​ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង បានបង្ហាញ​ការគាំទ្រ ចំពោះ​អង្គការ ហេឡែន ខេ​ល​ល័​រ ដែល​នឹងត្រូវ​អនុវត្ត សាកល្បង គម្រោង​លើកកម្ពស់​សុខភាព និង​អាហារូបត្ថម្ភ នៅតាម​បណ្តា​រោងចក្រ មួយចំនួន ។​

​ការបង្ហាញ​ការគាំទ្រ​របស់ រដ្ឋមន្ត្រីក្រសួង​ការងារ បែបនេះ ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា ការងារ ជាមួយ​លោកស្រី Gwyneth Cotes នាយិកា​ប្រចាំ​ប្រទេស អង្គការ ហេឡែន ខេ​ល​ល័​រ អន្តរជាតិ នា​ទីស្តីការក្រសួង​ការងារ កាលពី​ព្រឹក ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ ដើម្បី​ស្នើសុំ​កិច្ចសហការ ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លើ​ការ សាកល្បង គម្រោង​លើកកម្ពស់​សុខភាព និង​អាហារូបត្ថម្ភ នៅតាម​បណ្តា​រោងចក្រ មួយចំនួន​។

​តាមរយៈ​ការស្នើសុំ​នេះដែរ រដ្ឋមន្ត្រីក្រសួង​ការងារ បានស្នើ​ឲ្យ​មានការ​រៀបចំ​ជា​កិច្ច ព្រមព្រៀង អនុស្សរណៈ​នៃ ការយោគយល់​គ្នា​(MOU) រវាង​ក្រសួង​ការងារ​និង​បណ្តុះ បណ្តាល​វិជ្ជាជីវៈ ជាមួយ​អង្គការ ដើម្បី​ធ្វើ​ឲ្យ​គម្រោង​នេះ អនុវត្ត​ទៅ ទទួលបាន ប្រសិទ្ធភាព និង​ជោគជ័យ​រួម​។​

​ក្នុង​ពិធី​នេះដែរ លោក អ៊ិត សំហេង បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​អង្គការ ហេឡែន ខេ​ល​ល័​រ ដែល​បាន​បានចាប់ផ្តើម ធ្វើ​សកម្មភាព​របស់ខ្លួន តាំងពី​ឆ្នាំ ១៩៩២ មកម្ល៉េះ ពិតជា បានរួម​ចំណែក​ច្រើន ក្នុងការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ចកម្ពុជា​។ គោលនយោបាយ រាជរដ្ឋាភិបាល​កម្ពុជា បានចាត់ទុក អង្គការក្រៅរដ្ឋាភិបាល ជា​ដៃគូ សង្គម​មួយ ដែល​មិនអាច​ខ្វះ​បាន ដែល​ភាពជា​ដៃគូ រវាង​រដ្ឋាភិបាល និង​អង្គការក្រៅរដ្ឋាភិបាល នេះ ពិតជា​ជួយ​ជំរុញ​បន្ថែម ដល់​និរន្ត​ភាព​សកម្មភាព របស់​អង្គការ ត​ទៅមុខទៀត​។​

​លោកស្រី Gwyneth Cotes បានបញ្ជាក់​ថាៈ អង្គការ ហេឡែន ខេ​ល​ល័​រ ជា​អង្គការ មនុស្ស​ធ៌​ម មិនមែន​រដ្ឋាភិបាល ដែល​បាន​កំពុង​អនុវត្ត​កម្មវិធី លើកកម្ពស់​សុខភាព សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ នៅ​កម្ពុជា ដោយមាន​កិច្ចសហការ យ៉ាង​ជិតស្និត ជាមួយ​ក្រុមប្រឹក្សា ស្តារ​អភិវឌ្ឍន៍ វិស័យ​កសិកម្ម និង​ជនបទ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម ក្រសួងផែនការ ក្រសួង​អប់រំ យុវជន និង​កីឡា និង​បណ្តា​ក្រសួង ស្ថាប័ន ពាក់ព័ន្ធ​មួយចំនួនទៀត​។

​បច្ចុប្បន្ននេះ អង្គការ ហេឡែន ខេ​ល​ល័​រ កំពុង​រៀបចំ​ដំណើរការ​សាកល្បង គម្រោង​លើក កម្ពស់​សុខភាព និង​អាហារូបត្ថម្ភ ស្ត្រី និង​កុមារ នៅតាម​បណ្តា​រោងចក្រ មួយចំនួន តាមរយៈ​ការគាំទ្រ​ថវិកា របស់​គម្រោង GIZ-MUSEFO ដើម្បី​រួមចំណែក​លើកកម្ពស់ សុខភាព ផលិតភាព និង​សេដ្ឋកិច្ចកម្ពុជា​។​

