ដោយៈ​សុផល​/​ភ្នំពេញៈ​ស្ថានទូត​នៃ​ប្រទេស​បារាំង​ប្រចាំ​កម្ពុជា​បាន​បញ្ជាក់ថា សម្តេចក្រុមព្រះ​នរោត្តម រណ​ឫ​ទិ្ធ គឺជា​អ្នក​ស្រឡាញ់​ចូលចិត្ត​ភាសា​បារាំង និង​ជា​មិត្ត​របស់​ប្រទេស​បារាំង​ដែល​ព្រះអង្គ​ស្គាល់​ច្បាស់ ។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​បារាំង​កាលពី​ថ្ងៃទី​២៩​ខែវិច្ឆិកា​ឆ្នាំ​២០២១​ម្សិលមិញ​បានបញ្ជាក់​ថា​ស្ថានទូត​បារាំង បានទទួល​ដំណឹង​ដ៏​ក្រៀមក្រំ​អំពី​ការយាង​ចូល​ព្រះ​ទិវង្គត​របស់​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ កាលពី​ថ្ងៃអាទិត្យ ទី​២៨ ខែវិច្ឆិកា​ឆ្នាំ​២០២១​នៅ​ទីក្រុង​ប៉ារីស​។​ស្ថានទូត​សូម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​រដ្ឋបុរស​មួយអង្គ​ដែល​បាន​ដើរតួនាទី​សំខាន់​នៅក្នុង ដំណើរការ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដែល​យើង​ទើបបាន​ប្រារព្ធ​ខួប​៣០​ឆ្នាំ​កាលពីពេល​ថ្មីៗ​កន្លងទៅ​។​

​សេចក្តីប្រកាស​បាន​បន្ត​ថា ដោយបាន​បំពេញ​មុខងារ​ខ្ពស់បំផុត​ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី​ទី​១​និង​ក្រោយមកទៀត​ជា ប្រធានរដ្ឋសភាជាតិ និង​ជា​អតីត​ប្រធាន​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច​ដែល​ព្រះអង្គ​បាន​ដឹកនាំ​អស់​រយៈពេល​ជាច្រើន ឆ្នាំ សម្តេចក្រុមព្រះ​គឺជា​តួអង្គ​សំខាន់​មួយ​នៃ​ការវិល​ត្រលប់​នៃ​សន្តិភាព ការស្តារ និង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​។
​សម្តេចក្រុមព្រះ​នរោត្តម​រណ​ឫ​ទិ្ធ​គឺជា​អ្នក​ស្រឡាញ់​ចូលចិត្ត​ភាសា​បារាំង​និង​ជា​មិត្ត​របស់​ប្រទេស​បារាំង​ដែល​ព្រះអង្គ​ស្គាល់​ច្បាស់ ហើយ​ជាពិសេស​ជាទី​ដែល​ព្រះអង្គ​បាន​បង្រៀន​មុខវិជ្ជា​ច្បាប់​នៅ​ក្រុង Aix-en-Provence៕srn