ដោយៈ​ប​.​ខុន​/ភ្នំពេញៈ​ភ្លៀង​ធ្លាក់​រាយប៉ាយ​លើ​ខេត្ត​ជាច្រើន​នៅ​ខាងកើត​ទន្លេមេគង្គ ខេត្ត​ភាគខាងត្បូង​និង​តំបន់មាត់ សមុទ្រ ម្តង​តិច​ម្តង​ខ្លាំង​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​ដោយសារ​ឥទ្ធិពល​សម្ពាធ​ទាប​មាន​រហូតដល់​រំលងអធ្រាត្រ​ថ្ងៃនេះ​(៣០​វិច្ឆិកា​)​ទើប​រាំង​ទៅវិញ​។​ចូលដល់​ថ្ងៃទី​១​ខែធ្នូ ផ្ទៃមេឃ​ស្រឡះ​ជាមួយ​អាកាសធាតុ​ចុះ​ត្រជាក់​បាន​ដល់​ជា​បន្ត បន្ទាប់​។​

លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​៣០​ខែវិច្ឆិកា​ថា ការធ្លាក់​ភ្លៀង​នៅថ្ងៃនេះ គឺ ដោយសារ​ឥទ្ធិពល​សម្ពាធ​ទាប​អូសបន្លាយ​រហូតដល់​រំលងអធ្រាត្រ​(៣០​វិច្ឆិកា​)​ទើប​រាំង​អស់​ទៅវិញ​។​ភ្លៀង​ម្តង​តិច​ម្តង​ខ្លាំង​ក្នុង​កម្រិត​ពី​តិច​ដល់​បង្គួរ មាន​ចាប់​ពីលើ​ខេត្តកំពង់ឆ្នាំង​ចុះក្រោម​(​ត្បូង​)​រហូតដល់​តំបន់​មាត់សមុទ្រ​។​

អ្នកនាំពាក្យ​ក្រសួង​ជំនាញ​រូបនេះ​បាន​បញ្ជាក់ថា តំបន់​ខាងកើត​ទន្លេមេគង្គ​ចាប់ពី​ក្រោម​រហូតដល់​ភាគ​ឦសាន តំបន់​ទំនាប​ភាគ​ខាងកើត ខាងត្បូង និង តំបន់​មាត់សមុទ្រ មាន​ភ្លៀង​ធ្លាក់​ម្តង​តិច​ម្តង​ច្រើន​រហូតដល់​ពាក់កណ្តាល​យប់​នេះ​។​ឯ​នៅ​តំបន់​មាត់សមុទ្រ​ចាប់ពី​ថ្ងៃទី​០១​ខែវិច្ឆិកា​ទៅ​មិនមាន​ភ្លៀង​ធ្លាក់​មកទៀត​ទេ ផ្ទៃមេឃ​ស្រឡះ មាន​ខ្យល់​ខ្លាំង​បន្តិច​នៅលើ​គោក​។ ថ្ងៃទី​០២​ធ្នូ​អាកាសធាតុ​នៅ​តំបន់​មាត់សមុទ្រ​ខេត្ត​ព្រះសីហនុ ផ្ទៃមេឃ​ស្រឡះ​ល្អ​។​

លោក​ចាន់ យុ​ត្ថា ឱ្យដឹង​ផងដែរ​ថា ព្យុះ​ទី​២១​ឈ្មោះ​Nyatoh ដែល​កំពុងមាន​សកម្ម​ភាព​នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាងកើត​ប្រទេស​ហ្វីលីពីន វា​ដើរ​ត្រឡប់ក្រោយ​ទៅរក​ភាគ​ឦសាន​នៃ​ប្រទេស​ជប៉ុន​គ្មាន​ឥទ្ធិពល​អ្វី​ដល់​សមុទ្រ​ចិន​ខាងត្បូង​ទេ​ហើយ​វា​អាច​នឹង​រលាយ​ទៅវិញ​នៅក្នុង​សមុទ្រ​។​តែ​ព្យុះ​ទី​២២​ដែល​ស្ថិតនៅ​ឆ្ងាយ បន្តិច​ក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក នៅ​ដើមខែ​ក្រោយ​វា​នឹង​ដើរកាត់​លើ​ប្រទេស​ហ្វីលីពីន​ឆ្លង​ចូលមកក្នុង​សមុទ្រ​ចិន​ខាងត្បូង អាច​នឹងមាន​ឥទ្ធិពល​ដល់​កម្ពុជា​។ មន្ត្រី​ជំនាញ​កំពុង​តាម ដាន​ការ វិ​វត្ត​របស់​វា​។​

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​នៅ​ថ្ងៃទី​៣០​ខែវិច្ឆិកា​បាន​ជូនដំណឹង​ស្តីពី​ស្ថានភាព​អាកាសធាតុ​សម្រាប់​ពីថ្ងៃ​ទី​០១​ដល់​ថ្ងៃទី​៧​ខែធ្នូ​ឆ្នាំ​២០២១​ថា ព្រះរាជាណាចក្រ កម្ពុជា​បាន​នឹង​កំពុង​ទទួល​ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន​ដែល​បន្ត​រំកិល​ចុះមក​ក្រោម​(​ត្បូង​)​ជាមួយនឹង​ខ្យល់មូសុង​ឦសាន​បង្កើនល្បឿន​ក្នុង​កម្រិត​ពី​មធ្យម​ទៅ បង្គួរ ។​

​ក្នុង​សេចក្តីជូនដំណឹង​បញ្ជាក់ថា ស្ថានភាព​បែប​ខាងលើ​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព​អប្បបរមា​ពី​១៧​ទៅ​១៩​អង្សា​សេ សីតុណ្ហភាព​អតិបរមា​មាន​ពី​២៦​ទៅ​២៨​អង្សា​សេ ។ អាកាសធាតុ​ត្រជាក់​ចុះ​ដល់​កម្រិត​បង្គួរ​និង​ខ្យល់​ខុសធម្មតា​(​ខ្យល់​រដូវ​)​។​

​សម្រាប់​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក​និង​ខ្ពង់រាប​ឦសាន​មាន​សីតុណ្ហភាព​អប្បបរមា​ពី​១៦​ទៅ​១៨​អង្សា​សេ សីតុណ្ហភាព​អតិបរមា​មាន​ពី​២៦​ទៅ​២៨​អង្សា​សេ ។ នៅ ខេត្តមណ្ឌលគិរី , ខេត្តរតនគិរី , ខេត្តព្រះវិហារ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ សីតុណ្ហភាព​អប្បបរមា អាច​ចុះ​ដល់​រង្វង់​កម្រិត​១៥​អង្សា​សេ​។​
​តំបន់​មាត់សមុទ្រ​មាន សីតុណ្ហភាព​អប្បបរមា​ពី​១៨​ទៅ​២០​អង្សា​សេ សីតុណ្ហភាព​អតិបរមា​មាន​ពី​២៧​ទៅ​២៩​អង្សា​សេ​។​អាកាសធាតុ​ចុះ​ត្រជាក់​បន្តិចបន្តួច​និង​ខ្យល់​ខុសធម្មតា​(​ខ្យល់​រដូវ​)៕​សរន

(រូបថត ក្រសួងធនធានទឹក)