ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ ប្រធាន​ក្រុមប្រឹក្សា ខណ្ឌទួលគោក លោក ម៉ែន សិរី បាន​ណែនាំ ដល់​មន្ត្រីរដ្ឋបាល​ខណ្ឌ​ទួលគោក និង​សង្កាត់ ទាំង​១០ ចំណុះឱ្យ​រដ្ឋបាល ខណ្ឌ បន្ត​ចូលរួម ទប់ស្កាត់ នូវ​ការរីក​រាលដាល​ជំងឺ កូ​វីដ​-១៩ ខណៈពេល​ជំងឺ​នេះ បាន​បំប្លែង​ខ្លួន កាន់តែ​សាហាវ​ជាង​មុន​។​

​លោក ម៉ែន សិរី បាន​ជំរុញ​បែបនេះ នៅក្នុង​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​៣០ របស់​ក្រុម ប្រឹក្សា ខណ្ឌទួលគោក អាណត្តិ​ទី​៣ នា​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ នៅ​សាលា ខណ្ឌទួលគោក​។​

​លោក ម៉ែន សិរី បាន​មានប្រសាសន៍ថាៈ កូ​វីដ​-១៩ គឺជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ ដែល​បាន ឆ្លង​រាលដាល ពេញ​សកលលោក ក្នុងនោះ កម្ពុជា ក៏​ជា​ប្រទេសមួយ ដែល​ទទួលរង ពី​ការឆ្លង​រីក​រាលដាល ជំងឺ​កូ​វីដ​-១៩ នេះ​ផងដែរ ។ បន្ថែម​ពីលើ​នេះ ទៀត កូ​វីដ​-១៩ បាន​បំប្លែង​ខ្លួន ទៅជា​ដែល​តា ដែល​ជំងឺ​ថ្មី​នេះ បាន​រាលដាល​ខ្លាំង ជាង​មុន ហើយ​ចុងក្រោយ នេះ ជំងឺ​នេះ ក៏បាន​បំប្លែង​ថ្មី​មួយទៀត ដែលមាន​លក្ខណៈ កាច​សាហាវ​ជាង ជំងឺ​កូ​វីដ​-១៩ ថែម​ទៀតផង ។ ដូច្នេះ​ទេ លោក​ស្នើ​ឲ្យ​អាជ្ញា​ធរមាន សមត្ថកិច្ច​ទាំងអស់ ត្រូវតែ​មានការ​ប្រុង ប្រយ័ត្ន​ខ្ពស់ ជាមួយនឹង​ការណែនាំ ប្រជាពលរដ្ឋ ឲ្យ​ចូលរួម​ក្នុងការ​ទប់ស្កាត់ ជំងឺ​ដ៏​កាច​សា ហាវ​នេះ ទាំងអស់គ្នា ដោយ​ត្រូវ អនុវត្ត​ឲ្យ​បាន​នូវ វិធាន​របស់​ក្រសួងសុខាភិបាល ពិសេស គឺ​អនុវត្ត​ឲ្យ​បាន នូវ​វិធានការ ៣​កុំ និង ៣​ការពារ របស់​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី​៕/V​-PC