទស​វត្សរ៍​បន្ទាប់ពី​​គាត់​ត្រូវបាន​បញ្ជូន​ទៅកាន់​ប្រទេស​ជប៉ុន​ដោយ​ដៃគូ​សម្ពន្ធភាព​បារាំង Renault ត្រូវបាន​ចាប់ខ្លួន​នៅ​ទីក្រុង​តូ​ក្យូ​ក្នុង​ឆ្នាំ ២០១៨ ពី​បទ​ចោទប្រកាន់​ប្រព្រឹត្ត​ខុស​ផ្នែក​ហិរញ្ញវត្ថុ​ជា​ច្រើន​ករណី​។​

​លោក​អ៊ូ​ឈី​ដាមិន​បាន​និយាយ​អំពី​រឿង​អាស្រូវ​នេះ​ទេ ប៉ុន្តែ​បាន​និយាយ​សំដៅ​ទៅលើ “​កំហុស​អតីត​” ដែល​លោក​សន្យាថា​នឹង​មិន​ឱ្យ​កើតឡើង​ម្តង​ទៀត​ទេ​នៅ Nissan៕

លោក ម៉ាកូ​តូ អ៊ូ​ឈីដា នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Nissan