​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ កីឡាករ លី​អូ​នែ​ល ម៉េស​ស៊ី បានឈ្នះ​ពានរង្វាន់​បាល់​មាស (Ballon d’Or) លើក​ទី​ប្រាំពីរ​ក្នុង​អាជីព​របស់​គាត់​។​

​ពិធី​ប្រគល់​ពានរង្វាន់ Ballon d’Or និង​ពានរង្វាន់​ផ្សេងៗ​ទៀត​នៅ​ចុងឆ្នាំ ២០២១ បាន​ធ្វើឡើង​កាលពី​យប់​ថ្ងៃ​ចន្ទ​ទី​២៩​វិច្ឆិកា​នៅ​ទីក្រុង​ប៉ារីស​។​

​ម៉េស​ស៊ីបាន​ចូលរួម​ក្នុង​ពិធី​នេះ​ដោយ​ផ្ទាល់​អមដោយ​ក្រុមគ្រួសារ​របស់​គាត់​។ នៅក្នុង​សុន្ទរកថា​របស់​គាត់ កីឡាករ​បាល់ទាត់​រូបនេះ​បាន​ថ្លែងអំណរគុណ​ដល់​មិត្ត​រួម​ក្រុម​របស់​គាត់​មកពី​ក្លិប Barcelona, PSG និង​អា​ហ្សង់​ទីន​។​

​ម៉េស​ស៊ី​និយាយថា “​ថ្ងៃនេះ​ខ្ញុំ​នៅ​ទី​នេះ​នៅ​ទីក្រុង​ប៉ារីស​។ ខ្ញុំ​ពិតជា​សប្បាយចិត្ត​ខ្លាំងណាស់ ពិតជា​សប្បាយចិត្ត​ខ្លាំង​ណាស់ ខ្ញុំ​ពិតជា​ចង់​បន្ត​ការតស៊ូ និង​ឈាន​ដល់​គោលដៅ​ថ្មី​។ ខ្ញុំ​មិនដឹងថា​នៅសល់​ប៉ុន្មាន​ឆ្នាំ​ទៀត​ទេ ប៉ុន្តែ​ខ្ញុំ​ពិតជា​រីករាយ​នឹង​ខ្លួន​ខ្ញុំ​ខ្លាំង​ណាស់​។ ខ្ញុំ​សូម​អរគុណ​មិត្ត​រួម​ក្រុម​របស់​ខ្ញុំ​នៅ Barça, Paris និង អា​ហ្សង់​ទីន​”​។​

​ខ្សែប្រយុទ្ធ​ជើងចាស់​រូបនេះ​បាន​ថ្លែងអំណរគុណ​ដល់​កីឡាករ​រ៉ូបឺត ឡេ​វ៉ាន់ដូ​វស្គី​សម្រាប់​ការប្រជែង​គ្នា​នេះ ហើយ​បាន​បង្ហាញ​ពី​ទំនុកចិត្ត​ថា​រូបគេ​នឹង​ឈ្នះ​ពានរង្វាន់​សំខាន់​នេះ​កាលពី​ឆ្នាំមុន បើទោះបីជា​ពិធី​ប្រគល់​ពានរង្វាន់​ត្រូវ​បាន​លុបចោល​ដោយសារ​តែ​ជំងឺ​កូវី​ដ​១៩​ក៏ដោយ​។​

​ម៉េស​ស៊ីបា​ននិយាយថា “​ខ្ញុំ​ចង់​និយាយ​ទៅកាន់​រ៉ូបឺត​ថា​វា​ជា​កិត្តិយស​មួយ​ក្នុងការ​ក្លាយជា​គូ​ប្រជែង​របស់​អ្នក ហើយ​គ្រប់គ្នា​នឹង​និយាយ​ថា​អ្នក​សម​នឹង​ឈ្នះ​វា​កាលពី​ឆ្នាំមុន​”​។​

​ពា​ន Ballon d’Or បច្ចុប្បន្ន​បាន​បន្ថែម​ទៅលើ​ពានរង្វាន់​ពីមុនៗ​របស់​ខ្សែប្រយុទ្ធ​រូប​នេះ​ពី​ឆ្នាំ ២០០៩, ២០១០, ២០១១, ២០១២, ២០១៥ និង ២០១៩​។​

​ឆ្នាំនេះ​ពិតជា​មាន​ការលំបាក​ក្នុង​អាជីព​ដ៏​ភ្លឺស្វាង​របស់​ម៉េស​ស៊ី ខណៈ​គាត់​ត្រូវ​បង្ខំចិត្ត​លាគ្នា​ជាមួយ Barcelona ដែល​ជា​ក្លិប​ពេញ​មួយ​ជីវិត​របស់​គាត់ ប៉ុន្តែ​វា​បាន​ឈាន​ដល​ទីបញ្ចប់​ដោយ​គាត់​បានឈ្នះ​ពានរង្វាន់ Ballon d’Or ជា​លើក​ទី​ប្រាំពីរ​នៅ​អាយុ ៣៤ ឆ្នាំ​។​

​កីឡាការិនី​ផូថែល​ឡា ដែល​ស៊ុត​ចូល ២៦ គ្រាប់​ក្នុង ៤៦ ប្រកួត​ឱ្យ Barcelona បានឈ្នះ​ពាន​បាល់​មាស​ផងដែរ​សម្រាប់​ស្ត្រី ក្រោយ​ជួយ​ក្លិប​ឈ្នះ​ពាន​បី​ក្នុង​រដូវ​កាល​តែមួយ​៕

ម៉េស​ស៊ី​ឈ្នះ​ពាន​បាល់​មាស​កាលពី​ថ្ងៃ​ចន្ទ