ដោយៈ​សុផល​/​ភ្នំពេញ​៖​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​ជា​ធនាគារពាណិជ្ជ​ទីមួយ​ក្នុងប្រទេស​កម្ពុជា​ដែល​បាន​បោះផ្សាយ​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​នៅ​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា  (​ផ​.​ម​.​ក​) កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ បានប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវអេស៊ីលីដា អ៊ី​សប ដែលជា​មធ្យោបាយ​ទាន់សម័យ​សម្រាប់​ទិញ​-​លក់ទំនិញ និង​ទូទាត់​អន​ឡាញ​តាម អេស៊ីលីដា ម៉ូ​បាល​។​

​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មានប្រសាស ន៍ថា៖​ផ្សារ​អន​ឡាញ​កំពុងមាន​ប្រជាប្រិយ​ភាពខ្លាំង​នៅក្នុង​ពិភពលោក រួមទាំង​ព្រះរាជា​ណា​ចក្រ​កម្ពុជា​។ មូលហេតុ​ចម្បង​ដែល​មនុស្ស​ជាច្រើន​និយម​ទិញ​-​លក់ ទំនិញ និង​សេវ​កម្ម​ផ្សេង​ៗ តាម​ផ្សារ​អន​ឡាញ ដោយសារ​វា​មាន​ភាពងាយស្រួល ចំណេញ​ពេលវេលា ជៀសផុត​ការ​ឆ្លង​មេរោគ ក្នុង​បរិបទ នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។

​លោក​បណ្ឌិត បាន​លើកឡើងថា​៖ ដោយ​មើលឃើញ​ឱកាស និង​សក្តានុពល​ផ្សារ​អន​ឡាញ​នេះ​ធនាគារ​អេស៊ីលីដា​បាន​អភិវឌ្ឍ​និង​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ អេស៊ីលីដា អ៊ី​សប ជា​ផ្សារ​អន​ឡាញ ដើម្បី​ឲ្យ​ដៃគូ​អាជីវកម្ម អាជីវករ និង​អតិថិជន អាច​ទិញ​-​លក់ និង​ទូទាត់​ទំនិញ និង​សេវាកម្ម ផ្សេងៗបាន​យ៉ាង​ឆាប់រហ័សងាយស្រួលចំណេញ​ពេលវេលានិង​មាន​សុវត្ថិ​ភាព​ខ្ពស់​។ ក្នុងនោះ The First Store ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទំនិញ​ដំបូង​គេ​ដែល​បានដាក់​លក់ទំនិញ​រាប់ម៉ឺន​ប្រភេទ នៅលើ​ផ្សារ​អន​ឡាញ អេស៊ីលីដា អ៊ី​សប ។​

​លោក​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​បាន​បន្ថែមថា​៖«​នៅពេល​ខាងមុខ​ធនាគារ​នឹងមាន​ដៃគូ​ជាច្រើន​ទៀតហើយ​នឹងមាន​មុខទំនិញ​រាប់សែន​មុខទំនិញ ដែល​ធានា​គុណភាព ទុកចិត្ត និង​កាន់តែ​ងាយស្រួល​ព្រមទាំង​បង្កើត​ជម្រើស​កាន់តែច្រើន​សម្រាប់​អតិ​ថិ​ជន​»​។​

​លោក ប៊ុន ណា​រ៉ា អ្នកគ្រប់គ្រង​ទូទៅ The First Store បាន​មានប្រសាសន៍ថា​៖​ដោយ បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៣ ផ្តោតលើ​គុណភាព​តម្លៃ និង​សេវាកម្ម ដើម្បី​បំពេញតម្រូវការ​ប្រចាំថ្ងៃ The First Store មាន​ទំនិញ​ប្រហែល​១២០០០​មុខទំនិញ​សម្រាប់​ផ្គត់ផ្គង់​ជូន​អតិថិជន​ទូទាំង​ប្រទេស​។

​លោក​បាន​បន្ថែមថា​៖​ក្នុងសម័យ​បច្ចេកវិទ្យា និង​ក្នុង​បរិបទ​កូ​វីដ​-១៩​នេះ ផងដែរ E Shop ដើរ​តួនាទី​ដ៏​សំខាន់​ក្នុង​វិស័យ​អាជីវកម្ម​។​យើងខ្ញុំ​ក៏មាន​មោទនភាព ជាខ្លាំង ដែល​បាន​សហ​ការ​ជាមួយ ACLEDA E-Shop ដើម្បី​មាន​ភាពងាយស្រួល​ក្នុង​ការបញ្ជាទិញ​។​The First Store រីក​រាយ​បម្រើ​លោកអ្នក​ដោយ​បេះដូង​៕Ph