ឆ្នាំជូត​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​គឺ​តែង​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រាស្រ័យ ទាក់ទង​នឹង​ប្រាក់កាស​ឬ​ដោះស្រាយ​បញ្ហា​អ្វី មួយ​ពីព្រោះថា​តែង​ទទួលជោគជ័យ​ត្រឡប់មកវិញ ។​ការប្រកប​ការងា​រវិ​ញ​លោកអ្នក​ត្រូវ រវាសរវៃ ញាប់ដៃ ញាប់ជើង ហើយ​ត្រូវតែ​ចងចាំ​ថា​អំឡុង​ពេលនេះ​ធ្វើ​ច្រើន​នឹង​ទទួលបាន​ផល​ច្រើន​មកវិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​តាម ផ្លូវគោក ផ្លូវទឹក ឬ ផ្លូវអាកាស​ក្តី​តែង​អាច​រក​ផល​កម្រៃ​មកវិញ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​
រីឯ​បញ្ហា​កំលោះ​ក្រមុំ​បើ​ចង់​ទំនាក់ទំនង​ស្នេហា​ដំបូង​នា​ថ្ងៃនេះ​ជាការ​ប្រពៃ​គួរសម​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​ធ្លាក់​ស្រុតចុះ ម្ល៉ោះហើយ​ត្រូវ​ប្រយ័ត្នប្រយែង និង​មានចិត្ត​ត្រជាក់​ទើប​បញ្ហា​អាក្រក់​មិនអាច​ឈានចូល​កើត​។​ការប្រកប​ការងារ​ជួប​បញ្ហា​សៅហ្មង និង ក្រុមមនុស្ស​បង្កបញ្ហា​នាំ​ជួប​ផល​លំបាក​ច្រើន​ដល់​គ្រាក្រោយ​ច្រើន​ថ្ងៃ​ទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​បាត់​របស់របរ​ណាមួយ​ព្រោះតែ​ការធ្វេសប្រហែស​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​តិចតួច​តែ​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ព្រោះ​ងាយ​ឈានដល់​ការ​ប្រេះស្រាំ​ធ្ងន់ធ្ងរ​៕

 

​ឆ្នាំខាល​

 

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​លោកអ្នក​ងាយ​រអិល​ខ្លួន​ធ្លាក់​ក្នុង​ជម្លោះ​វិវាទ​អ្វីមួយ​ជាង​សព្វមួយដង ម្ល៉ោះហើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​និង​អត់ធ្មត់​បន្តិច​។​ទាំង​ស្ត្រី​បុរស​បើទោះបី​ធ្វើ​អ្វី​តែង​ជួប​បញ្ហាលំបាក​ច្រើន​បន្តិច​តែ​យ៉ាងណា​បើ​លោកអ្នក​មានការ​ព្យាយាម​អត់ធ្មត់​នោះ​ភាពជោគជ័យ​តែង​កើតមាន​នៅពេល​ក្រោយ​វិញ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងអំឡុង​ពេលនេះ​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​សម្រេច​កិច្ចការ​ធំៗ​ទៅរួច​។
​រីឯ​បញ្ហា​សម្ព័ន្ធ ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​៕

​ឆ្នាំថោះ​

 

​រាសី​ស្រុតចុះ​។​ការរស់នៅ​លោកអ្នក​ត្រូវមាន​ហេតុផល និង​ត្រូវ​ចេះ​អត់ឱន​ដល់​ក្រុមមនុស្ស​ខ្លះ​ទើប​ពុំមាន​បញ្ហាលំបាក ឬ​ទទួលរង​ការរិះគន់​ណាមួយ​កើតឡើង​។​ការប្រកប​ការងារ​ទោះ​មាន​បញ្ហាលំបាក​ច្រើន​បន្តិច​ត្រូវ​ឆ្លងកាត់​ពិតមែន ប៉ុន្តែ​យ៉ាងណា​ក៏មាន​ការរីកលូតលាស់​សន្សឹមៗ​ទៅមុខ​គ្រាន់​ជាទី​គាប់ចិត្ត​ឆ្លើយតប​មកវិញ​ដែរ ។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំមាន​ការរីក​លូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ ហើយក៏​មិន​មានការ​ថយក្រោយ​ដែរ​គឺ​ដូច​សព្វមួយដង​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង ម្ល៉ោះហើយ​ការកើត​រឿង​រាវ​ប្រទាំង​ប្រទើស​ងាយ​ផ្ទុះឡើង​ណាស់​៕

 

​ឆ្នាំរោង​

 

