​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ លោក អាល់​បឺត បួ​ឡា នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​អាម៉េរិក Pfizer បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៩​វិច្ឆិកា​ថា​ក្រុមហ៊ុន​បានចាប់ផ្តើម​​ធ្វើការ​លើ​កំណែ​វ៉ាក់សាំង​កូវី​ដ​១៩​របស់​ខ្លួន​រួច​ហើយ ដោយ​ផ្តោត​ជាពិសេស​ទៅលើ​មេរោគ​អូ​មី​ក្រុង​ក្នុងករណី​ដែល​វ៉ាក់សាំង​បច្ចុប្បន្ន​មិន​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​មេរោគ​ប្រភេទ​ថ្មី​នេះ​។​

​លោក​បួ​ឡា​បាន​ប្រាប់​ទូរទស្សន៍ CNBC​ថា​ក្រុមហ៊ុន​របស់លោក​កាលពី​ថ្ងៃ​សុក្រ​បានចាប់ផ្តើម​សាកល្បង​វ៉ាក់សាំង​បច្ចុប្បន្ន​ប្រឆាំងនឹង​មេរោគ​បំ​ប្លែងខ្លួន​អូ​មី​ក្រុង​ដែល​គេ​រាយការណ៍​ដំបូង​នៅ​អាហ្វ្រិក​​ខាងត្បូង និង​បង្ក​ការបារម្ភ​អំពី​រលក​ជា​សកល​នៃ​កូវី​ដ​១៩​។​

​លោក​បួ​ឡា​បាន​និយាយថា “​ខ្ញុំ​មិន​គិតថា លទ្ធផល​នឹង​បង្ហាញ​ថា​វ៉ាក់សាំង​នឹង​មិន​អាច​ការពារ​បាន​នោះទេ​”​។​

​លោក​បួ​ឡា​និយាយថា ប៉ុន្តែ​ការ​ធ្វើតេស្តិ៍​អាច​បង្ហាញថា វ៉ាក់សាំង​ដែលមាន​ស្រាប់ “​អាច​ការពារ​តិច​ជាង​មុន​” ដែល​មានន័យថា “​យើង​ត្រូវ​បង្កើត​វ៉ាក់សាំង​ថ្មី​”​។​

​លោក​បាន​និយាយថា “​កាលពី​ថ្ងៃ​សុក្រ​យើង​បាន​បង្កើត​គំរូ DNA​ដំបូង​របស់​យើង ដែល​ជា​ការឆ្លុះបញ្ចាំង​លើក​ដំបូង​នៃ​លទ្ធភាព​ដំណើរការ​អភិវឌ្ឍន៍​វ៉ាក់សាំង​ថ្មី​”​។​

​លោក​បួ​ឡា​បាន​ប្រដូច​ស្ថានភាព​នេះ​ទៅ​នឹង​សេណា​រី​យ៉ូ​កាលពីដើមឆ្នាំ​នេះ នៅពេលដែល Pfizer និង​ដៃគូ​អាល្លឺម៉ង់​របស់ខ្លួន BioNTech បាន​បង្កើត​វ៉ាក់សាំង​ក្នុង​រយៈពេល ៩៥​ថ្ងៃ​នៅពេល​​មាន​ការព្រួយបារម្ភ​ថា​រូបមន្ត​ពី​មុន​នឹង​មិន​មាន​ប្រសិទ្ធភាព​ប្រឆាំងនឹង​មេរោគ​ឌែ​ល​តា ទោះបីជា​ទីបំផុត​កំណែ​នោះ​មិន​ត្រូវបាន​ប្រើប្រាស់​ក៏​ដោយ​។​

​នាយក​ប្រតិបត្តិ​រូបនេះ​បាន​និយាយថា វ៉ាក់សាំង​បច្ចុប្បន្ន​គឺ “​មាន​ប្រសិទ្ធភាព​ខ្លាំង​” ប្រឆាំង​នឹង​មេរោគ​ឌែ​ល​តា ដោយ​បន្ថែម​ថា​ក្រុមហ៊ុន​រំពឹងថា​នឹង​អាច​ផលិត​វ៉ាក់សាំង​ចំនួន​បួន​ពាន់​លាន​ដូ​ស​នៅ​ឆ្នាំ ២០២២៕

​លោក អាល់​បឺត បួ​ឡា នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​អាម៉េរិក Pfizer​