ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ឧ​ប​នាយ​រដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី ការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន អំពី​ទំនាក់ទំនង​ទ្វេភាគី និង​កិច្ចសហប្រតិបត្តិការ​នៅលើ​វិស័យ​ផ្សេងៗ​។ ជំនួប​នេះ​នឹងធ្វើ​ឡើង​ក្នុង​ដំណើរ​អញ្ជើញ​ទៅ​បំពេញ ទស្សនកិច្ច​ផ្លូវការ​នៅ​ទីក្រុង​ហាង​ចូ​វ ខេត្ត​ជឺ​ជាំ​ង សាធារណរដ្ឋ​ប្រជាមានិត​ចិន​ចាប់ពី​ថ្ងៃទី​៣ ដល់ ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២១ ។

លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស ប្រាក់ សុខុន(ខាងស្តាំ)និង លោក វ៉ាង យីទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​(រូបថតឯកសារ)

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង សហប្រតិបត្តិការ​អន្តរជាតិ​បាន​ឲ្យ​ដឹងថា​តប​តាម​ការអញ្ជើញ របស់លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​លោក ប្រាក់ សុខុន​ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ បំពេញ ទស្សន កិច្ច ផ្លូវការ​នៅ​ទីក្រុង​ហាង​ចូ​វ ខេត្ត​ជឺ​ជាំ​ង សាធារណរដ្ឋ​ប្រជាមានិត​ចិន រយៈពេល​៣​ថ្ងៃ ពីថ្ងៃ​ទី​០៣ ដល់ ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២១ ។​

​ក្រសួងការបរទេស​ក​ម្ពុ​ជា​បាន​បន្តថា ក្នុងឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ នេះ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងមាន​ជំនួប​ទ្វេភាគី ជាមួយ​លោក វ៉ាង យី ដើម្បី​ពិភាក្សា​អំពី​ទំនាក់ទំនង​ទ្វេភាគី និង​កិច្ចសហប្រតិបត្តិការ នៅលើ វិស័យ​ផ្សេងៗ រួម មាន​៖ វិស័យ​ការ​ស្តារឡើងវិញ​ក្រោយ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ សុខាភិបាល កសិកម្ម និង​ការពារជាតិ ក៏ដូចជា​បញ្ហា​តំបន់ និង អន្តរជាតិ​ដែលជា​ចំណាប់អារម្មណ៍ និង​ក្តីបារម្ភ​រួម ។​

​ប្រភព​ដដែល​បាន​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នេះ​នឹង​ពង្រឹង​បន្ថែមទៀត​នូវ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ រវាង​ប្រទេស​ទាំងពីរ ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី​ដ៏​យូរលង់​សាមគ្គីភាព ភាតរភាព និង​កិច្ចសហប្រតិបត្តិការ​ជាក់លាក់ ព្រមទាំង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខណ្ឌ​ពហុភាគី​សម្រាប់​ផលប្រយោជន៍​ទៅវិញទៅមក​របស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ៕