កម្លាំង​អាវុធហត្ថ បាន​ចុះបង្ក្រាប​ឃាត់ខ្លួន​មនុស្ស ចំនួន ៨ នាក់ ដែលជា​មុខសញ្ញា​ល្មើស​រាន និង​ឈូសឆាយ​ព្រៃ​លិច​ទឹក តំបន់ ៣ ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។​ លោក​វរសេនីយ៍ត្រី សូ ឌី ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស នៃ​ទីបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​៖ អនុវត្តតាម​អនុសាសន៍ របស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ក្រោម​ការណែនាំ​របស់ ឧ​ត្ត​ម​សេនីយ៍​ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបាត់ដំបង នៅ​ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ កម្លាំង​ជំនាញ បាន​បើក​ការបង្ក្រាប ទប់ស្កាត់​បទល្មើស ជាក់ស្តែង មួយ​ករណី ក្នុងនោះ​ឃាត់ខ្លួន​បាន ជនសង្ស័យ​ចំនួន ៨ នាក់​មកកាន់​ទី បញ្ជាការដ្ឋាន ដើម្បី​សាកសួរ​បន្ថែម​។​