ដោយៈ​សុផល​/ភ្នំពេញ​៖ សមាគម​ឧស្សាហកម្ម​ថ្នាំជក់​កម្ពុជា (​ហៅ​កាត់​ថា​ATIC) នឹង​អនុវត្ត​ការណែនាំ​តាម​សេចក្តីណែនាំ​របស់​រដ្ឋាភិបាល ក្នុងការ​បោះពុម្ពផ្សាយ​សារ ព្រមាន​សុខភាព​រូបភាព​ថ្មី នៅលើ​កញ្ចប់​បារី និង​ចូលរួម​ផ្សព្វផ្សាយ​អំពី​សេចក្តីណែនាំ​នេះ ទៅដល់​អាជីវករ​ទូទាំងប្រទេស​ឲ្យ​បាន​ជ្រួតជ្រាប ជា​កិច្ច​ចូលរួមចំណែក​ពង្រឹង​ការអនុវត្ត​ច្បាប់​គ្រប់គ្រង​ថ្នាំជក់​នៅ​កម្ពុជា​។​

​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល និង​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បាន​តម្រូវ​ឲ្យ​បោះពុម្ព​សារ​ព្រមាន​ជា​ភាសា​ខ្មែរ និង​ជា​រូបភាព​ថ្មី ទំហំ​៥៥% លើ​កញ្ចប់​ផលិតផល​ថ្នាំជក់​។ រូបភាព បង្ហាញ​អំពី​ការជក់បារី​អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​សរសៃឈាម​លើ​ស្បែក និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ ការអនុវត្ត នឹង​ចាប់ផ្តើម​ប្រ​សិ​ទិ្ធ​ភាព​ចាប់ពី​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២១ តទៅ ហើយ​ផលិតផល​ដែល​ស្របច្បាប់ និង​បាន​បង់ពន្ធ គឺ​នៅ​អាច​​លក់​លើ​ទីផ្សារ​បាន​ដូច​ធម្មតា រហូតដល់​អស់ពី​ស្តុក​។​

​ប្រធាន​សមាគម​ឧស្សាហកម្ម​ថ្នាំជក់​កម្ពុជា លោក រ៉​យ ម៉ា​ណា​លី​លី (Roy Manalili) បាន​ថ្លែងថា សមាជិក​របស់​សមាគម ដែលជា​ក្រុមហ៊ុន​ថ្នាំជក់​អន្តរជាតិ ដូចជា ក្រុមហ៊ុន JTI, BAT , ImperialនិងPMI បាន​សហការគ្នា​ផលិត​ផ្ទាំង​អប់រំ​ផ្សព្វផ្សាយអំពី​សេចក្តីណែនាំ​នេះ ហើយ ​ក្រុមការងារ​ផ្នែក​លក់​របស់​សមាជិក បាន​ដើរ​ចែកចាយ​និង​បិត​ផ្សាយ​ផ្ទាំង​អប់រំ​នេះ នៅ​តូប​ជាង ២​ម៉ឺន ទូទាំងប្រទេស​។​

​លោក​បាន​បញ្ជាក់ថា​៖ «​សមាជិក​របស់​យើង បាន​បោះពុម្ពផ្សាយ​សារ​ព្រមាន​សុខ​ភាពជា​ភាសា​ខ្មែរ និង​ជា​រូបភាព នៅលើ​កញ្ចប់​ផលិតផល​របស់​យើង ស្របទៅតាម​សេចក្តីណែនាំ​របស់​រដ្ឋាភិបាល និង​ចេញ​ទៅលើ​ទីផ្សារ​តាម​កាលកំណត់​នៅ​ថ្ងៃទី ១ ខែធ្នូ ឆ្នាំ​២០២១​។ សមា គម​យើង រីករាយ​ក្នុង​អនុវត្ត​និង​គាំទ្រ​អាជ្ញាធរ​អនុវត្ត​ច្បាប់ ក្នុង​ដំណើរការ​លើកកម្ពស់​សុ​ខ​ភាព​សាធារណៈ និង​ពង្រឹង​បរិយាកាស​ប្រកួតប្រជែង​ប្រកបដោយ​ភាពស្មើគ្នា​។​»

