​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ មន្ទីរ​បញ្ច​កោណ​បាន​និយាយ​ដោយ​ផ្អែក​លើ​លទ្ធផល​នៃ​ការត្រួតពិនិត្យ​ឡើងវិញ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៩​វិច្ឆិកា​ថា យោធា​អាម៉េរិក​នឹង​ពង្រឹង​ការ​ដាក់​ពង្រាយ​មូលដ្ឋាន​ដែល​តម្រង់​ទៅ​កាន់​ប្រទេស​ចិន​និង​រុស្ស៊ី ខណៈ​នៅតែ​អាច​រក្សាបាន​នូវ​កងកម្លាំង​នៅ​មជ្ឈិមបូព៌ា​គ្រប់គ្រាន់​ដើម្បី​រារាំង​អ៊ីរ៉ង់​និង​ក្រុម​ជី​ហាដ​។​

​ក្រុមមន្ត្រី​បាន​និយាយថា ក្រសួង​ការពារជាតិ​អាម៉េរិក​នឹង​ធ្វើឱ្យ​ប្រសើរ​ឡើង​និង​ពង្រីក​មូលដ្ឋាន​យោធា​នៅ​កោះ​ហ្គាំ​និង​អូស្ត្រាលី​ដោយ​គូសបញ្ជាក់​ពី​ការយកចិត្តទុកដាក់រ​បស់​ខ្លួន​លើ​ចិន​ជា​គូប្រជែង​​ការពារជាតិ​នាំមុខ​គេ​របស់​ប្រទេស​នេះ​។​

​ក្រុមមន្ត្រី​បាន​និយាយថា ព័ត៌មាន​លម្អិត​នៃ “​ការត្រួតពិនិត្យ​ឥរិយាបថ​ពិភពលោក​” ដែល​ត្រូវបានចាត់តាំង​ឱ្យ​ធ្វើ​ឡើង​នៅ​ដើម​អាណត្តិ​របស់​ប្រធានាធិបតី​ចូ បៃ​ដិន​នៅ​ដើមឆ្នាំ​នេះ​នឹង​នៅ​តែ​ត្រូវ​​ចាត់ថ្នាក់​ជា​ការណ៍​សម្ងាត់​ដើម្បី​កុំឱ្យ​ផ្តល់​អាថ៌កំបាំង​ដល់​គូប្រជែង​ឬ​បង្ហាញ​ផែនការ​សម្ងាត់​ជាមួយ​សម្ពន្ធមិត្ត​។​

​លោកស្រី ម៉ា​រ៉ា កា​លីន ជា​មន្ត្រី​គោលនយោបាយ​កំពូល​របស់​មន្ទីរ​បញ្ច​កោ​ណ បាន​និយាយថា ទោះបីជា​យ៉ាងណា​ក៏ដោយ ការ​ពិនិត្យ​ឡើងវិញ​បានបញ្ជាក់​ថា​តំបន់​អាទិភាព​សម្រាប់​យោធា​អាម៉េរិក​​គឺ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​។​

​លោកស្រី​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ថា ការ​ពិនិត្យ​ឡើងវិញ​នេះ “​តម្រង់ទិស​កិច្ចសហប្រតិបត្តិការ​បន្ថែម​ជាមួយ​សម្ពន្ធមិត្ត​និង​ដៃគូ​ទូទាំង​តំបន់​ដើម្បី​ជំរុញ​គំនិត​ផ្តួចផ្តើម​ដែល​រួមចំណែក​ដល់​​ស្ថិរភាព​ក្នុង​តំបន់​និង​រារាំង​លទ្ធភាព​ឈ្លានពាន​ផ្នែក​យោធា​ពី​ប្រទេស​ចិន​និង​ការគំរាមកំហែង​ពី​កូរ៉េខាងជើង​”​។​

​លោក​ស្រី​និយាយថា លើសពីនេះ​ទៀត វា “​នឹង​ពង្រឹង​ការទប់ស្កាត់​ដែ​លអាច​ជឿ​ទុកចិត្តបាន​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី​នៅ​អឺរ៉ុប​និង​អាច​ឱ្យ​កងកម្លាំង​ណា​តូ​ធ្វើ​ប្រតិបត្តិ​​ការ​កាន់តែ​មាន​ប្រសិទ្ធភាព​”​។​

​ម្យ៉ាងវិញទៀត មជ្ឈិមបូព៌ា​នៅតែ​ជា​តំបន់​សំខាន់​សម្រាប់​មន្ទី​រ​បញ្ច​កោណ បន្ទាប់​ពី​សង្គ្រាម​ដ៏​យូរ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​អា​ហ្វ​ហ្គានី​ស្ថាន​។​

​លោកស្រី​កា​លីន​បាន​និយាយថា “​យើង​មាន​ទំនួល​ខុស​ត្រូវ​ជា​សកល ហើយ​ត្រូវតែ​ធានា​នូវ​ការត្រៀមខ្លួន​និង​ទំនើបកម្ម​នៃ​កងកម្លាំង​របស់​យើង​”​។​

“​ការពិចារណា​ទាំងនេះ​តម្រូវ​ឱ្យ​យើង​ធ្វើការ​ផ្លាស់ប្តូរ​ជា​បន្តបន្ទាប់​ចំពោះ​ឥរិយាបថ​នៅ​មជ្ឈិមបូព៌ា​របស់​យើង ប៉ុន្តែ​យើង​តែងតែ​មាន​សមត្ថភាព​ដាក់ពង្រាយ​កងកម្លាំង​យ៉ាង​ឆាប់រហ័ស​ទៅកាន់​តំបន់​នានា​ដោយ​ផ្អែក​លើ​បរិយាកាស​គំរាមកំហែង​”៕

​ឯកសារ​ថ្មី​របស់​អាម៉េរិក​ឈ្មោះថា “​ការត្រួតពិនិត្យ​ឥរិយាបថ​ពិភពលោក​” សង្កត់ធ្ងន់​លើ​ការពង្រឹង​មូលដ្ឋាន​យោធា​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​