ដោយៈ ភ្នំ​ស​ន្ធុ​ក -​ប​.​ជ័យ / កំពង់ធំៈ នៅ​ខេត្តកំពង់ធំ មាន​ករណី​កាប់​ទន្ទ្រាន ឈូសឆាយដី ព្រៃ​លិច​ទឹក និង​កាន់កាប់​ដី​ខុសច្បាប់ មាន​ចំនួន ៤០ ករណី លើ​ផ្ទៃដី​ចំនួន ៣.៥៦៦,៥៦១ ហិកតា ដោយ​គិត​ចាប់ពី​ឆ្នាំ ២០១៩ រហូតដល់​ឆ្នាំ ២០២១ ស្ថិតនៅ​ក្នុងស្រុក ចំនួន​៤ ដែលមាន​ភូមិសាស្ត្រ ជាប់​ទំនាប​ព្រៃ​លិច​ទឹក និង​ជាប់​បឹង​ទន្លេសាប គឺ​នៅ​ភូមិសាស្ត្រ ក្រុង​ស្ទឹងសែន មាន ៣ ករណី​, ស្រុក​បារាយណ៍ មាន​ចំនួន ២ ករណី​, ស្រុក​ស្ទោង មាន ៦ ករណី និង​ស្រុក​កំពង់ស្វាយ មាន ១៩ ករណី ។ នេះ​បើតាម​ការ​អោយដឹងពី ប្រធាន​មន្ទីរ ជំនាញ និង​គណៈបញ្ជាការ កងឯកភាព រដ្ឋបាលខេត្ត​កំពង់ធំ ។​

​ប្រភព​ដដែល បានបញ្ជាក់​ថាៈ នៅក្នុង​នោះ នា​ឆ្នាំ​២០២១៩ មាន ១៤ ករណី ស្មើនឹង ៩៤៣,១៦៥ ហិកតា ស្ថិតក្នុង​ស្រុក​ស្ទោង និង​ស្រុក​កំពង់ស្វាយ ។ នា​ឆ្នាំ​២០២០ មាន​ចំនួន ១២​ករណី ស្មើនឹង ១៩០,៥ ហិកតា ស្ថិតនៅ​ក្នុងស្រុក​កំពង់ស្វាយ និង​ស្រុក​បារាយ​ណ៏ និង​នា​ឆ្នាំ​២០២១ មាន​ចំនួន ១៤ ករណី ស្មើនឹង ១២១៣,៣៣៦ ហិកតា ស្ថិតនៅ​ក្នុងស្រុក កំពង់ស្វាយ ស្រុក​ស្ទោង និង​ក្រុង​ស្ទឹងសែន ។​

​សូម​រំលឹកថា កាលពី​រសៀល ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ​២០២១ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក វេ​ង សុខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម នាយ​ឧត្ដមសេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស និង លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ និង​ថ្នាក់ដឹកនាំ ជាច្រើនរូប​ផ្សេងទៀត បាន​ទៅ​ប្រជុំ​នៅ​សាលា ខេត្តកំពង់ធំ​។​

​ស្មារតី​នៃ​កិច្ចប្រជុំ គឺ​ដាក់អោយអនុវត្ត​បទបញ្ជា យ៉ាង​ម៉ឺងម៉ាត់​របស់ សម្ដេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្ដីពី​ការកាប់បំផ្លាញ ព្រៃ​លិច​ទឹក ដែលជា​តំបន់​ស្នូល នៅ​ជុំវិញ​បឹង​ទន្លេសាប​។​

​ទាក់ទង​ទៅនឹង​ករណី ដែលមាន​កើតឡើង នៅក្នុង​ខេត្តកំពង់ធំ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​អំពាវនាវ ឲ្យ​ព្រះរាជអាជ្ញា នៃ​តុលាការ​ខេត្តកំពង់ធំ និង​ចៅក្រម ព​ន្លឿ​ន​នីតិវិធី និង​ឈានទៅដល់ ការកាត់ក្តី​ឲ្យ​បាន​ឆាប់ ដែល​អាចធ្វើ​ទៅបាន ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ នូវ​សំណុំ​រឿងក្តី ដូច​មាន​ករណី​ខាងលើ​។ ព្រោះថា ករណី​ទាំងនេះ គឺ​ត្រូវបាន​មន្ត្រីនគរបាល​យុត្តិធម៌ នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ធំ បាន​កសាង​សំណុំរឿង បញ្ជូនទៅ សាលាដំបូង​ខេត្តកំពង់ធំ រួច​អស់ហើយ ហើយ​អយ្យការ បាន​ចោទប្រកាន់​រួច​បញ្ជូន ហើយ​តម​ក និង​ពេលនេះ សំណុំរឿង នៅបាន​នឹង​កំពុងស្ថិត​ក្នុង​ដៃ​ចៅក្រម​សើ​ប​សួរ ។

​លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​សូមអោយ​អាជ្ញាធរ មន្ត​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​គ្រប់រូប គ្រប់​ជំនាញ បន្ត​ពង្រឹង និង​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស នៃ​ការកាប់​ព្រៃ​លិច​ទឹក និង​ការទន្ទ្រាន​កាន់កាប់ យក​ដី​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប តំបន់​២ តំបន់ ៣ អោយបាន​ដាច់ខាត​៕/V​