ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា លោក មី​កា​មិ ម៉ាសា​ហី​រ៉ូ និង​លោក នួន ផា​រ័ត្ន អភិបាលរង រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៣០ វិច្ឆិកា នេះ បាន​ចុះ ទៅ​ទស្សនកិច្ច នៅ​ស្ថានីយ៍​ចំណតរថយន្ត​ក្រុង និង​ធ្វើដំណើរ តាម​រថយន្តក្រុង របស់​រដ្ឋាករ ស្វយ័ត ដឹកជញ្ជូន​សាធារណៈ រថយន្តក្រុង City Bus រាជធានី​ភ្នំពេញ ក្នុង​គោលបំណង លើក​កំពស់ ការ​ជិះ​រថយន្តក្រុង តាមរយៈ​ការផ្សព្វផ្សាយ វីដេអូ​ខ្លី PR ដែល​បង្កើតឡើង ដោយ​ស្ថានទូត​ជប៉ុន ប្រចាំ​កម្ពុជា​។​

​គួរ​បញ្ជាក់ថា ដោយសារ​ជំងឺ​រា​ត ត្បា​ត​កូ​វីដ ១៩ ការចុះ​ទស្សនកិច្ច នៅ​ស្ថានីយ៍​ចំណត រថយន្តក្រុង នៅ​រាជធានី​ភ្នំពេញ និង​ការធ្វើដំណើរ តាម​រថយន្តក្រុង ពី​ចំណត​វិទ្យាល័យ ព្រះស៊ីសុវត្ថិ ដល់​ចំណត​រង់ចាំ​រថយន្តក្រុង មុខ​វត្ត​ថា​ន់ លោក​ឯកអគ្គរាជទូត​ជប៉ុន និង​លោក នួន ផា​រ័ត្ន មិនបាន​រៀបចំ​កម្មវិធី​ណាមួយ ឬ​ថ្លែង​សន្ទរកថា​អ្វី​នោះទេ​។​

​ចំពោះ​អ្នក​ដែល​បាន​ចូលរួម ក្នុង​ដំណើរ​ទស្សនកិច្ច តាម​រថយន្តក្រុង​នេះ ទាំង​អ្នក​មកពី ស្ថានទូត​ជប៉ុន សាលា​រាជធានី​ភ្នំពេញ និង​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន រថយន្តក្រុង ត្រូវបាន កំណត់ ដើម្បី​ជៀសវាង​ហា​នី​ភ័យ នៃ​ការឆ្លង​ជំងឺ​កូ​វីដ ១៩​។​

​នាឱកាស​នោះ ក៏មាន​ការធ្វើ​បទ​បង្ហាញ ស្តីពី​អត្ថប្រយោជន៍ នៃ​ការប្រើប្រាស់​ម៉ូតូ អគ្គិសនី E-bike ភ្ជាប់​ជាមួយ សេវា​រថយន្តក្រុង ផងដែរ​។ ចំពោះ​សេវា​ដឹកជញ្ជូន សាធារណៈ រថយន្តក្រុង City Bus នៅ​រាជធានី​ភ្នំពេញ បាន​ចាប់ដំណើរការ​ឡើងវិញ ហើយ​ក្រោយពី ផ្អាក​សកម្មភាព មួយរយៈ ដោយសារតែ​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ -១៩​។ ពេលនេះ សេវា​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង បាន​បើក​ដំណើរ ការឡើង​វិញ ក្រោយពី រាជរដ្ឋាភិបាល បានប្រកាស​បើក​ប្រទេស លើ​គ្រប់​វិស័យ​ជា បន្តបន្ទាប់ ដោយ​ត្រូវ​ប្រកាន់ ខ្ជាប់ វិធានការ​របស់ ក្រសួងសុខាភិបាល បើទោះបីជា ជំងឺ​នេះ បាន​ថយចុះ ករណី​ឆ្លង​ថ្មី នៅ​រាជធានី​ភ្នំពេញ តែ​នៅ​មិនទាន់​អស់​នៅឡើយ ព្រមទាំង​មានការ​បំប្លែង មេរោគ​ថ្មី មក​បន្ថែមទៀត​។​

​ចំពោះ​ការជ្រើសរើស យក​សេវា​ដឹកជញ្ជូន​សាធារណៈ រថយន្តក្រុង បងប្អូន​ប្រជា ពលរដ្ឋ ពិតជា​ទទួលបាន អត្ថប្រយោជន៍​ច្រើន ទាំង​សុវត្ថិភាព ផាសុកភាព​កាត់បន្ថយ ការ​កក ស្ទះ​ចរាចរ​ណ៏ និង​កាត់បន្ថយ​ផ្សែង​ពុល លើក​កំពស់​បរិស្ថាន ក្នុង​ទីក្រុង និង​មាន​តំលៃថោក សំរាប់​ការធ្វើ​ជាទូទៅ ទៀតផង​៕/V​-PC