ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ យុវ​សិស្ស ២ នាក់ ម្នាក់​បាន​ស្លាប់ និង​ម្នាក់ទៀត រងរបួស​ធ្ងន់ ដោយសារ​រថយន្ត បុក​ម៉ូតូ យ៉ាង​ពេញទំហឹង នៅពេល​យុវ​សិស្ស ទាំងពីរ ចេញពី​រៀន​គួរ ពេលយប់ ត្រៀមប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ បាក់​ឌុប នាពេល ដ៏​ខ្លី​ខាងមុខនេះ​។​

​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ៧​និង​១៥ នាទី យប់ ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចំណុច​មុខ​ផ្សារ អូរ​អំបិល ហៅ ផ្សារ​ដើម​គរ ស្ថិតនៅ​ភូមិ​-​សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ទោ សួន នី​ប៉ូ នាយរង​ការិយាល័យ នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថាៈ សិស្ស​រងគ្រោះ ឈ្មោះ អោម ឆៃ​លីន ភេទ​ស្រី អាយុ ១៨ ឆ្នាំ ជា​អ្នកបើក​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 1M-0566 បន្ទាយមានជ័យ ស្លាប់ នៅពេល​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក ក្រុង​សិរីសោភ័ណ និង​អ្នករួមដំណើរ ឈ្មោះ ឡា​ម ឡាំ​ផៃ ភេទ​ស្រី អាយុ​១៨​ឆ្នាំ រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូន ទៅ​មន្ទីរពេទ្យ ព ២ ខេត្តបាត់ដំបង​។ ជនរងគ្រោះ ទាំង ២ នាក់ រស់នៅ​ភូមិ​កំពីងពួយ ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយ មានជ័យ ហើយ​បាន មក​ស្នាក់នៅ រៀន​គួរ ថ្នាក់​ទី​១២ នៅ​ក្រុង​សិរីសោភ័ណ ។​

​លោក​បាន​បន្តថាៈ មុនពេល​កើតហេតុ យុវ​សិស្ស​ទាំង ២ នាក់ បាន​ជិះ​ម៉ូតូ មកពី​រៀន​គួរ ដើម្បី​ត្រៀមប្រឡង​ថ្នាក់​ទី​១២ ខាងមុខ ក្នុងទិសដៅ​ពី​ខាងត្បូង ទៅខាង​ជើង ឆ្លងផ្លូវ​ជាតិ ស្របពេលនោះ មាន​រថយន្ត ១​គ្រឿង ម៉ាក​លុច​ស៊ី​ស 330 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ​.2AP-5305 បើកបរ​ក្នុងទិសដៅ​ពី​ខាងកើត ទៅខាង​លិច ក្នុង​ល្បឿន​លឿន ដល់​កន្លែងកើតហេតុ បាន​បុក​ប៉ះ​ម៉ូតូ​របស់​យុវ​សិស្ស កំពុង​ជិះ​ឌុប​គ្នា បណ្តាល​ឲ្យ​អ្នក បើក​ម៉ូតូ ស្លាប់ និង​អ្នករួមដំណើរ រងរបួស​ធ្ងន់​។​

​អ្នកបើករថយន្ត​បង្ក​គ្រោះថ្នាក់​នោះ បាន​បើក​រត់​គេចខ្លួនបាត់ ប៉ុន្តែ​ត្រូវបាន​ប្រជាពលរដ្ឋ នៅ​កន្លែងកើតហេតុ ក្តាប់​ភិនភាគ និង​លេខ​ឡាន​បាន កម្លាំង​នគរបាល​ជំនាញ កំពុង​ស្រាវជ្រាវ ដើម្បី​ចាប់​អ្នកបើកបរ កសាង​សំណុំរឿង តាម​នីតិវិធី​៕/V​-PC