​រាសី​ខ្ពស់ត្រដែត​។​ការធ្វើ​អ្វីមួយ​របស់លោក​អ្នក​គឺ​តែង​សម្រេច​ជោគជ័យ​ដូច​សមប្រកប ពិសេស​នៅមាន បងប្អូន​ញាតិមិត្ត​ជួយ​ជ្រោមជ្រែង​ថែមទៀត​។​ទាំង​ស្ត្រី​បុរស​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត ឬ​ចុះ​ប្រកប​កិច្ចការងារ​អ្វីមួយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​អាច​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​មិនទាន់មាន​គូគាប់ ហើយ​ចង់​ស្វែងរក​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​តែ​យ៉ាងណា​ស្ត្រី​ប្រយ័ត្ន​ព្រាននារី​ក៏មាន​តាម​ជាប់​ច្រើន​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ល្អជា​មធ្យម​។​ពេលនេះ​ក្នុង​រង្វង់​គ្រួសារ​របស់លោក​អ្ន​កលេ​ច​នូវ​បាតុភាព​រឿង​រកាំរកូស​ខ្លះៗ​កើតឡើង ម្ល៉ោះហើយ​ត្រូវ​ចេះ​ប្រើ​បញ្ញា​ដោះស្រាយ និង​ចេះ​អត់ធ្មត់​ទើប​ប្រសើរ​។​លោកអ្នក​ពុំ​ត្រូវធ្វើ​អ្វី​ដោយ​មិន​មើល​គេឯង​ឡើយ ហើយ​ឱ្យ​ប្រយ័ត្ន​សត្រូវ​លាក់​មុខ​លប​វាយប្រហារ​ដោយ​ប្រការ​ណាមួយ​។​
​ក្នុង​រយៈពេល​នេះ​ការរកស៊ី​ជួញដូរ​របស់លោក​អ្នក​ភាគច្រើន​បាន​ធ្លាក់ចុះ​ដុនដាប​នាំឱ្យ​ជួប​បញ្ហាលំបាក ម្ល៉ោះហើយ​ត្រូវ​អត់ធ្មត់​និង​ចេះ​សម្លឹង​រកមុខរ​បរប​ន្ថែ​ម​ទើប​ប្រសើរ​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ចូរ​កុំ​ឈ្លក់​វង្វេង​នឹង​ស្នេហា​ភ្លើតភ្លើន ឬ​ស្នេហា​ដូច​ភ្លើងចំបើង​ប្រយ័ត្ន​ជួប​រឿង​ប្រុស​ប្រកែក​ស្រី​ប្រកាន់​នាំទុក្ខ​ដាក់ខ្លួន​៕

 

​ឆ្នាំមមី​

 

​រាសី​ឡើង​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដោយសារ​រាល់ ចង្រៃឧបទ្រព និង ឧបសគ្គ​ត្រូវបាន​សាបរលាប​បាត់ស្រមោល​រលីង​នោះ​ធ្វើឱ្យ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពរលូន​ឡើងវិញ​។​ដំណើរ​ជីវិត​ល្អប្រសើរ ហេតុនេះ​ទាំង​ស្ត្រី​បុរស​អា​ចស​ម្រុ​ការងារ​តូចធំ​បាន​ហើយ ពីព្រោះថា​ផ្លែផ្កា​នឹង​ឆ្លើយតប​គ្រាន់​ជាទី​កក់ក្តៅ​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​លោកអ្នក​អាច​រក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន ហើយ​មុខរបរ​ទៀតសោត​ក៏មាន​ភាព​សុខដុម​ប្រពៃ​។
រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​មានទំនាស់​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ដោះស្រាយ​ជាមួយគ្នា​បំផុត​៕

 

​ឆ្នាំមមែ​

 

​រាសី​ល្អជា​មធ្យម​។​ក្នុង​រយៈ​ពេលនេះ​លោកអ្នក​មិន​ត្រូវយក​ខ្លួន​ទៅ​ធានា​រឿង​របស់​អ្នកដទៃ​ឡើយ ប្រយ័ត្ន​ធ្វើ​គុណ​បែរជា​បាន​ទោស​ត្រឡប់មកវិញ​។​ដោយឡែក​នៅថ្ងៃនេះ​អ្នក​ប្រកបការងារ​ពុំមាន​អ្វី​លេចធ្លោ​ទេ​គឺ​អ្វីៗ​ដូច​សព្វមួយដង​។​ការធ្វើ​ជំនួញ​ឆ្ងាយ​ជិត​ឃើញថា​ពិបាក​រកប្រាក់​ចំណូល​ខ្លាំង​ដែរ ហើយ​ពិសេស​ងាយ​មានរឿង​រាវ​ចូលលុកលុយ​ថែមទៀត​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ហាក់​ពុំ​ជឿនលឿន​ទៅមុខ ហើយក៏​មិន​ថយក្រោយ​ដែរ​៕

