ដោយៈ អង្គា​រ៍​ហេង / កណ្តាលៈ សមត្ថកិច្ច​នគរបាល ស្រុក​កោះធំ បាន​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ការ​រក្សាទុក ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន អនុវត្តតាម​ដីកា​បង្គាប់ ឱ្យ​ចាប់ខ្លួន​របស់​តុលាការ​។ ការឃាត់ខ្លួន​ជន​ប្រព្រឹត្ត​បទល្មើស គ្រឿងញៀន​នេះ បានធ្វើ​ឡើង នៅវេលា​ម៉ោង​ជិត ៥ ល្ងាច ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១ ស្ថិតនៅ​ត្រង់ចំណុច ផ្លូវលំ ក្នុងភូមិ​ចុង​ខ្សាច់ ឃុំ​ឈើខ្មៅ ស្រុក​កោះធំ ខេត្តកណ្តាល​។​

​ជនសង្ស័យ ឈ្មោះ ម៉េង វ​ឌ្ឍ​នា (​ហៅ វ​ឌ្ឍ​) ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​លំនៅ នៅ​ភូមិ​ចុង​ខ្សាច់ ឃុំ​ឈើខ្មៅ ស្រុក​កោះធំ ខេត្តកណ្តាល មុខរបរ កសិករ​។ ក្រោយ ឃាត់ខ្លួន សមត្ថកិច្ច បាន​ដកហូត​វត្ថុតាង រួមមាន ម្សៅ​ក្រាម​ស​ថ្លា សង្ស័យ​ជា​សារធាតុ ញៀន ម៉ា​ទឹកកក (ice) ចំនួន ១ កញ្ចប់ , ម៉ូតូ​ម៉ាក​ហុងដា វ៉េវ ស៊េរី​ចាស់ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ចំនួន​១​គ្រឿង ។​

​សមត្ថកិច្ច បានបញ្ជាក់​ឱ្យដឹងថាៈ ជនសង្ស័យ​នេះ ចាប់ខ្លួន យោងតាម​ដីកា​បង្គាប់​ឱ្យ ចាប់ខ្លួន ចំនួន ២ ដីកា គឺ​ទី​១-​ដីកា​លេខ​១០១១ ដកប​ចខ ចុះ​នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ ដោយ​លោក​ចៅក្រម​ស៊ើបសួរ ពេ​ជ ម៉ា​រ៉ែ​ន អម​សាលាដំបូង​ខេត្តកណ្តាល​។ ទី​២-​ដីកា​លេខ ៥៨៧ ដក​.​ប​ចខ​/២១ ចុះ​នៅ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២១ ដោយ​លោក ចៅក្រម​ជំនុំជម្រះ ហេង ផល្លា អម​សាលាដំបូង​ខេត្តកណ្តាល ពីបទ​ជួញដូរ ដោយ​ខុស ច្បាប់ នូវ​សារធាតុ​ញៀន ប្រព្រឹត្ត កាលពី​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល​។​

​លុះ​នៅ​រសៀល ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​១៦​ៈ​២៥​នាទី កម្លាំង​ជំនាញ ប្រឆាំង​បទល្មើស​គ្រឿងញៀន ស្រុក​កោះធំ បាន​សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍នគរបាល រដ្ឋបាល​ឈើខ្មៅ បាន​ស្រាវជ្រាវ​ស៊ើបអង្កេត រហូត​ឈានដល់​ការឃាត់ខ្លួន ជនសង្ស័យ នេះ​តែម្តង​។​

​នៅ​ចំពោះមុខ សមត្ថកិច្ច​ជនសង្ស័យ បាន​ឆ្លើយ​សារភាពថាៈ ថ្នាំញៀន​ម៉ា​ទឹកកក មួយកញ្ចប់​នេះ គឺ​រូបគេ ទិញ​ពី​អ្នកលក់​ថ្នាំញៀន​ម្នាក់ ឈ្មោះ ឡា ភេទ​ប្រុស​នៅ​ចំណុច រោង ទុកចោល ស្ថិតនៅ​ក្នុងភូមិ​ព្រែក​ជ្រៃ ឃុំ​ព្រែក​ជ្រៃ ស្រុក​កោះធំ ខេត្តកណ្តាល ដែល​មួយ កញ្ចប់​នេះ តម្លៃ ៨០.០០០ រៀល ដើម្បី​យកមក​ទុក​ប្រើប្រាស់​ជាមួយនឹង មិត្តភក្តិ​៕/V​-PC