​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ អង្គការ​សុខភាព​ពិភពលោក (WHO)​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៩​វិច្ឆិកា​ថា មេរោគ​បំ​ប្លែងខ្លួន​អូ​មី​ក្រុង (Omicron)​ទំនង​ជា​រីក​រាលដាល​ជា​អន្តរជាតិ ដោយ​បង្ក​ហានិភ័យ​នៃ​ការឆ្លង​រាលដាល​ខ្លាំង​ជា​សកល ដែល​អាច​មាន “​ផលវិបាក​ធ្ងន់ធ្ងរ​” នៅក្នុង​តំបន់​មួយចំនួន​។​

​ទីភ្នាក់ងារ​របស់​អង្គការសហប្រជាជាតិ​មួយ​នេះ​បាន​ជំរុញ​ឱ្យ​រដ្ឋ​សមាជិក​ចំនួន ១៩៤ របស់​ខ្លួន​ពន្លឿន​ការចាក់​វ៉ាក់សាំ​ងដល់​ក្រុម​អាទិភាព​ខ្ពស់ និង​”​ធានាឱ្យមាន​ផែនការ​កាត់បន្ថយ​ហានិភ័យ​នៅ​​នឹង​កន្លែង​” ដើម្បី​ថែរក្សា​សេវា​សុខភាព​សំខាន់ៗ​ឱ្យ​នៅ​ដំណើរការ​ក្នុងពេល​រំពឹង​មាន​ការកើនឡើង​ចំនួន​ករណី​ឆ្លង​នាពេលខាងមុខ​។​

WHO បាន​និយាយថា “​មេរោគ​អូ​មី​ក្រុងមាន​ចំនួន​នៃ​ការ​បំប្លែង​រូបរាង​ស្ពៃ​ច្រើន​មិន​ធ្លាប់​មាន​ពីមុនមក​ដែល​ការ​បំប្លែង​មួយចំនួន​គឺ​ជាប់​ពាក់ព័ន្ធ​នឹង​ផលប៉ះពាល់​សក្តានុពលរ​បស់​ពួកវា​ទៅលើ​គន្លង​​នៃ​ជំងឺ​រាតត្បាត​”​។​

“​ហានិភ័យ​ជា​សកល​ទាក់ទង​នឹង​មេរោគ​បំ​ប្លែងខ្លួន​ថ្មី​នេះ … ត្រូវបាន​វាយតម្លៃ​ថា​មាន​កម្រិត​ខ្ពស់​ណាស់​”​។​

WHO និយាយ​ថា​រហូតមកទល់​បច្ចុប្បន្ននេះ​មិនទាន់​មាន​ការស្លាប់​ទាក់​ទង​នឹង​មេរោគ​អូ​មី​ក្រុង​ត្រូវបាន​រាយការណ៍​នៅឡើយ​ទេ​ទោះបីជា​ការស្រាវជ្រាវ​បន្ថែម​គឺ​ត្រូវការ​ចាំបាច់​ដើម្បី​វាយតម្លៃ​សក្តានុពល​​របស់​មេរោគ​អូ​មី​ក្រុង​ក្នុងការ​គេចផុត​ពី​ការការពារ​ប្រឆាំង​នឹង​ភាពស៊ាំ​ដែល​បង្កើតឡើង​ដោយ​វ៉ាក់សាំង​និង​ការឆ្លង​កូ​វីដ​ពី​មុន​ក៏ដោយ​។​

WHO បាន​និយាយថា “​ការកើនឡើង​ករណី​ឆ្លង ដោយ​មិន​គិត​ពី​ការ​បំប្លែង​ខ្លួន​ធ្ងន់ធ្ងរ​នៃ​មេរោគ អាច​បង្ក​ឱ្យមាន​តម្រូវការ​ដ៏​លើសលប់​លើ​ប្រព័ន្ធ​ថែទាំ​សុខភាព​ហើយ​អាច​នាំឱ្យ​មាន​ការកើនឡើង​​ការឈឺ​និង​ការស្លាប់​។ ផលប៉ះពាល់​លើ​ប្រជាជន​ដែល​ងាយ​រងគ្រោះ​នឹងមាន​ច្រើន ជាពិសេស​នៅក្នុង​ប្រទេស​ដែល​មាន​ការចាក់​វ៉ាក់សាំង​ទាប​”៕

​មេរោគ​អូ​មី​ក្រុង​នឹង​មាន​ផលប៉ះពាល់​ខ្លាំង​លើ​ប្រទេស​ដែល​មាន​ការចាក់​វ៉ាក់សាំង​ទាប