ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញ ក្រុមការងារ​អន្តរក្រសួង​ដែល​ដឹកនាំ​ដោយ​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ កាលពី​រសៀល​ថ្ងៃទី​២៩​ខែវិច្ឆិកា​ឆ្នាំ​២០២១​ជួបពិភាក្សា​ការងារ ជាមួយ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត ខេត្តកំពង់ធំ និង​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត ។

​យោងតាម​ផេ​ក​ផ្លូវការ​របស់លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​បាន​បញ្ជាក់ថា នៅ​ខេត្តកំពង់ធំ​មាន​ករណី​កាប់​ទន្ទ្រាន ឈូសឆាយ​ដីព្រៃ​លិច​ទឹក និង​កាន់កាប់​ដី​ខុសច្បាប់ មាន​ចំនួន ៤០ ករណី លើ​ផ្ទៃដី​ចំនួន ៣ ៥៦៦,៥៦១ ហិកតា​ចាប់ពី​ឆ្នាំ ២០១៩ រហូតដល់​ឆ្នាំ ២០២១ ស្ថិតនៅក្នុង​ស្រុក​ចំនួន​បួន​៖ ក្រុង​ស្ទឹងសែន មាន បី ករណី​, ស្រុក​បារាយ មាន​ចំនួន ពីរ ករណី​, ស្រុក​ស្ទោង មាន​ប្រាំមួយ ករណី​, និង​ស្រុក​កំពង់ស្វាយ មាន​១៩ ករណី ។​
​ប្រភព​ដដែល​បន្តថា​ក្នុងនេះ​នៅ​ឆ្នាំ​២០១៩ មាន​១៤​ករណី ស្មើនឹង ៩៤៣,១៦៥ ហិកតា ស្ថិតក្នុង​ស្រុក​ស្ទោង និង​ស្រុក​កំពង់ស្វាយ​។​ឆ្នាំ​២០២០ មាន​ចំនួន ១២​ករណី ស្មើនឹង ១៩០,៥ ហិកតា ស្ថិតនៅ​ក្នុងស្រុក​កំពង់ស្វាយ និង​ស្រុក​បារាយណ៍​។​ឆ្នាំ​២០២១ មាន​ចំនួន ១៤​ករណី ស្មើនឹង ១២១៣,៣៣៦ ហិកតា ស្ថិតនៅ​ក្នុងស្រុក កំពង់ស្វាយ ស្រុក​ស្ទោង និង​ក្រុង​ស្ទឹងសែន ។ ករណី​ទាំងអស់នេះ គឺ​ត្រូវបាន​មន្ត្រីនគរបាល​យុត្តិធម៌​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ខេត្តកំពង់ធំ បាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ធំ​រួច​អស់ហើយ ហើយ​កំពុង​ក្នុង​ដៃ​ចៅក្រម​សើ​ប​សួរ ។​

សូមបញ្ជាក់ថា ក្នុងចំណោម ៤០ ករណី គឺមាន​តែមួយ​ករណី​តែប៉ុណ្ណោះ ដែល​បានធ្វើ​ជំនុំ​ជម្រះក្តី ប៉ុន្តែ​មិនទាន់​បានចេញ​សាលក្រម​ជំ​រះ​ក្តី​នៅឡើយ ដែល​អ្នក​ត្រូវបាន​ចោទប្រកាន់​នោះ គឺជា​ព្រះរាជ​អ​ជ្ញា​រង ខេត្តកំពង់ធំ ។ ទាក់ទង​ទៅនឹង​ករណី​ដែលមាន​កើតឡើង​នៅក្នុង​ខេត្ត​នេះ លោក​ជា សុផារ៉ា ប្រធាន​អង្គប្រជុំ បានស្នើ​ឲ្យ​ព្រះរាជអាជ្ញា និង​តុលាការ​ខេត្តកំពង់ធំ​ព​ន្លឿ​ន​និតិ​វិធី និង​ឈានទៅដល់​ការកាត់ក្តី​ឲ្យ​បាន​ឆាប់​ដែល​អាចធ្វើ​ទៅបាន ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ ៕​សរន​