ដោយៈ បូកគោ / កំ​ពតៈ យុវជន​ម្នាក់ បាន​ស្លាប់​នៅនឹងកន្លែង ជាមួយ​ឈាម​ជោកជាំ ពេញមុខ ដោយសារ​បើក​ម៉ូតូ ក្នុង​ល្បឿន​លឿន រួច​ជ្រុល​បុក​ខឿន​ផ្លូវ កាលពី​អធ្រាត្រ ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅលើ​ដងផ្លូវ​ជាតិ​លេខ​៣ ក្បែរ​ផ្សារ​សាមគ្គី ទី​រួម​ខេត្ត ស្ថិត​ក្នុងភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្តកំពត​។​

​មន្ត្រីនគរបាល​ចរាច​រណ៍ នៃ​អធិការដ្ឋាន​ក្រុង​កំពត បាន​ប្រាប់​ឱ្យដឹងថាៈ ជនរងគ្រោះ ដែល​បាន​បាត់​បាត់​ជីវិត ក្នុង​ហេតុការណ៍​នេះ ឈ្មោះ ភួង ភា​រិ​ន អាយុ ២៣ ឆ្នាំ ស្នាក់នៅ​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្តកំពត​។

​សមត្ថកិច្ច បាន​រៀបរាប់ថាៈ កាលពី​វេលា​ម៉ោង ១១ និង​១០​នាទី យប់​ថ្ងៃទី​២៩ ខែវិច្ឆិកា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ត្រង់​ចន្លោះ បង្គោល គីឡូម៉ែត្រ​លេខ ១៤៧-១៤៨ បង្កឡើង​ដោយ​ខ្លួ​ឯង​។ មុន​គ្រោះថ្នាក់​កើតឡើង មាន​យុវជន​ម្នាក់ បាន​ជិះ​ម៉ូតូ​ចេញមក​ពី​ផ្លូវ​បេតុង ក្នុងទិសដៅ​ពី ខាងជើង ទៅខាង​ត្បូង ដោយ​ល្បឿន​យ៉ាង​លឿន​។ លុះ​ឆ្លង​ដល់​ផ្លូវជាតិ​លេខ​៣ ត្រង់ចំណុច​មុខ​ភោជនីយដ្ឋាន មិត្តភាព ម៉ូតូ​ក៏​ជ្រុល​បុក​ខឿន ផ្លូវ​ពេញទំហឹង បណ្តាលឱ្យ​ជនរងគ្រោះ ដួល​បោក​ក្បាល ហូរឈាម ហើយ​ស្លាប់ ភ្លាមៗ​តែម្តង​៕/V​-PC