​ប្រែ​សម្រួលៈ​វាសនា​/​ប៉េកាំង​៖​ប្រធានាធិបតី​ចិន កាលពី​ថ្ងៃ​ចន្ទ​បាន​សន្យា​ផ្តល់​វ៉ាក់សាំង​កូវី​ដ​១៩​ចំនួន​១​ពាន់​លាន​ដូសដល់​អាហ្វ្រិក នៅពេល​ទ្វីប​នេះ​កំពុង​ស្វះស្វែង​រក​វ៉ាក់សាំង​អោយបាន​គ្រប់គ្រាន់​​សំរាប់​បង្កើត​ភាពស៊ាំ​ប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩​។​

​នៅ​សុន្ទរកថា​មួយ​តាម​បណ្តាញ​វីដេអូ​បន្ត​ផ្ទាល់​ទៅកាន់​ជំនួប​កំពូល​ចិន​-​អាហ្វ្រិក​នៅ​ជិត​រដ្ឋធានី​ដា​ក្ការបស់​សេ​ណេហ្កា​ល់ លោក​ប្រធានាធិបតី​ស៊ី ជីន​ភីង បាន​មានប្រសាសន៍ថា ចិន​នឹង​ជួយ​វ៉ាក់សាំង​៦០០​លាន​ដូ​ស​ដោយ​ផ្ទាល់ ហើយ​៤០០​លាន​ដូ​សទៀត​នឹង​ជួយ​តាមរយៈ​ប្រភព​ផ្សេងៗ ដូចជា​ការវិនិយោគ​នៅ​ទីតាំង​ផលិត​ក្នុង​មូលដ្ឋាន​ដែល​កំពុង​ខ្វះខាត​នៅ​ទូទាំង​អាហ្វ្រិក​។​

​ការសន្យា​របស់​លោក​ស៊ី​ត្រូវបាន​ធ្វើឡើង​នៅ​ផ្នែក​នៃ​វេទិកា​មួយ​រវាង​ចិន​និង​បណ្តា​រដ្ឋ​អាហ្វ្រិក ដែល​សង្កត់ធ្ងន់​លើ​ពាណិជ្ជកម្ម​និង​សន្តិសុខ ក្នុងចំណោម​បញ្ហា​ដទៃទៀត ។​

​សូមបញ្ជាក់​ថា ចិន​វិនិយោគ​ច្រើន​ក្រាស់ក្រែល​នៅ​អាហ្វ្រិក និង​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ទ្វីប​នេះ ដោយ​ពាណិជ្ជកម្ម​ផ្ទាល់​មាន​តំលៃ​២០០​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៩​។​

​ចិន​ក៏​បាន​ជួយ​វ៉ាក់សាំង​ផលិត​ក្នុងស្រុក​របស់​ក្រុមហ៊ុន​Sinopharm ដល់​បណ្តា​ប្រទេស​ក្រីក្រ​នៅ​អាហ្វ្រិក​ចាប់តាំងពី​ការចាប់ផ្តើម​ជំងឺឆ្លង​នេះ​មក​។​

​ក្នុងជំនួប​កំពូល​លោក​ស៊ី​បាន​មាន​ប្រកាសថា « យើង​ត្រូវ​បន្ត​រួម​គ្នា​ប្រយុទ្ធ​នឹង​កូវី​ដ​។​យើង​ត្រូវ​អោយ​អាទិភាព​លើ​ការការពារ​ប្រជាជន​របស់​យើង​និង​បន្លយ​គម្លាត​វ៉ាក់សាំង​។​ចិន​នឹង​បញ្ជូន​បុគ្គលិក​​វេជ្ជសាស្ត្រ​ប្រមាណ​១.៥០០​នាក់​ទៅ​កាន់​អាហ្វ្រិក​»​។​

​អត្រា​ចាក់​វ៉ាក់សាំង​នៅ​អាហ្វ្រិក​ទាប​បើ​ធៀប​នឹង​ផ្នែក​ផ្សេង​ទៀត​នៃ​ពិភពលោក ដោយ​រដ្ឋ​ជាច្រើន​រង់ចាំតែ​ជំនួយ​បរទេស ដោយសារ​ខ្វះ​ទីតាំង​ផលិត​ក្នុងស្រុក និង​ថ្លៃ​ទិញ​វ៉ាក់សាំង​ច្រើនៗ​នៅមានកំរិត​។​

​កាលពី​ខែ​មុន​ប្រធានាធិបតី​អាម៉េរិក​ក៏​បាន​ប្រកាស​ជួយ​វ៉ាក់សាំង​១៧​លាន​ដូសដល់​អង្គការ​សហ​ភាព​អាហ្វ្រិក​ផងដែរ​តែ​នៅ​តិច​ធៀប​នឹង​ជំនួយ​ចិន​៕

​លោក​ស៊ី ថ្លែង​តាម​បណ្តាញ​វីដេអូ​បន្ត​ផ្ទាល់​ទៅកាន់​ជំនួប​កំពូល​ចិន​-​អាហ្វ្រិក​កាលពី​ថ្ងៃ​២៩​វិច្ឆិកា​