​កម្មវិធី​នេះ នឹង​ផ្តោតលើ​ការអប់រំ ដល់​បុគ្គលិក កម្មករ កម្មការិនី អំពី​សារៈសំខាន់ នៃ​សុខភាព និង​អាហារូបត្ថម្ភ ដូចជា សារៈសំខាន់ នៃ​អាហារូបត្ថម្ភ​ក្នុង​ការលើក កម្ពស់​សុខភាព និង​ការពារ​ជំងឺ​ផ្សេងៗ អត្ថប្រយោជន៍ ការបរិភោគ​អាហារ​ចម្រុះ ដែលមាន​សារជាតិ ចិញ្ចឹម​ខ្ពស់ ដើម្បី​សុខភាព និង​ថាមពល​មាំមួន ការថែទាំ​សុខភាព ពេល​លំហែ​មាតុភាព និង​ក្រោយ​សម្រាលកូន ការអប់រំ ស្តីពី​ការចិញ្ចឹម​ទារក និង​កុមារ​តូច ក្នុងកំឡុងពេល​ធ្វើការ ដើម្បី​ឲ្យ​កូន​របស់​ពួកគេ មាន​សុខ​ភាពល្អ និង​ក្លាយជា​ពលរដ្ឋ មាន​សក្តានុពល ប្រកបដោយ ផលិតភាព​ខ្ពស់​ក្នុងការ​លើកស្ទួយ សេដ្ឋកិច្ចជាតិ នាពេល​អនាគត​។​

​នៅក្នុង​ជំនួប​នោះដែរ លោក​រដ្ឋមន្ត្រី លើកឡើង​ពី​ការយកចិត្តទុកដាក់​គិតគូ​ដល់​បងប្អូន កម្មករ និយោជិត ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​កន្លងមក សម្តេច​តេ​ជោ នាយក​រដ្ឋ មន្ត្រី បាន​ចុះទៅ​ឃើញ ស្ថានភាព​បែបនេះ តាម​បណ្តា​រោងចក្រ​ហើយ សម្តេច​តេ​ជោ បានផ្តល់​អនុសាសន៍ ឲ្យ​មានការ​រៀបចំ នៅ​កន្លែងធ្វើការ​ត្រូវមាន អាហា​រដ្ឋា​ន កន្លែង​បំបៅ ដោះ​កូន ជាដើម​។ មួយវិញទៀត ចំពោះ​គម្រោង​នេះ ក៏​ជាការ​ផ្ញើ​សារ​មួយ ទៅកាន់​ទីផ្សារ បញ្ជា​ទិញ អន្តរជាតិ​ធំៗ ផងដែរ អំពី​កិច្ច​គាំពារ លក្ខខណ្ឌ​ការងារ និង​សុខដុម​នីយកម្ម ទំនាក់ទំនង វិជ្ជាជីវៈ នៅ​កម្ពុជា​។​

​លោក​រដ្ឋមន្ត្រី បានបញ្ជាក់​បន្ថែមថាៈ គម្រោង​នេះ គឺ​យើង​ធ្វើ​នៅតាម​រោងចក្រ មិនមែន​អនុវត្ត នៅតាម​សហគមន៍​ទេ ដូច្នេះ​នៅ​ទីតាំង​រោងចក្រ គឺជា​ទីកន្លែង អាជីវកម្ម​មួយ ដែលមាន​ការ គ្រប់គ្រង ពី​និយោជក មាន​ម៉ោង​ធ្វើការ ច្បាស់លាស់ យើង​ត្រូវ​ប្រាកដថា មាន​ទំនាក់ទំនង វិជ្ជាជីវៈ​ល្អ ជាមួយ​អ្នកពាក់ព័ន្ធ ដូច្នេះ​លោក ស្នើ​ឲ្យ​មាន​កិច្ចសហការ​ផ្លូវការ ដោយមាន អនុស្សរណៈ រវាង​អង្គការ ជាមួយ​ក្រសួង ដើម្បី​មាន​សកម្មភាព សម្រាប់​យកទៅអនុវត្ត និង​មាន​គោលដៅ ច្បាស់លាស់ ទទួលបាន​នូវ​លទ្ធផល គាប់ប្រសើរ​ថែមទៀត​៕/V​-PC