ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ លោក ស៊ុន សុវណ្ណ​រិ​ទ្ធិ អភិបាល នៃ​គណៈ​អភិបាល ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅក្នុង​ពិធី​ប្រជុំ​បូកសរុប​លទ្ធផល យុទ្ធនាការ​ដោះស្រាយ​ទំនាស់ និង​សំណូមពរ របស់​ប្រជាពលរដ្ឋ នៅក្នុង​ខេត្ត កំពង់ឆ្នាំង បាន​ឲ្យ​ដឹងថាៈ នៅក្នុង​រយៈពេល ៣០ ថ្ងៃ នៃ​ខែវិច្ឆិកា​នេះ រដ្ឋបាលខេត្ត កំពង់ឆ្នាំង បាន​ចាត់តាំង​អភិបាលរង​ខេត្ត និង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ទាំងអស់ បាន​ចុះទៅ​ដោះ ស្រាយ​ទំនាស់ និង​សំណូមពរ​នានា របស់​ប្រជាពលរដ្ឋ​នៅ​គ្រប់​បណ្តា ស្រុក​.​ក្រុង ដែលជា​លទ្ធផល បាន​ដោះស្រាយ​បញ្ចប់ បាន​ចំនួន ៥៤៩ រឿង ក្នុងចំណោម​រឿង​សរុប ចំនួន ៧២៣ រឿង ដោយឡែក​រឿង ដែល​នៅសល់​មិនទាន់ ដោះស្រាយ ចំនួន ១៧៤ រឿង​ទៀត ត្រូវ​បន្ត​ដោះស្រាយ​ឱ្យអស់ នៅក្នុង​ខែធ្នូ ឆ្នាំ​២០២១ នេះ​។​

​លោក​អភិបាលខេត្ត បាន​បន្ត​ឲ្យ​ដឹងថាៈ ការដោះស្រាយ​ទំនាស់ និង​សំណូមពរ​របស់ ប្រជាពលរដ្ឋ នៅ​ក្រុង ស្រុក និង​ឃុំ សង្កាត់ ចំនួន ៧២៣ ករណីនេះ មានរឿង​ទំនាស់ ក្នុង​វិស័យ​ដីធ្លី ចំនួន ៣៩៦ ករណី​, សំណើ និង​សំណូមពរ ចំនួន ១៤៥ ករណី​, ទំនាស់​ក្នុង​គ្រួសារ ១៣០ ករណី​, ទំនាស់​ពាក្យសំដី ការបិទផ្លូវ​ប្រឡាយ ជំពាក់​ប្រាក់ និង​មិន​អនុវត្ត​កិច្ចសន្យា​ផ្សេងៗ ចំនួន ២៣ ករណី ។​

​លោក​អភិបាលខេត្ត បានបញ្ជាក់​ថាៈ ការដោះស្រាយ​ទំនាស់ ក្រៅ​ប្រព័ន្ធតុលាការ​នេះ មានគុណ​សម្បត្តិ ដូចខាងក្រោម ដូចជា សំចៃ បានការ​ចំណាយ ការសម្របសម្រួល ដោះស្រាយ​មិន​ចំណាយ​ប្រាក់ ដូច​ការដោះស្រាយ​ទំនាស់ តាម​នីតិវិធីតុលាការ ។

​ការដោះស្រាយ​បាន​លឿន ចំណេញ​ពេលវេលា និង​មាន​ប្រសិទ្ធភាព ភាគី​ទំនាស់ ពុំ​ចាំបាច់​រង់ចាំ​ចៅក្រម ធ្វើ​សវនាការ និង​សម្រេច​លើ​រឿ ង​ក្តី​ឈ្នះ ឬ​ចាញ់​នោះឡើយ លទ្ធផល​នៃ​ការដោះស្រាយ ទទួល​បានការ​ឈ្នះ ឈ្នះ ទាំងអស់គ្នា ។​

​ក្នុងឱកាស​នេះដែរ លោក​បណ្ឌិតសភា​ចា​រ្យ អ៊ុក រ៉ាប៊ុន ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន ខេត្តកំពង់ឆ្នាំង បាន​មានប្រសាសន៍ថាៈ លោក​ឯកភាព​ទាំងស្រុង លើ​របាយការណ៍ របស់លោក​អភិបាលខេត្ត ។​

​លោក​បណ្ឌិតសភា​ចា​រ្យ បាន​បន្តថាៈ យន្តការ​ដោះស្រាយ​ទំនាស់ របស់​ក្រុមការងារ ដែល​បាន​បង្កើតឡើង ជា​យន្តការ​សម្របសម្រួល ក្រុមការងារ​ដោះស្រាយ​ទំនាស់ ជូន​ប្រជាពលរដ្ឋ ជា​យន្តការ​ដោះស្រាយ ទំនាស់​ក្រៅ​ប្រព័ន្ធតុលាការ នៅ​រដ្ឋបាល​ថ្នាក់ ក្រោ ម​ជាតិ ដែលមាន​ស្រាប់ នៅ​ថ្នាក់ឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ និង​ថ្នាក់​ខេត្ត មាន​តួនាទី ភារកិច្ច ចែង​នៅក្នុង​ច្បាប់ លិខិតគតិយុត្ត និង​សេចក្តីណែនាំ ជា​ធរមាន ។ ដូចនេះ យើង​ត្រូវ​ពង្រឹង ជំរុញ​ការអនុវត្ត​ការងារ ក្នុង​រចនាសម្ព័ន្ធ ដែលមាន​ស្រាប់ ជាមួយ​ក្រុមការងារ ដើម្បី​សម្របសម្រួល​ដោះ ស្រាយ​ទំនាស់ និង​សំណូមពរ ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន ឲ្យ​កាន់តែ​សកម្ម​ថែមទៀត ស្របតាម​អនុសាសន៍​ណែនាំ របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕/V​-PC