​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ក្រុមហ៊ុន​បង្កើត​វ៉ាក់សាំង Sputnik V របស់​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៩​វិច្ឆិកា​ថា​ខ្លួន​នឹង​ចាប់ផ្តើម​ធ្វើការ​ភ្លាមៗ​លើ​ការ​សម្រប​ខ្លួន​របស់​វ៉ាក់សាំង​​កូវី​ដ​១៩ ដើម្បី​ប្រឆាំង​នឹង​មេរោគ​បំ​ប្លែងខ្លួន​អូ​មី​ក្រុង​។​

​វិទ្យាស្ថាន​ហ្គា​ម៉ាឡេ​យ៉ា​និង​ក្រុមហ៊ុន​មូលនិធិ​វិនិយោគ​ផ្ទាល់​របស់​រុស្សី (RDIF) ដែល​ផ្តល់​មូលនិធិ​ផលិត​វ៉ាក់សាំង Sputnik V និង​វ៉ាក់សាំង​ចាក់​តែ​មួយ​ដូសរ​បស់ខ្លួន Sputnik Light បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា វ៉ាក់សាំង​ដែលមាន​ស្រាប់​គួរតែមាន​ប្រសិទ្ធភាព​ប្រឆាំងនឹង​មេរោគ​បំប្លែង​ថ្មី​នេះ​។​

​សេចក្តីថ្លែងការណ៍​បាន​និយាយថា “​ទោះយ៉ាងណា​ក៏ដោយ វិទ្យាស្ថាន​ហ្គា​ម៉ាឡេ​យ៉ា​ដោយ​ផ្អែក​លើ​ពិធីសារ​ដែលមាន​ស្រាប់​នៃ​ការអភិវឌ្ឍ​វ៉ាក់សាំង​ភ្លាមៗ​សម្រាប់​មេរោគ​បំប្លែង​ខ្លួន​គួរ​ឱ្យ​បារម្ភ​បាន​ចាប់​​ផ្តើម​អភិវឌ្ឍ​វ៉ាក់សាំង Sputnik កំណែ​ថ្មី​រួចហើយ ដែល​នឹង​សម្រប​ខ្លួន​ទៅ​នឹង​មេរោគ​អូ​មី​ក្រុង​”​។​

​ប្រធាន​ក្រុមហ៊ុន RDIF លោក គី​រី​ល ឌី​មី​ទ្រី​វ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា “​វិទ្យាស្ថាន​ហ្គា​ម៉ាឡេ​យ៉ា​ជឿជាក់ថា វ៉ាក់សាំង Sputnik V និង Sputnik Light​នឹង​បន្សាប​មេរោគ​​អូ​មី​ក្រុង ព្រោះ​វា​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត​ប្រឆាំង​នឹង​មេរោគ​បំ​ប្លែងខ្លួន​ផ្សេងៗ​ទៀត​”​។​

​សេចក្តីថ្លែងការណ៍​បាន​និយាយថា ប្រសិនបើ​ការកែប្រែ​គឺ​ត្រូវការ​ចាំបាច់ កំណែ​ថ្មី​របស់​វ៉ាក់សាំង Sputnik V អាច​នឹង​រួចរាល់​សម្រាប់​ការផលិត​ទ្រង់ទ្រាយ​ធំ​ក្នុង​រយៈពេល ៤៥ ថ្ងៃ ដោយ​អះអាង​ថា វ៉ាក់សាំង​ជំរុញ​ទប់ទល់​នឹង​អូ​មី​ក្រុង​របស់ Sputnik ជាច្រើន​រយ​លាន​ដូ​សអាច​ត្រូវបាន​ផ្តល់ជូន​ដល់​ទីផ្សារ​អន្តរជាតិ​ត្រឹម​ថ្ងៃទី ២០ ខែ​កុម្ភៈ ឆ្នាំ ២០២២​ជាមួយនឹង​វ៉ាក់សាំង​ជាង​បី​ពាន់​លាន​ដូសនឹង​​អាច​រកបាន​នៅក្នុង​ឆ្នាំ ២០២២៕

បុគ្គលិក​ពេទ្យ​កំពុង​ត្រៀម​ចាក់​វ៉ាក់សាំង Sputnik V ដល់​មនុស្ស​ចាស់​នៅ​វ៉េណេស៊ុយ​អេ​ឡា​កាលពី​ថ្ងៃទី​៧​មិថុនា​ឆ្នាំ​២០២១