​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ពី​អគារ​ខ្ពស់​ជាង​គេ​លើ​ពិភពលោក​រហូត​ដល់​អាង​មុជទឹក​ជ្រៅ​បំផុត អារ៉ាប់​រួម​អេ​មី​រ៉ា​ត ដែល​មាន​អាយុ ៥០​ឆ្នាំ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​មាន​ទម្លាប់​ចូលចិត្ត​​បង្កើត​ឯតទគ្គ​កម្ម​។​

​ខាងក្រោម​នេះ​ជា​ស្នាដៃ​បំបែក​ឯតទគ្គ​កម្ម​ទាំង ៥ របស់​រដ្ឋ​ឈូង​សមុទ្រ​ពែ​ក្ស​ដ៏​មាន​ស្តុកស្តម្ភ​មួយនេះ ៖

– អគារ​ខ្ពស់​ជាងគេ​បំផុត​

​ទីក្រុង​ឌូ​បៃ​គឺ​ជា​ទីក្រុង​ភ្លឺស្វាង​បំផុត​ក្នុងចំណោម​អេ​មី​រ៉ា​ត​ទាំង​ប្រាំពីរ​របស់​អារ៉ាប់​រួម​អេ​មី​រ៉ា​ត ហើយ​សមិទ្ធិផល​ដ៏​ភ្លឺស្វាង​របស់​វា​គឺ​អគារ Burj Khalifa​ដែល​មាន​រាង​ដូច​ម្ជុល​ខ្ពស់​ជាង​គេ​លើ​ពិភពលោក​។​

​អគារ​ខ្ពស់កប់ពពក​កំពស់​៨២៨ ម៉ែត្រ​ដែល​ព័ទ្ធ​ដោយ​កញ្ចក់​និង​ដែក​រលោង​នេះ បាន​បើក​ដំណើរការ​នៅក្នុង​ទីក្រុង​នេះ​ក្នុង​ឆ្នាំ ២០១០ ។​

​ត្រូវ​គេ​ស្គាល់​ថា Burj Dubai មុន​ពេល​សម្ពោធ វា​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ទៅជា Burj Khalifa ជា​កិត្តិយស​ដល់​ប្រធានាធិបតី​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​លោក សេក ខា​លីហ្វា ប៊ីន ហ្សា​យ៉េត អាល់ ណា​យ៉ាន​។​

– កន្ត្រក​វិល​ធំ​បំផុត​

​កន្ត្រក​វិល​ធំ​បំផុត​របស់​ពិភពលោក​ឈ្មោះថា Ain Dubai បាន​បើក​ដំណើរការ​កាលពី​ខែតុលា ឆ្នាំ ២០២១​។​

​មាន​កម្ពស់ ២៥០ ម៉ែត្រ​ពី​ដី​ដល់​កំពូល​របស់​វា កន្ត្រក​វិល Ain Dubai (“​ភ្នែក​ឌូ​បៃ​”) មាន​ទីតាំង​នៅ​លើ​កោះ​សិប្បនិម្មិត Bluewaters ។​

​កន្ត្រក​នីមួយៗ​ក្នុងចំណោម​កន្ត្រក​ទាំង ៤៨ របស់​វា​អាច​ផ្ទុក​មនុស្ស​បាន ៤០ នាក់ ហើយ​វា​ត្រូវ​ចំណាយពេល ៣៨ នាទី​ដើម្បី​វិល​ចប់​មួយ​ជុំ​។​

– ខ្សែ​រ៉​កវែង​បំផុត​

​ឌូ​បៃ​មិនមែន​ជា​អេ​មី​រ៉េត​តែមួយគត់​ដែល​សម្បូរ​រចនាសម្ព័ន្ធ​បំបែក​ឯតទគ្គ​កម្ម​ប៉ុណ្ណោះ​ទេ សូម្បី​ទីក្រុង​រ៉ា​ស​អាល់​ខៃ​ម៉ា ក៏​មាន​ខ្សែ​រ៉ក​វែង​បំផុត​លើ​ពិភពលោក​ផងដែរ​។​

​ខ្សែ​រ៉ក Jebel Jais Flight ដែល​បើក​ដំណើរការ​នៅ​ខែ​មករា ឆ្នាំ ២០១៨ មាន​ប្រវែង ២.៨៣១,៨៨ ម៉ែត្រ​។​

​អ្នកជិះ​ខ្សែ​រ៉ក​នេះ​អាច​ឈាន​ដល់​ល្បឿន ១៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង នៅ​ពេល​ពួកគេ​ជិះ​វា​ឆ្លងកាត់​ជួរ​ភ្នំ​ហា​ចា​។​

– អាង​ហែល​ទឹក​ជ្រៅ​បំផុត​

​ទីក្រុង​ឌូ​បៃបាន​បន្ថែម​ទៅក្នុង​បញ្ជី​ឯតទគ្គ​កម្ម​របស់ខ្លួន​កាលពី​ខែ​មិថុនា នៅពេល​ទីក្រុង​នេះ​បើក​ដំណើរការ​អាង​ហែល​ទឹក​ជ្រៅ​បំផុត​របស់​ពិភពលោក​សម្រាប់​ការ​មុជទឹក​។​

​អាងទឹក​ឈ្មោះ Deep Dive Dubai ជា​កន្លែង​ហែល​ទឹក​ក្នុង​អគារ មាន​ជម្រៅ ៦០ ម៉ែត្រ​។ អ្នក​មុជទឹក​អាច​រុករក​ទីក្រុង​លិចលង់ លេង​អុក និង​រុករក​តាម​រូងភ្នំ​និម្មិត​។​

– រ៉ូលល័​រ​ខូ​ស្ទើ​លឿន​បំផុត

​ទីក្រុង​អា​ប៊ូ​ដា​ប៊ី ដែល​ជា​រដ្ឋធានី​របស់​អារ៉ាប់​រួម​អេ​មី​រ៉ា​ត ក៏​មាន​ចំណែក​នៃ​ឯតទគ្គ​កម្ម​ផងដែរ រួម​មាន​រ៉ូលល័​រ​ខូ​ស្ទើ (Rollercoaster) លឿន​បំផុត​របស់​ពិភពលោក​។​

​រ៉ូលល័​រ​ខូ​ស្ទើ​ឈ្មោះ Formula Rossa ដែល​យក​ស្ទីល​បើកបរ​តាម​រថយន្ត Formula One ក្នុង​ល្បឿន​រហូតដល់ ២៤០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង មាន​ទីតាំង​នៅ​សួន​កម្សាន្ត Ferrari World ហើយ​បាន​បើក​ដំណើរការ​នៅ​ខែ​វិច្ឆិកា ឆ្នាំ ២០១០៕