​តាម​ការសិក្សា​ស្រាវជ្រាវ​អំពី​ពាណិជ្ជកម្ម​បារី​ខុសច្បាប់​នៅ​កម្ពុជា ធ្វើឡើង​ដោយ​ស្ថាប័ន​អន្តរ ជាតិ​ដែលមាន​ឈ្មោះ​បោះ​សម្លេង​ក្រុមហ៊ុន Kantar (​កាន់​តា​) កាលពី​ចុង​ឆ្នាំមុនបាន​រកឃើញ ថា ផលិតផល​បារី​ក្នុង​ស្តុក​សរុបមាន​ចំនួន​ប្រមាណ​៤,៧​លាន​កញ្ចប់ដែល​ក្នុងនោះ​៣,៤​លាន ​កញ្ចប់ជា​បារី​ស្របច្បាប់និង​១,៣​លាន​កញ្ចប់ជា​បារី​គ្មាន​អនុលោមភាព​សារ​ព្រមាន​សុខភាព  (​ឬ​ស្មើនឹង​២៧%​នៃ​ចំនួន​សរុប​)។តាម​ការវិភាគ​បាន​ប៉ាន់ប្រមាណ​ថាក្នុងចំណោម​ផលិតផល​បារី​មិន​ស្របច្បាប់​ទាំងនោះ មាន​បារី​ខុសច្បាប់​ចំនួន ១៨% ជា​ផលិតផល​ដែល​មិន​បោះពុម្ព​សារ​ព្រមាន​សុខភាព​ជា​ភាសា​ខ្មែរ និង​ជា​រូបភាព និង​តែមប្រិ៍​អាករ​បារី នៅលើ​កញ្ចប់​បារី​។ នេះ​ជា​តួលេខ​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់ ដែល​នាំមក​នូវ​ផលប៉ះពាល់​ជា​អវិជ្ជមាន​ធ្ងន់ធ្ងរ​ដល់​អនុ លោមភាព​នៃ​ច្បាប់និង​បទបញ្ញត្តិ​ជា​ធរមានព្រមទាំង​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល លើ​គោលនយោបាយ​គ្រប់គ្រង​ថ្នាំជក់​នៅ​កម្ពុជា ។

“​យើង​ជឿជាក់ថា សកម្ម​ភាពជា​អាទិភាព​ចំពោះមុខ​របស់​ក្រសួងសុខាភិបាល ដើម្បី​ពង្រឹង និង​អនុវត្ត​បទបញ្ញត្តិ​ជា​ធរមាន លើ​ផលិតផល​ថ្នាំជក់​ដែល​មិនមាន​បោះពុម្ព​សារ​ព្រមាន​សុខ​ភាពជា​ភាសា​ខ្មែរ និង​ជា​រូបភាព ជា​ជំហាន​ចំបង​ជា​សារ​វ័​ន្ត ជាជាង​ការដាក់ចេញ​នូវ​សារ​ព្រមាន​​​សុខភាព​ថ្មី ឬ​ការពង្រីក​ទំហំ​សារ​ព្រមាន​សុខភាព ព្រមទាំង​ធានាបាន​នូវ​ការ​ប្រកួត​ប្រជែង​ដោយស្មោះ​ត្រង់ និង​ស្មើភាព ក្នុងន័យ​គាំទ្រ​ដល់​បរិយាកាស​ធុរកិច្ច​ដោយ​តម្លាភាព ស្របតាម​កំណែទម្រង់ គោលនយោបាយ​ថ្មី​របស់​រាជរដ្ឋាភិបាល​។​” នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក រ៉​យ ម៉ា​ណា​លី​លី ៕Ph