 

​ឆ្នាំវក​

 

​រាសី​ល្អជា​មធ្យម​។​ទាំង​ស្ត្រី​បុរស​ក្នុង​រយៈពេល​នេះ​ដោយសារ​សម្ពាធ​ផ្លូវ​អារម្មណ៍ និង​ប្រាក់កាស​ជួប​បញ្ហា​ខ្វះមុខខ្វះក្រោយ​ធ្វើឱ្យ​លោកអ្នក​ទទួលរង​ផល​លំបាក​ច្រើន​។​នៅពេលនេះ​បើ​មាន​កិច្ចការ​អ្វី​លោកអ្នក​គប្បី​ចាត់ចែង​ឱ្យ​ឆាប់​ចប់​ពីព្រោះថា​ឆ្លង​ដល់​ខែក្រោយ​ផល​លំបាក​ក៏មាន​ច្រើនជាង​នេះ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការហូរចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ការ​ជួញ​ធំដុំ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ព្រោះថា​ងាយ​ចាញ់បោក​គេ​ណាស់​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

 

​ឆ្នាំរកា​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ដំណើរ​ជីវិត​តែងមាន​ការរីកចម្រើន លូតលាស់​ទៅមុខ​ដោយ​សន្សឹមៗ ហើយ​ផល​លំបាក​មួយចំនួន​ក៏​ចាប់ផ្តើម​រលាយបាត់​អស់​ដែរ​។​សម្រាប់​ការងារ​ប្រចាំថ្ងៃ​របស់លោក​អ្នក​វិញ​ដោយសារ​ដួង​រាសី​ខ្ពស់ត្រដែត​ធ្វើឱ្យ​រាល់​កិច្ចការងារ មានការ​ជឿនលឿន និង ពិសេស​ក្រុមមនុស្ស​តែង​ជួយ​ដល់​លោកអ្នក​ច្រើន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​កាក់កប​គួរសម​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ដោយ​អាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​ដូច​គាប់​បំណង​។
គូ​ស្វាមីភរិយា​ទាល់តែ​ចេះ​អត់ឱន​ឱ្យ​គ្នា​ទៅវិញទៅមក​ទើប​មាន​សុខដុមរមនា​នៅក្នុង​គ្រួសារ ៕

 

​ឆ្នាំច​

 

​រាសី​ល្អជា​មធ្យម​។​ក្នុង​រយៈ​ពេលនេះ​លោកអ្នក​មិនត្រូវ​ឱ្យគេ​ជំពាក់​បំណុល ឬ​ឱ្យគេ​ខ្ចី​របស់របរ​ដោយ​មិន​មើលមុខ​ក្រោយ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​។​ការប្រកប​ការងារ​លោក​អ្នក​ទទួលរង​សម្ពាធ​ច្រើន​បន្តិច ប៉ុន្តែ​យ៉ាងណា​ត្រូវ​ចេះ​តស៊ូ​និង​យក​បញ្ញា​ជា​អាវុធ​ដោះស្រាយ​ទើប​ប្រសើរ ។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើកហាង​ថ្មី​ឬ​ប្តូរ​មុខរបរ​ថ្មី​ជា​ឱកាស​ប្រពៃ​មួយ​ដែរ​ព្រោះ​អាច​មានការ​ជឿនលឿន​គ្រាន់​គាប់ប្រសើរ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​មិនទាន់មាន​គូគាប់​អាចមាន​ក្រុមមនុស្ស​ភេទ​ផ្ទុយគ្នា​ចាប់អារម្មណ៍​ពិសេស​អាច​ក្លាយជា​គូគាប់​ទៀតផង​៕

 

​ឆ្នាំកុរ​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុង​ពេលនេះ​បើទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏​អាច​ដំណើរការ​ស្រួល​ដែរ ហើយ​បើ​មាន​ផល​លំបាក​នោះ​ក៏​ងាយ​ដោះស្រាយ​ចេញទៅ​វិញ​។​ថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរកា​រងា​រលើ​បញ្ហា​ប្រាក់កាស ។​ក្រៅពីនេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​ធ្វើ​កិច្ចសន្យា អ្វីមួយ​ក៏​អាចអនុវត្ត​បាន​ហើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មាន​ភាព​លូតលាស់​ទៅមុខ​ប្រពៃ​ហើយ​ការរក​ផល​កម្រៃ​ទៀតសោត​ក៏​ល្មម​គ្រាន់​ជាទី​កក់ក្តៅ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាពកក់ក្តៅ​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ដូច​សព្វមួយដង​៕