ប្រែសម្រួលៈវាសនា/ញូវយ៉ក៖ អង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទទី២៩វិច្ឆិកាបានទទូចសុំហ្វីលីពីនអោយអនុញ្ញាតជ័យលាភីរង្វាន់ណូបែលសន្តិភាពនិងជាអ្នកកាសែតលោកស្រី ម៉ារីយ៉ា រេសសា ធ្វើដំណើរទៅកាន់ប្រទេសន័រវេសនៅខែក្រោយដើម្បីទទួលរង្វាន់។
រេសសា បានទទួលរង្វាន់ដ៏មានកិត្យានុភាពនេះ រួមគ្នាជាមួយអ្នកកាសែតរុស្ស៊ីលោក ឌីមីទ្រី មូរ៉ាតូវ សំរាប់សេចក្តីក្លាហានរបស់គេក្នុងការជំរុញសិទ្ធិនិយាយដោយសេរី ដែលកំពុងរងការវាយប្រហារនៅទូទាំងពិភពលោក។
អ្នកកាសែតជើងចាស់រូបនេះបានស្នើសុំរដ្ឋាភិបាលអោយលោកស្រីចេញពីប្រទេសទៅកាន់ន័រវេស ដើម្បីទទួលរង្វាន់នៅថ្ងៃ១០ធ្នូ តែរដ្ឋាភិបាលបាននិយាយថាលោកស្រី ប្រឈមបណ្តឹងផ្លូវច្បាប់ជាច្រើនហើយចុងចម្លើយអាចរត់គេចចេញពីការប្រឈមមុខផ្លូវច្បាប់បើសិនជាត្រូវអនុញ្ញាតអោយចាកចេញពីប្រទេស។
ស្ទេហ្វាន ឌុយចារិក អ្នកនាំពាក្យរបស់លោកអគ្គលេខាអង្គការសហប្រជាជាតិ បាននិយាយថា អង្គការសហប្រជាជាតិ«ព្រួយបារម្ភណាស់»អំពីការរឹតត្បិតលើការធ្វើដំណើរដែលអាជ្ញាធរដាក់លើ រេសសា។«យើងទទូចសុំអោយរដ្ឋាភិបាលហ្វីលីពីន ដកចេញការរឹតត្បិតដូច្នេះជាបន្ទាន់ និងអនុញ្ញាតអោយលោកស្រីធ្វើដំណើរទៅកាន់ទីក្រុងអូស្លូ»។
សូមបញ្ជាក់ថា អាជ្ញាបណ្ណសំរាប់គេហទំព័រសារព័ត៌មានRapplerរបស់រេសសា ត្រូវបានព្យួរនិងលោកស្រីប្រឈមបណ្តឹងជាច្រើន តែអ្នកគាំទ្រយល់ថាលោកស្រីជាគោលដៅនៃស្វែងរកចាប់កំហុសដាក់ទោសដោយសារតែលោកស្រីរិះគន់គោលនយោបាយរបស់រដ្ឋាភិបាល រួមមានសង្គ្រាមថ្នាំញៀនដ៏បង្ហូរឈាម ដែលដឹកនាំធ្វើដោយប្រធានាធិបតី រ៉ូឌ្រីហ្គោ ទុយទែត៕
អ្នកកាសែតលោកស្រី ម៉ារីយ៉ា រេសសា