ដោយ​: ភ្នំ​ខៀវ / បាត់ដំបង​៖ កម្លាំង​អាវុធហត្ថ បាន​ចុះបង្ក្រាប​ឃាត់ខ្លួន​មនុស្ស ចំនួន ៨ នាក់ ដែលជា​មុខសញ្ញា​ល្មើស​រាន និង​ឈូសឆាយ​ព្រៃ​លិច​ទឹក តំបន់ ៣ ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។​

​លោក​វរសេនីយ៍ត្រី សូ ឌី ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស នៃ​ទីបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​៖ អនុវត្តតាម​អនុសាសន៍ របស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ក្រោម​ការណែនាំ​របស់ ឧ​ត្ត​ម​សេនីយ៍​ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបាត់ដំបង នៅ​ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ កម្លាំង​ជំនាញ បាន​បើក​ការបង្ក្រាប ទប់ស្កាត់​បទល្មើស ជាក់ស្តែង មួយ​ករណី ក្នុងនោះ​ឃាត់ខ្លួន​បាន ជនសង្ស័យ​ចំនួន ៨ នាក់​មកកាន់​ទី បញ្ជាការដ្ឋាន ដើម្បី​សាកសួរ​បន្ថែម​។​

​លោក​អនុសេនីយ៍ឯក ឡាវ វ៉ាន់ នាយការិយាល័យ​ព្រហ្មទណ្ឌ បាន​បញ្ជាក់ថា​៖ ការស្រាវជ្រាវ​បង្ក្រាប​ករណី កាប់ឆ្ការ​គាស់​រាន ឈូសឆាយ​ដីព្រៃ​លិច​ទឹក​នេះ ធ្វើ​នៅវេលា​ម៉ោង ១:២៥ នាទី ថ្ងៃទី ២៩ ខែ​វិ​ច្ឆ​កា ឆ្នាំ ២០២១ ចំណុច​អូរ​កំបុត ស្ថិតក្នុង​ភូមិ​ព្រែក​ឆ្តោ ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។​

​ប្រតិបត្តិការ ខាងលើ កន្លងមក ជំនាញ​ឃាត់ខ្លួន​ជនសង្ស័យ បាន​ចំនួន ៨​នាក់ ក្មេង​ម្នាក់ ដែល​ភាគច្រើន ជា​អ្នក​រស់នៅក្នុង​ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ និង​ម្នាក់ទៀត​មានស្រុក កំណើត នៅ​ខេត្តតាកែវ មក​ស្នាក់នៅ​ក្នុងស្រុក​ឯក​ភ្នំ ដូចគ្នា មុខសញ្ញា​នេះ បានធ្វើ សកម្មភាព ល្មើស​រាន និង​ឈូសឆាយដី តំបន់​ព្រៃ​លិច​ទឹក ជា​កម្មសិទ្ធិ​លើ​ផ្ទៃដី​ទំហំ ៥០ ហិកតា​។​

​វត្ថុតាង​ដែល​កងកម្លាំង​សហការ ដកហូត​បាន រួមមាន​: ត្រា​ត់​ទ័​រ ១ គ្រឿង​, គោយន្ត ១ គ្រឿង​, កាណូត​ស្មាច់​ចំនួន ២ គ្រឿង និង​ម៉ាស៊ីន​កាណូត ១ គ្រឿង​ផងដែរ​។​

​បច្ចុប្បន្ន ជនសង្ស័យ កំពុង​ឃាត់ខ្លួន នៅ​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស ដើម្បី​កសាង សំណុំរឿង តាម​នីតិវិធី​៕/V​-PC